តៃវ៉ាន់​ស្វែងរក​និង​ប្រមូល​ទិន្នន័យ​របស់​អ្នកបើក​តាក់ស៊ី​ដែល​បាន​ស្លាប់​ដើម្បី​តាមដាន​រកមើល​ប្រភព​នៃ​ការឆ្លង​វីរុស​

300
ចែករម្លែក

​ក្រុម​អាជ្ញាធរ​សុខាភិបាល​តៃវ៉ាន់​កំពុង​តាមដាន​និង​រក​មើល​ប្រវត្តិ​ធ្វើដំណើរ កំណត់ត្រា​ទូរស័ព្ទ​និង​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​ស្វែងរក​អ្នកណាខ្លះ​ដែល​បាន​ទាក់ទង​​ជាមួយ​អ្នក​បើក​តាក់ស៊ី​ម្នាក់​ដែល​ត្រូវ​បាន​បញ្ជាក់ថា​បាន​ស្លាប់​លើកដំបូង​នៅលើ​កោះ​នេះ ដោយសារ​វីរុស​Covid-19 ។​

​ជនរងគ្រោះ​នេះ ជា​បុរស​អាយុ​៦០ ឆ្នាំ​មក​ពី​កោះ​តៃវ៉ាន់​ភាគ​កណ្តាល ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​ទី​១៥​ខែ​កុម្ភៈ​។​បុរស​នេះ​មិនបាន​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស កាលពី​ពេល​ថ្មីៗ​នេះ​ទេ ហើយក៏​មិន​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​១៩ នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​វីរុស​នេះ​នៅ​កោះ​តៃវ៉ាន់​ទេ​។ ​នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​តៃវ៉ាន់​។​

​ក្រុម​អាជ្ញាធរ​កំពុង​ព្យាយាម​កំណត់​អត្តសញ្ញាណ​មនុស្ស​គ្រប់​គ្នា​ដែល​បាន​ទាក់ទង​ជាមួយ​អ្នក​បើក​តាក់ស៊ី​នេះ​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​និង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​។​

​ក្រុមមន្ត្រី​កំពុង​ពិនិត្យមើល​កំណត់ហេតុ​ធ្វើ​ដំណើរ​របស់​គាត់​នៅពេល​កំពុង​ធ្វើ​ការកំណត់​ត្រា​ទូរស័ព្ទ​របស់​គាត់ និង​រូបភាព​នៅក្នុង​កាមេរ៉ា​សុវត្ថិភាព​ដែល​បង្ហាញ​​អំពី​អ្នកដំណើរ​ទាំងឡាយ​ដែល​គាត់​បាន​ដឹក​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​តៃប៉ិ​។​

​តៃវ៉ាន់​មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន​២០ ករណី​រហូតមកដល់​ពេលនេះ​។ ការស្លាប់​នេះ​គឺជា​ការស្លាប់​ទី​៥ នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ដីគោក​។ អ្នកស្លាប់​ផ្សេងទៀត គឺ​មាន​នៅ​ប្រទេស​ជប៉ុន ក្រុង​ហុងកុង ប្រទេស​បារាំង និង ហ្វីលីពីន​៕​ប្រែ​សម្រួល​៖​សុខា​/sn

បុគ្គលិក​ពេទ្យ ពិនិត្យមើល​កំដៅ​របស់​ស្ត្រី​ម្នាក់​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់​កាលពី​ថ្ងៃទី​៦​ខែ​កុម្ភៈ ឆ្នាំ​២០២០