
ដោយៈ មុនីរ័ត្ន/ ភ្នំពេញៈ ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះនាវាទេសចរណ៍ដែលមានអ្នកធ្វើដំណើរជាង ២០០០នាក់ ដែលបានមកដល់ទីសុវត្ថិភាពក្នុងទឹកដីកម្ពុជាហើយ បើសាមីប្រទេសគេមិនទទួលទេ គឺកម្ពុជានឹងបន្តមើលថែពួកគេ។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន កាលពីព្រលប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
ផេកដដែលបានសរសេរថានៅក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» កាលពីព្រឹកមិញ ថ្ងៃទី ១៧ ខែកុម្ភៈ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍អំពីជំងឺ COVID-19 (ឈ្មោះផ្លូវការនៃមេរោគកូរ៉ូណាថ្មី) ដែលកំពុងញាំញី និងអង្រួនសភាពការណ៍នៅក្នុងប្រទេសក្នុងតំបន់ និងពិភពលោកឲ្យមានការភ័យតក់ស្លុតរហូតបាត់អស់នូវគុណធម៌ សីលធម៌ មនុស្សធម៌ និងមិត្តភាពល្អជាមួយគ្នា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ជំងឺពិតប្រាកដដែលយើងកំពុងប្រឈមមុខជាក់ស្តែងនាពេលនេះ គឺជាជំងឺភ័យខ្លាចជ្រុល និងអំពើរើសអើងជាតិសាសន៍ជ្រុល រហូតដល់បោះបង់ពលរដ្ឋខ្លួនឯងចោល។ ជាក់ស្តែងដូចជា ករណីនាវាទេសចរណ៍ MS Westerdam ដែលមានអ្នកធ្វើដំណើរចម្រុះជាតិសាសន៍ជាង ២២០០នាក់ ដែលបានបដិសេធដោយប្រទេសនិងកោះចំនួនប្រាំមួយ មិនឲ្យចូលចត ដែលនៅក្នុងនាវាដ៏ធំនេះ ក៏មានពលរដ្ឋអាម៉េរិកជាង ៦០០នាក់ផងដែរ ដែលបានសុំចូលចតនៅកោះ ហ្គាំ(Guam) ដែលជាទឹកដីកោះមួយផ្នែករបស់សហរដ្ឋអាម៉េរិក ក៏មិនត្រូវបានអនុញ្ញាតឲ្យចូលចតដែរ។ តើយ៉ាងម៉េចបានជាសាមីប្រទេស និងសាមីកោះទាំងនោះសម្រេចបែបនេះទៅរួច? ពិភពលោកអាចនឹងបែកបាក់ ហើយតម្លៃមនុស្សនៅត្រង់ណា បើសិទ្ឋិរស់រានមានជីវិតគ្មានផងនោះ?។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចចិត្តរបស់កម្ពុជាក្នុងការទទួលនាវាទេសចរណ៍ MS Westerdam ឲ្យចូលចតនៅក្រុងព្រះសីហនុក្នុងទឹកដីកម្ពុជា គឺជាកាយវិការមនុស្សធម៌ដោយគ្មានការរើសអើងជាតិសាសន៍ ក្នុងការលើកស្ទួយការគោរពសិទ្ធិមនុស្សតាមរយៈការជួយផ្តល់នូវសិទ្ឋិរស់រានមានជីវិតដល់មនុស្សជាតិដែលជាប់គាំងនៅក្នុងនាវាទាំងអស់។ ការសម្រេចចិត្តត្រឹមត្រូវរបស់កម្ពុជា គឺមនុស្សភាគច្រើននៅទូទាំងពិភពលោកបានគាំទ្រនូវកាយវិការមនុស្សធម៌របស់កម្ពុជា ហើយក្នុងនោះក៏មានការគាំទ្រពីអង្គការសុខភាពពិភពលោក (World Health Organization) អង្គការទេសចរណ៍ពិភពលោក ( World Tourism Organization) អង្គការឆ្នេរស្អាតបំផុតពិភពលោក ( The World’s Most Beautiful Bay) និង ពីលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិកផងដែរ។ នៅពេលនេះចំនួនអ្នកទេសចរចម្រុះជាតិសាសន៍ ៥០០ នាក់ក្រោយពីបានត្រួតពិនិត្យសុខភាពថាគ្មានសញ្ញាវិជ្ជមាននៃមេរោគកូវីដ១៩ទេ (កូរ៉ូណា) គឺត្រូវបានផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារសុខាក្នុងរាជធានីភ្នំពេញ។ ច្បាស់ណាស់ បើសាមីប្រទេសគេមិនគិតដល់ពលរដ្ឋគេទេ គឺកម្ពុជានឹងទទួលខុសត្រូវ ព្រោះពេលនេះបានមកទីសុវត្ថិភាពក្នុងប្រទេសយើងហើយ។
សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ច្បាស់ហើយក្នុងពេលអញ្ជើញទទួលអ្នកដំណើរទេសចរទាំងអស់នៅខេត្តព្រះសីហនុថា បើមានអ្នកទេសចរណាម្នាក់ មានឆ្លងឬផ្ទុកមេរោគកូវីដ-១៩ គឺ សម្តេចតេជោអនុញ្ញតឲ្យចូលកម្ពុជាឲ្យបានលឿនមុនគេបំផុត ហើយនាំទៅកន្លែងមានសុវត្ថិភាពដើម្បីផ្តល់ការមើលថែនិងព្យាបាលឲ្យបានទាន់ពេលវេលាដែលអាចធ្វើទៅបាន។ ការធ្វើបែបនេះគឺដើម្បីទប់ស្កាត់មិនឲ្យមេរោគឆ្លងរាលដាលទៅអ្នកដទៃទៀតដូចដែលបានកើតឡើងនៅក្នុងនាវាទេសចរណ៍ Diamond Princess ដែលពេលថ្មីៗនេះគឺទើបសម្រេចយកអ្នកទេសចរចេញពីនាវាដោយសារមានអ្នកឆ្លងមេរោគកូវីដ១៩ ពីម្នាក់ទៅម្នាក់កាន់តែច្រើនឡើងៗរហូតដល់៣៥៦ នាក់។ បើកម្ពុជាមិនទទួលនាវានេះឲ្យចូលចតទេ ម្ល៉េះមកទល់ពេលនេះមិនដឹងជារសាត់អណ្តែតទៅដល់ទីណាទេ ព្រោះស្បៀងអាហារក៏ជិតអស់ រីឯប្រេងក៏ជិតអស់ទៀត។ តើចុងបញ្ចប់នៃជីវិតពួកគេនឹងត្រូវបូជានៅលើកប៉ាល់ ឬបោះទម្លាក់ចោលក្នុងទឹកសមុទ្រ? បើគ្រប់គ្នាបដិសេធមិនទទួលពួកគេឲ្យចូលចត?។ តែកម្ពុជាមិនអាចបិទភ្នែកទុកឲ្យពលរដ្ឋទាំងនោះស្លាប់ទេ ព្រោះកម្ពុជាក៏ធ្លាប់ត្រូវបានគេមើលងាយនិងរើសអើងពីមុន ហើយកម្ពុជាយល់ច្បាស់ណាស់អំពីអារម្មណ៍បែបនេះចំពោះអ្នកទេសចរទាំងអស់នោះ។ យើងទាំងអស់គ្នានិយាយពីសិទ្ធិមនុស្ស តែពេលនេះការរើសអើងគឺមានទំហំធំធេងណាស់ ដែលបង្ហាញច្បាស់ថាជំងឺរើសអើង និងការភ័យខ្លាចជ្រុលហួសហេតុកំពុងនាំទៅដល់ការបំផ្លាញសិទ្ធិមនុស្សពិតប្រាកដ។
សម្តេចតេជោ បានបន្តថា បើតាមគម្រោងដែលបានគិតក្នុងការជួយដល់អ្នកទេសចរទាំងអស់ គឺក្រោយពេលអ្នកទេសចរវគ្គទី១ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងទីក្រុងភ្នំពេញបានចាកចេញពីកម្ពុជាហើយ គឺនឹងដឹកអ្នកដែលកំពុងរង់ចាំនៅក្នុងនាវាទេសចរណ៍ក្នុងខេត្តព្រះសីហនុមកកាន់រាជធានីភ្នំពេញជាបន្តទៀតរហូតដល់អស់។ អ្នកដំណើរទាំងអស់នឹងត្រូវដាក់ឲ្យពិនិត្យសុខភាពយ៉ាងហ្មត់ចត់បំផុត មុននឹងអនុញ្ញាតឲ្យមកស្នាក់នៅតាមសណ្ឋាគារ។ បើទោះបីត្រូវការចតរយៈពេលវែងយ៉ាងណាក្តី ក៏កម្ពុជាផ្តល់ឱកាសឲ្យនាវាទេសចរណ៍នេះបន្តស្នាក់នៅកម្ពុជាដោយមិនគិតពីថ្លៃចត និងថ្លៃសេវាផ្សេងៗនៅក្នុងដែនសមុទ្រកម្ពុជាដែរ។ កម្ពុជាទទួលខុសត្រូវលើកិច្ចការដែលខ្លួនកំពុងធ្វើឲ្យបានហ្មត់ចត់និងល្អបំផុត ហើយបន្តសហការជាមួយអង្គការដៃគូនានា និងសហគមន៍អន្តរជាតិដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកលនេះ។ ទន្ទឹមនឹងនេះដែរ គឺដើម្បីលុបបំបាត់ជំងឺភ័យខ្លាចជ្រុល និងជំងឺរើសអើងជ្រុល ដើម្បីលើកស្ទួយតម្លៃសីលធម៌ គុណធម៌ឡើងវិញ និងដើម្បីសិទ្ឋិរស់រានមានជីវិត និងសេចក្តីសុខរបស់មនុស្សជាតិទូទាំងពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនផងដែរថា ទោះបីនៅប្រទេសណាក៏ដោយ មិនថាតែប្រទេសចិនទេ ប្រសិនបើត្រូវការកម្ពុជា គឺសម្តេចតេជោ នឹងចូលរួមដោយមិនរារែកឡើយ៕សរន/Ha