ចំនួនមនុស្សស្លាប់ពីការផ្ទុះជំងឺឆ្លងCovid-19នៅមហាចិនដីគោកបានកើនដល់១.៨៦៨នាក់ គិតត្រឹមចុងថ្ងៃចន្ទទី១៧កុម្ភៈ ដោយកើន៩៨នាក់លើសតួលេខកាលពីមួយថ្ងៃមុន។
គណៈកម្មាធិការសុខាភិបាលជាតិចិនបាននិយាយកាលពីថ្ងៃអង្គារទី១៨កុម្ភៈថា ខេត្តហ៊ូប៉ីដែលជាស្នូលនៃការផ្ទុះជំងឺនេះ បានរាយការណ៍ការស្លាប់៩៣នាក់ថ្មី ក្នុងនោះ៧២នាក់នៅក្នុងទីក្រុងវូហាន។នៅទូទាំងប្រទេសចិន មានការឆ្លងថ្មី១.៨៨៦ករណីកាលពីថ្ងៃចន្ទ នាំឲ្យអ្នកឆ្លងសរុបនៅចិនឡើងដល់៧២.៤៣៦នាក់។
ការស្លាប់និងឆ្លងភាគច្រើនបំផុតបានកើតឡើងនៅខេត្តហ៊ូប៉ី និងក្នុងទីក្រុងវូហាន កន្លែងដែលវីរុសឆ្លងនេះត្រូវបានគេរកឃើញដំបូងគេ។
ជុំវិញការប្រយុទ្ធប្រឆាំងនឹងវីរុសនេះដែរ កាលពីថ្ងៃចន្ទ ចិនបានបញ្ជូនពេទ្យយោធាចំនួន៨យន្តហោះ សរុបមានគ្រូពេទ្យ៦៧៦នាក់បន្ថែម បូករួមទាំងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រទៅកាន់ក្រុងវូហាន។
សូមបញ្ជាក់ថា ចាប់តាំងពីការផ្ទុះជំងឺCOVID-19 មក កងទ័ពរំដោះប្រជាជនចិនបានបញ្ជូនគ្រូពេទ្យចំនួន៣០យន្តហោះទៅកាន់ខេត្តហ៊ូប៉ីក្នុងបេសកកម្មដឹកជញ្ជូនទ្រង់ទ្រាយធំរបស់ខ្លួន៕ប្រែសម្រួល៖វាសនា/Ha
កងទ័ពចិនបញ្ជូនពេទ្យយោធាបន្ថែមទៅកាន់ទីក្រុងវូហាន