ដោយ៖ដេប៉ូ/ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថាបើ ទោះបីមានឬគ្មានEBAពីសហភាពអឺរ៉ុបក៏កម្ពុជាបានតាំងចិត្តរួចហើយថាការលើកកម្ពស់លក្ខខណ្ឌការងារ។ការគោរពសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច រយៈពេល២០ឆ្នាំមកនេះ កម្ពុជាមិនដែលងាកចេញពីគោលនយោបាយមួយនេះឡើយ។

ការបញ្ជាក់បែបនេះធ្វើឡើងដោយលោកហេងសួររដ្ឋលេខាធិការនៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផែនការរួមរបស់គម្រោងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា(BFC) ដែលបានរៀបចំឡើងនៅថ្ងៃទី១៧ខែកុម្ភៈនាសណ្ឋាគារកាំបូឌីយ៉ាណា ។
ឆ្លើយតបទៅនឹងមតិរិះគន់មួយចំនួនបន្ទាប់ពីការសម្រេចដកផ្នែកខ្លះនៃEBAដែលសហភាពអឺរ៉ុបទើបតែធ្វើដាក់កម្ពុជានាពេលថ្មីៗមកនោះលោកហេងសួរបានបញ្ជាក់ថា“កម្ពុជាយើងមិនមែនជាប្រទេសដែលអាក្រក់ដូចដែលគេបានចោទនោះទេ។កម្ពុជាតែងតែប្រៀបធៀបខ្លួនឯងជាមួយប្រទេសដទៃផ្សេងទៀត។មានអង្គការអន្តរជាតិខាងការងារ(ILO)គម្រោងBFCនិងម្ចាស់ពាណិជ្ជសញ្ញា(Brand)ទាំងអស់ជាសាក្សីថាកម្ពុជាអនុវត្តបានល្អយ៉ាងណាខ្លះក្នុងរយៈពេល២០ឆ្នាំមកនេះពាក់ព័ន្ធនឹងលក្ខខណ្ឌការងារនិងសេរីភាពរបស់អង្គការវិជ្ជាជីវៈ”។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា«ជនជាតិកម្ពុជាទាមទារយុត្តិធម៌កម្ពុជាមិនចង់បានលើសគេទេប៉ុន្តែសុំឱ្យមានសមភាពក្នុងការសម្រេចចិត្តហើយសូមឱ្យមានសុភវិនិច្ឆ័យនូវអ្វីដែលជាការខិតខំរបស់កម្ពុជា»។ពាក់ព័ន្ធទៅនឹងការសម្រេចដកផ្នែខ្លះនៃEBAរបស់ប្រទេសអឺរ៉ុបលោកហេងសួរបានលើកឡើងថានេះមិនមែនដោយសារកម្ពុជាមិនបានផ្ដល់លក្ខខណ្ឌដល់ការងារកម្មករនិយោជិតឬសិទ្ធសេរីភាពទៅឱ្យអង្គការវិជ្ជាជីវៈនោះទេ។ប៉ុន្តែវាដោយសារបញ្ហានយោបាយដែលប្រទេសមួយចំនួនតម្រូវកម្ពុជាធ្វើតាមគោលនយោបាយការបរទេសរបស់ពួកគេ ដែលជាការអនុវត្តស្ដង់ដាពីរ។

យ៉ាងណាក្តីគេមិនគួរភ្ជាប់លក្ខខណ្ឌការងារទៅនឹងនយោបាយនោះឡើយ។លោកបានបន្តឱ្យដឹងថានាពេលនេះគឺកម្ពុជាបានត្រៀមនូវអ្វីដែលជាកញ្ចប់ឆ្លើយតបទៅនឹងផលប៉ះពាល់ណាមួយដែលប៉ះពាល់ទៅលើវិស័យពាណិជ្ជកម្មកម្ពុជាដោយសារតែការសម្រេចចិត្តដោយអយុត្តិធម៌។

ទោះបីជាមានឬគ្មានEBAរាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តរួចហើយថាការលើកកម្ពស់លក្ខខណ្ឌការងារការគោរពនូវសេរីភាពរបស់កម្មករនិយោជិតវាគឺជាអាទិភាពដូច្នេះបានជាកម្ពុជាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ៕S/


លោកហេងសួររដ្ឋលេខាធិការនៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផែនការរួមរបស់គម្រោងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា(BFC)នៅថ្ងៃទី១៧ខែកុម្ភៈនាសណ្ឋាគារកាំបូឌីយ៉ាណា