អ្នកប្រឆាំង​តវ៉ា​ថៃ​ទាមទារ​អោយ​យោធា​បញ្ឈប់​ការគាំទ្រ​រដ្ឋាភិបាលយោធា​

3321
ចែករម្លែក

​សកម្មជន​គាំទ្រ​ការបោះឆ្នោត​បាន​បង្កើន​យុទ្ធនាការ​របស់គេ​ដោយ​អំពាវនាវ​អោយ​យោធា​ឈប់​គាំទ្រ​របប​យោធា​និង​ដាក់​កាលកំណត់​​សម្រាប់​ក្រុម​ប្រឹក្សាជាតិ​សម្រាប់​សន្តិភាព​និង​សណ្តាប់ធ្នាប់​(​របប​យោធា​ថៃ​)​ចុះ​ចេញពី​តំណែង​។​

​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ជាង​៣០០​នាក់​បាន​ដើរ​ដង្ហែរ​ទៅកាន់​មាត់​ទ្វាររបង​នៃ​បញ្ជាការដ្ឋាន​យោធា​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​អំពាវ​ដូចខាងលើ​។​វា​ជាការ​ប្រឆាំង​តវ៉ា​ធំ​បំផុត​ក្នុងចំណោម​រលក​តវ៉ា​ប្រឆាំង​ថ្មី​មួយ​ប្រឆាំងនឹង​អំពើពុករលួយ​និង​បរាជ័យ​របស់​​រដ្ឋាភិបាល​ក្នុង​ការរៀបចំ​ការបោះឆ្នោត​តាម​ការសន្យា​។​

​ក្រៅពី​ទាមទារ​អោយ​បញ្ឈប់​ការគាំទ្រ​រដ្ឋាភិបាល ពួក​អ្នកប្រឆាំង​តវ៉ា​ក៏​មិន​ចង់អោយ​យោធា​ធ្វើ​រដ្ឋប្រហារ​មួយទៀត​ដែរ ។​

​រ៉ាង​ស៊ី​ម៉ាន រ៉ូ​មេ មេ​ដឹក​នា​ការតវ៉ា​នេះ​ម្នាក់ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បរទេស​ថា​«​យើង​ចង់​អន្តរកាល​អហិង្សា​មួយ​។​វា​ដល់ពេល​​យោធា​និង​សង្គម​ថៃ​ឈប់​គាំទ្រ​របប​យោធា​និង​មក​នៅ​ខាង​ប្រជាជន​»​។​

​ទោះជា​យ៉ាងណា ពួក​ទាហាន​នៅ​បញ្ជាការដ្ឋាន​នេះ​មិនបាន​ឆ្លើយតប​ទេ ខណៈ​ប៉ូលិស​បាន​ព្យាយាម​រារាំង​មិនអោយ​អ្នក​តវ៉ា​ឆ្លងថ្នល់​​ទៅកាន់​ទីតាំង​យោធា តែ​ទីបំផុត​បានអនុញ្ញាត​អោយ​ពួកគេ​ឆ្លងទៅ​កាន់​មាត់ទ្វារ​បញ្ជាការដ្ឋាន​យោធា​។​ពួកគេ​ដុត​ធូប​នៅ​មាត់​ទ្វាររបង​​និង​ស្រែក​ទាមទារ​តាម​ឧបករណ៍​បំពង​សម្លេង​។​

​ពួក​អ្នក​មក​តវ៉ា​នេះ​បាន​និយាយថា ពួកគេ​ចង់អោយ​រដ្ឋាភិបាល​រៀបចំ​ធ្វើការ​បោះឆ្នោត​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ដូច​ខ្លួន​បាន​សន្យា​កាលពី​​ឆ្នាំមុន​។​តែ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា បាន​និយាយថា​ការបោះឆ្នោត​នឹងត្រូវ​ធ្វើឡើង​នៅ​ដើមឆ្នាំ​២០១៩ ជាការ​ពន្យារពេល​ចុង​​ក្រោយ​មួយទៀត ដោយ​កាលពី​ដំបូង​បាន​សន្យា​ធ្វើ​នៅ​ឆ្នាំ​២០១៥ ក្រោយ​យោធា​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០១៤​ភ្លាម​។​

​ពួក​បាតុករ​ខឹង​នឹង​រឿងអាស្រូវ​ពុករលួយ ជាពិសេស​ការស៊ើបអង្កេត​ករណី​នាឡិកា​ប្រណិតៗ​របស់​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការពារ​​ជាតិ ប្រា​វីត វង់​ស៊ូ​វ៉ាន់ ។​កាលពី​ខែ​មុន មាន​ញត្តិ​សាធារណៈ​មួយ​ទាមទារ​អោយ​លោក​ចុះ​ចេញពី​តំណែង​៕​ដោយ​៖​វាសនា​

​បាតុករ​ប្រឈមមុខ​ជាមួយ​ប៉ូលិស​នៅមុខ​បញ្ជាការដ្ឋាន​យោធា​ក្នុង​ក្រុង​បាងកក​កាលពី​ម្សិលមិញ​