អំណោយអណ្តូងទឹក និង សម្ភារៈ​ សិក្សា​ត្រូវបានប្រគល់ ដល់​សាលា បឋមសិក្សាស្រែកាច់​

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងទឹកស្អាត កន្លែងលាងដៃអនាម័យ ស្លាកសាលារៀន ព្រមទាំងប្រគល់សៀវភៅសិក្សា ដែលជាអំណោយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ត្រូវបានរៀបចំនិងប្រគល់ជូនដល់សាលាបឋមសិក្សាស្រែកាច់ ស្ថិតនៅក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

ពិធីនេះដែរមានការចូលរួមពីសំណាក់ក្រសួងអប់រំ យុវជននិងកីឡា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ីកាលពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០កន្លងមក។

បញ្ជាក់ក្នុងពិធីនេះលោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ីបានឱ្យដឹងថា អិលអូអិលស៊ី គឺជាស្ថាប័នដែលមានទស្សនៈវិស័យសង្គម ហើយតាមរយៈការជួយកសាងអណ្តូងទឹកស្អាត និងកន្លែងលាងដៃអនាម័យនេះ លោកសង្ឃឹមថា នឹងជួយលើកកម្ពស់សុខមាលភាព អនាម័យ របស់ក្មូយៗដែលកំពុងសិក្សានៅទីនេះ និងជាការលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យចេះថែរក្សាសុខភាព និងខិតខំរៀនសូត្រដើម្បីអនាគតរបស់ពួកគេផងដែរ។

លោកបានបន្តឱ្យដឹងថា “សកម្មភាពមនុស្សធម៌នេះ អិលអូអិលស៊ី តែងតែធ្វើជារៀងរាល់ឆ្នាំ និងមានជាច្រើនកន្លែងនៅទូទាំងប្រទេសចាប់តាំងពី អិលអូអិលស៊ី បង្កើតឡើងមក។ សកម្មភាពមនុស្សធម៌របស់ អិលអូអិលស៊ី គឺមិនត្រឹមតែការសាងសង់អណ្តូងទឹកស្អាត កន្លែងលាងដៃអនាម័យសម្រាប់សាលារៀននោះទេ អិលអូអិលស៊ី ធ្លាប់ធ្វើសកម្មភាពជាច្រើនទៀតដូចជា ការបរិច្ចាគឈាម ដាំកូនឈើ ជួសជុលផ្លូវ ជួសជុលស្ពាន ដាក់លូ សម្អាតសាលារៀន រើសសម្រាម អប់រំអំពីការធ្វើអនាម័យនិងបរិស្ថាន អប់រំអំពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន ព្រមទាំងផ្តល់សៀវភៅ បង់ថ្ម ធុងចម្រោះទឹក ដល់សាលារៀននានានៅតាមទីជនបទផងដែរ។

ក្នុងពិធីនេះដែរ លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានផ្តាំផ្ញើទៅដល់សិស្សានុសិស្សទាំងអស់ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ព្រោះគ្រឿងញៀនវាបំផ្លាញសុខភាព បំផ្លាញអនាគតក្មួយៗ ក៏ដូចជាបំផ្លាញក្រុមគ្រួសារ និងសង្គមជាតិ។

លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវសេចក្តីអំណរ និងរីករាយចំពោះអំណោយដ៏ថ្លៃថ្លានេះ ហើយលោកជំទាវលើកទឹកចិត្តឱ្យក្មួយត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹងធ្វើជាមូលដ្ឋានក្នុងការក៏សាងអនាគត ក៏ដូចជាសង្គមជាតិ ហើយក្មួយមានឱ្យកាសបានចូលរៀននៅថ្ងៃនេះ គឺដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ។

គួរបញ្ជាក់ថាក្នុងពិធីនេះក៏មានការដាំកូនឈើប្រណិតជាច្រើនដើមនៅក្នុងបរិវេណសាលារៀនបឋមសិក្សាស្រែកាច់ ដើម្បីទុកជាប្រយោជន៍ដល់សាលា និងក្មេងៗជំនាន់ក្រោយ៕b/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...

ប្រកាស​មុខតំណែង​អភិបាល អភ...

ដោយៈ ទេព មង្គល / បាត់ដំបង...

​សម្តេច​តេ​ជោ ហ៊ុន សែន សម...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ចាប់ឆ្នោត​លេខ​ឡូ​តិ៍​ក្បា...

ដោយៈ ទេព មង្គល / កោះកុងៈ ...