Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន App...

ក្រុមហ៊ុន Apple ព្រមានថា វីរុសកូរ៉ូណានៅចិននឹងកាត់បន្ថយផលិតកម្មនិងការលក់ iPhone

ក្រុមហ៊ុន Apple Inc បានព្រមានពួកវិនិយោគិនថា ខ្លួននឹងមិនបំពេញតាមការណែនាំហិរញ្ញវត្ថុត្រីមាសទី ២ របស់ខ្លួនបានទេ ព្រោះការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅប្រទេសចិន បានកាត់បន្ថយការផលិតទូរស័ព្ទ iPhone ។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងខូភើទីណូរដ្ឋកាលីហ្វ័រញ៉ាមួយនេះបាននិយាយកាលពីថ្ងៃចន្ទទី១៧កុម្ភៈថា រោងចក្រផលិតទូរស័ព្ទ iPhone របស់ខ្លួនទាំងអស់គឺស្ថិតនៅខាងក្រៅខេត្តហ៊ូប៉ី ដែលជាចំណុចកណ្តាលនៃការផ្ទុះមេរោគ ហើយរោងចក្រទាំងអស់ត្រូវបានបើកដំណើរការឡើងវិញហើយ។ ប៉ុន្តែក្រុមហ៊ុននិយាយថា ផលិតកម្មកំពុងតែបង្កើនឡើងវិញសន្សឹមៗ។

ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សុខភាពនិងសុខុមាលភាពរបស់មនុស្សគ្រប់រូបដែលជួយធ្វើឱ្យផលិតផលទាំងនេះអាចកើតឡើងបានគឺជាអាទិភាពចម្បងរបស់យើង ហើយយើងកំពុងធ្វើការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយអ្នកផ្គត់ផ្គង់និងអ្នកជំនាញសុខភាពសាធារណៈរបស់យើង ខណៈមេរោគនៅបន្តរាលដាល”។

ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 គឺ ១.៧៧០ នាក់គិតត្រឹមថ្ងៃចន្ទទី១៧កុម្ភៈ។

ក្រុមហ៊ុន Apple និយាយថា តម្រូវការសម្រាប់ទូរស័ព្ទ iPhone ក៏ធ្លាក់ចុះនៅក្នុងប្រទេសចិនដែរ ព្រោះមានហាងលក់រាយចំនួន ៤២ របស់ Apple នៅទីនោះត្រូវបានបិទទ្វារឬដំណើរការដោយកាត់បន្ថយម៉ោងលក់។ ប្រទេសចិនគឺជាទីផ្សារលក់រាយធំបំផុតទីបីរបស់ Apple សម្រាប់ទូរស័ព្ទ iPhone បន្ទាប់ពីសហរដ្ឋអាម៉េរិកនិងអឺរ៉ុប។

នៅក្រៅប្រទេសចិន ក្រុមហ៊ុន Apple និយាយថា តម្រូវការ iPhone មានសន្ទុះខ្លាំង ហើយស្របនឹងការរំពឹងទុករបស់ក្រុមហ៊ុន។

កាលពីថ្ងៃទី២៨កុម្ភៈ ក្រុមហ៊ុន Apple និយាយថា ខ្លួនរំពឹងប្រាក់ចំណូលត្រីមាសទី២នឹងមានពីចន្លោះ ៦៣ ពាន់លានដល់ ៦៧ ពាន់លានដុល្លារ។ ត្រីមាសទី២របស់ Apple នឹងបញ្ចប់នៅថ្ងៃទី ៣០ មីនា។

ក្រុមហ៊ុននិយាយថា ស្ថានភាពកំពុងប្រែប្រួល ហើយខ្លួននឹងផ្តល់ព័ត៌មានបន្ថែមលើប្រាក់ចំណេញរបស់ខ្លួនបន្ទាប់ទៀតនៅខែមេសាខាងមុខ៕ ដោយ៖ កញ្ញាដាលីស

បុគ្គលិកពាក់មាស់លក់ iPhone នៅហាងរបស់ខ្លួន ដែលបើកឡើងវិញនៅប៉េកាំងកាលពីថ្ងៃទី១៤កុម្ភៈ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular