ដោយ: ប.ជ័យ / បន្ទាយមានជ័យ: រថយន្ត Lexus 570 ស៊េរីទំនើប១គ្រឿង បានបុកចូលផ្ទះអ្នកស្រុក បង្ករបួសស្ត្រីម្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០។

ពលរដ្ឋនៅកន្លែងគ្រោះថ្នាក់ និងសមត្ថកិច្ចនគរបាលបានមើលស្គាល់ថា ជនបង្កនោះគឺលោក ពិន សាវឿត ជាម្ចាស់ និងជាអ្នកបើកបររថយន្តទំនើប រថយន្តម៉ាកតូយ៉ូតា Lexus 570 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AA 8009។
លោក ពិន សាវឿត ជាអ្នកមានទ្រព្យសម្បត្តិម្នាក់ ហើយឧស្សាហ៍ធ្វើបុណ្យទានផង តែក៏មានបញ្ហាទំនាស់ដីធ្លីជាមួយអ្នកដទៃផង។ ក្នុងរូបភាពវីដេអូឃ្លីប គេបានឃើញលោកចុះពីកាន់ចង្កូតរថយន្តក្នុងសភាពទ្រេតទ្រោត ហើយអ្នកស្រុកចោមរោម ហើយស្រែកឲ្យលោកទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះ ដែលក្នុងនោះបណ្តាលឲ្យរងរបួសស្ត្រីម្នាក់ និងខូចខាតផ្ទះសម្បែងពលរដ្ឋនៅទីគ្រោះថ្នាក់។
រថយន្តទំនើបរបស់លោកក៏ខូចខាតច្រើនដែរ។ ប៉ុន្តែសមត្ថកិច្ចថា អ្នកបើកបររូបនេះពុំបានស្រវឹងនោះទេ។ នគរបាលចរាចរបានចុះទៅពិនិត្យ ចាត់ការហើយនាំជនរងគ្រោះទៅមន្ទីរពេទ្យ និងអូសរថយន្តទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយតាមក្រោយ៕ ល/Ha