អភិ​បាល​រាជធានី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ដែល​ចុះ​ពីលើ​នាវា​Westerdam,​ដើរ​ទស្សនា​ក្នុង​ក្រុងភ្នំពេញ

339
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ភ្ញៀវទេសចរ​លើ​នាវា​Westerdam​ចំនួន​១២០​នាក់​ក្នុងចំណោម​៦២០​នាក់​ដែល​ស្នាក់នៅ​សណ្ឋាគារ​សុខា រ៉េស៊ីដង់​ភ្នំពេញ ខណ្ឌ​ជ្រោយចង្វារ​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០​នេះ​។​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​មន្ត្រីក្រោមឱវាទ​បាន​អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍​និង​បាន​នាំ​ពួកគាត់​ដើរ​ទស្សនា​តំបន់​ទេសចរណ៍​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​។​ក្រោយពី​ពួកគាត់​ចុះ​ពីលើ​នាវា​Westerdam​ក្នុងឱកាស​ដែល​ពួកគាត់​មក​ស្នាក់នៅ​សណ្ឋាគារ​សុខា​រ៉េស៊ីដង់​ភ្នំពេញ ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​នាំ​ជនបរទេស​ដែល​ចុះ​ពី​នាវា​Westerdam​ហើយ​បន្ត​សម្រាក​នៅ​សណ្ឋាគារ​សុខា​រ៉េស៊ីដង់​ភ្នំពេញ​។​ដើម្បី​ទស្សនកិច្ច​តាម​រមណីយ៍ដ្ឋាន​តាម​ដង​ទន្លេ​មុខ​ព្រះបរមរាជវាំង​និង​កន្លែង​ផ្សេងៗ​ទៀត​មុន​ពេលដែល​ត្រឡប់​ទៅកាន់​ប្រទេស​របស់​ពួកគេ​វិញ​។​ការជូន​ជន​បរ​ទស​ធ្វើ​ទស្សនកិច្ច​នេះ​ដើម្បី​ចង់បង្ហាញ​ពី​ភាព​រីកចម្រើន​របស់​រា​ជ​ធានី​ភ្នំពេញ​ផងដែរ​។​


រដ្ឋបាល​រាជធានី​ភ្នំពេញ​តែង​បាន​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ជនបរទេស​ទាំង​៤១​ប្រទេស​ដោយ​កាល​ថ្ងៃទី​១៤​ខែកុម្ភៈ​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ដែល​ជិះ​លើ​នាវា​Westerdam​ប្រមាណ​៥០០​នាក់​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បន្ទាប់ពី​ពួកគេ​ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​នាវា​និង​ធ្វើដំណើរ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។​

​ជនបរទេស​ទាំងនេះ​ត្រូវបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាព​យ៉ាង​ម៉ត​ចត់​ពី​មន្ត្រី​ក្រសួងសុខាភិបាល​ថា​គ្មាន​រោគសញ្ញា​ពាក់ព័ន្ធ​នឹង​វីរុស Covid-19 នោះឡើយ ក្រោយ​ចុះ​កប៉ាល់​ទេសចរ Westerdam ដឹក​មនុស្ស​សរុប​ជាង ២.២០០​នាក់​។ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះ​ហ្គាំ​(​អាមេរិក​) និង​ប្រទេស​ថៃ​បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ​។​ដោយសារតែ​ការព្រួយបារម្ភ​ថា​ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​នៅលើ​នោះ អាចមាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី (Covid-19)​។​

​យោងតាម​បញ្ជី អ្នកដំណើរ​បង្ហាញថា នាវា​ទេសចរ​ខ្នាត​យក្ស​នេះ ផ្ទុក​អ្នក​ទេសចរណ៍​ចំនួន ៤២ ជាតិ​សាសន៍​ក្នុងនោះ​ជនជាតិ​អាមេរិក​ច្រើនជាងគេ​មាន​រហូតដល់​៦៥១​នាក់​ជនជាតិ​កាណាដា​២៧១​នាក់ អង់គ្លេស​១២៧​នាក់ និង​ជាតិ​សាសន៍ ដទៃ ក្នុងនោះ​មាន​ជនជាតិខ្មែរ ដែល​ចូលសញ្ជាតិ​កាណាដា ចំនួន​៥​នាក់​ផងដែរ​។

​គួររំលឹកថា​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អញ្ជើញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ដើម្បី​ជួប​ស្វាគមន៍​ដោយផ្ទាល់​ជាមួយ​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជាង​២​ពាន់​នាក់​នៅលើ​នាវា​ទេសចរណ៍​Westerdam​របស់​សហរដ្ឋអាមេរិក​បន្ទាប់ពី​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​និង​ចាក​ចេញពី​នាវា​ដើម្បី​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ