ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ មន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ចកងកម្លាំងនិងក្រុមការងារជួយសង្គ្រោះនៅស្រុកស្វាយចេកខេត្តបន្ទាយមានជ័យបានបើកយុទ្ធនាការកៀបដំបូលសង្កសីដោយប្រើដែកទីបជ្រុង ដើម្បីចូលរួមបង្ការនិងកាត់បន្ថយហានិភ័យដោយខ្យល់កន្ត្រាក់ជូនបងប្អូនប្រជាពលរដ្ឋ។

លោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេកអោយដឹងកាលពីថ្ងៃទី១៦ខែកុមភៈថា ៖ បើកយុទ្ធនាការលើកទី១ នូវកៀបដំបូលសង្កសីដោយប្រើដែកទីបជ្រុង ដើម្បីចូលរួមបង្ការនិងកាត់បន្ថយហានិភ័យដោយខ្យល់កន្ត្រាក់ជូនបងប្អូនប្រជាពលរដ្ឋនោះ បានធ្វើជូនពលរដ្ឋពិការជើងរស់នៅភូមិភាសត្បូងឃុំសារង្គកាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០ មក។

ហើយពីពេលនេះតទៅទៀត មន្ត្រីនិងក្រុមការងារបន្តសម្រុកធ្វើការងារមនុស្សធម៍នេះទៀត ទៅលើគោលដៅផ្ទះបងប្អូនប្រជាពលរដ្ឋដែលបារម្ភរងគ្រោះឬដែលមិនមាំទាំ អោយអាចធានាបានការទប់ទល់នឹងគ្រោះធម្មជាតិខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ភ្លៀងផ្គររន្ទះដែលតែងកើតឡើងច្រើនរាល់ឆ្នាំនៅតាមភូមិឃុំនានាក្នុងស្រុកនេះក៏ដូចជាទូទាំងខេត្តពីម្តុំខែកុម្ភៈដល់ខែតុលា ។

សូមរំលឹកថា ក្នុងភូមិសាស្ត្រស្រុកស្វាយចេក ក៏ដូចនៅទូទាំងខេត្តបន្ទាយមានជ័យ តែងទទួលរងគ្រោះដោយគ្រោះធម្មជាតិមានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់និងគ្រោះថ្នាក់ដោយមនុស្សឬកត្តាផ្សេងទៀត រាល់ឆ្នាំ ។

កាលពី២០១៩ មានលំនៅឋាន សំណង់នានាជាង៤.០០០ខ្នងបានរងគ្រោះដោយខ្យល់កន្ត្រាក់ ។ មនុស្សជាង១០នាក់បានស្លាប់ និងជាង២០នាក់បានរងរបួសដោយរន្ទះនិងខ្យល់់ ។ វាលសស្រែចម្ការ ដងផ្លូវ លំនៅឋាន ទីធ្លានិងសំណង់ជាច្រើននៅភូមិនៃឃុំ៤៦លើ៦៥ឃុំ /សង្កាត់ របស់ស្រុកក្រុងទាំង៩ របស់ខេត្តបានរងគ្រោះខ្យល់កន្ត្រាក់ ខ្យល់ព្យុះ៕B/