ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» កាលពីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបញ្ជាឲ្យក្រសួងស្ថាប័ន ពាក់ព័ន្ធ ចាត់វិធានការលើវីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយតាមវេបសាយ ព្រមទាំងចាត់វិធានការលើអ្នកឡាយ(Live) លក់ផលិតផលតាមអនឡាញ ដែលស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម។
ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងមហាផ្ទៃធ្វើការងារ ក្នុងបទល្មើសបច្ចេកវិទ្យា ដើម្បីពិនិត្យមើលនិងចាត់វិធានការលើវីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន ព្រោះនេះពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយកម្ពុជា ក៏គ្មានច្បាប់ឲ្យធ្វើបែបនោះឡើយ។
ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបានព្រមានចាត់វិធានការលើអ្នកដែល ផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម ហើយធ្វើការផ្សព្វផ្សាយឡាយលក់ផលិតផលរបស់ខ្លួន លើបណ្តាញសង្គមផ្សេងៗ ដែលនេះក៏ជាការប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ។
នៅពេលសម័យបច្ចេកវិទ្យាទំនើបនាប៉ុន្មានឆ្នាំចុងក្រោយនេះ នៅកម្ពុជាយើងក្រៅពីប្រើប្រាស់ទូរស័ព្ទអាចនិយាយឆ្លងឆ្លើយគ្នា ក៏មានប្រព័ន្ធអ៊ីនធឺណិតដែលអាចឆែកស្វែងរកអ្វីក៏បានតាមចិត្ត។ ក្រោយមក អ្នកមានកុំព្យួទ័រ អាចប្រើប្រាស់អ៊ីម៉ែល ទាក់ទងគ្នា ជំនួសសារជាសំបុត្រ និងសំឡេងតាមទូរស័ព្ទ។
ចុងក្រោយនេះ ប្រព័ន្ធទំនាក់ទំនងសង្គមកើតឡើង ពិសេសហ្វេសប៊ុកក៏អាចទាក់ទងរហូតដល់ខលវិដេអូ ឃើញគ្នាទៅវិញទៅមក។ ដោយសារតែបច្ចេកវិទ្យាទំនើបនេះហើយបានជាយុវជនមួយចំនួន ភ្លើតភ្លើនជ្រុល ធ្វើតាមសម្រើប តាមចិត្តចង់នៃតណ្ហា រហូតដល់ថតរូប ថតវីដេអូអាក្រាត អាសអាភាស ផ្ញើឲ្យដៃគូស្នេហា តាមសារហ្វេសប៊ុក ឬក៏សារតាមប្រព័ន្ធសង្គមផ្សេងទៀត ដូចជា Skype ឬ តេឡេក្រាម ជាដើម។
កន្លងមកក៏មានក្រុមយុវវ័យខ្លះ រហូតដល់ស្រឡាញ់គ្នាស្លុងចិត្ត ក៏ថតវិដេអូ នៅពេលរួមភេទ ឬក៏ខាងប្រុសថតរូបអាក្រាតរបស់ខាងស្រី ជាដើម។ នៅពេលមានបញ្ហា ឈ្លោះគ្នា ខាងប្រុសបានគំរាម និងរហូតដល់បង្ហោះរូបអាសអាភាសទាំងនោះតាមបណ្តាញសង្គម ក៏មាន។ បើមិនដូច្នេះទេ នៅពេលទូរស័ព្ទខូច ឬបាត់ក៏ស្រាប់តែរូបអាសអាភាសទាំងនោះត្រូវបែកធ្លាយតាមបណ្តាញសង្គម ឬក៏នៅលើវេបសាយអាសអាភាស។
ទាំងនេះ គឺជាចំណង់ដ៏គ្រោះថ្នាក់ ដែលយុវវ័យយើងត្រូវជៀសវាង ព្រោះថាសប្បាយមួយភ្លែត បែរជានាំទុក្ខអស់មួយជីវិត នៅពេលរូបភាពអាសអាភាសទាំងនោះ ត្រូវបានផ្សព្វផ្សាយ បែកធ្លាយដោយចេតនា ឬអចេតនា តាមបណ្តាញសង្គម។
រឿងមួយទៀត ក៏មិនខុសពីរូបអាសអាភាសប៉ុន្មានទេ។ ក្រុមស្ត្រីមួយចំនួនតូចដែលប្រកបរបរ លក់ផលិតផលអនឡាញ ដោយផ្សាយផ្ទាល់តាមហ្វេសប៊ុក ជាពិសេសអ្នកលក់ខោអាវក្នុង ឬខោអាវទ្រនាប់សម្រាប់ស្ត្រី ក៏ដូចជា អ្នកលក់ឡេ លាបពង្រីកសុដន់ ជាដើម គឺមុខរបរ និងមុខអ្នកលក់អនឡាញទាំងនេះ កើតឡើងយូរឆ្នាំមកហើយនៅកម្ពុជាយើង។
អ្នកទាំងនោះ ដើម្បីតែលុយ សុខចិត្តស្លៀកឈុតក្នុង ថត live តាមហ្វេសប៊ុក។ បើអ្នកលក់ឡេ វិញ ក្រៅពីបង្ហាញសាច់សខ្ចី ក៏នៅមានអាម៉ាកលក់ឡេពង្រីកសុដន់ ដោយផ្សាយ Live លាបឡេលើសុដន់ ដែលបិទតែក្បាលដោះ ក៏មានដែរ។
បើលក់អី បង្ហាញហ្នឹងដូច្នេះ ចុះបើអ្នកលក់ថ្នាំប៉ូវលិង្គ ឬក៏ឧបករណ៍សិប្បនិមិ្មតរបស់បុរសៗ តើស្ត្រីអ្នកលក់តាមអនឡាញទាំងនោះ ឱ្យគេសាកដែរ ឬយ៉ាងណា?
យ៉ាងណាក៏ដោយចុះ ទាំងនេះ ជាមុខរបររបស់គេ ក៏ប៉ុន្តែមុខរបរនេះក៏ទទួលរងការរិះគន់មិនតិចទេពីសង្គម។ ដូច្នេះគួរតែស្ត្រីមួយចំនួនតូច ដែលភ្លេចខ្លួន រហូតដល់ Live លក់ផលិតផល ដោយស្លៀកពាក់បែបស៊ិចស៊ី ជ្រុលនិយម ដូចពេលកន្លងមកនេះ គួរតែរកវិធីលក់ផ្សេង ហើយកុំឲ្យជ្រុលពេក ព្រោះថា ពេលនេះ ប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាឲ្យក្រសួងជំនាញចាត់វិធានការហើយ។
ម្យ៉ាងទៀតវិញ ក្រសួងជំនាញ ក៏គួរតែមានវិធានការអប់រំ ណែនាំផង កុំចាំតែដល់នាយ រដ្ឋមន្ត្រីដាក់បញ្ជា ទើបកម្រើកសរសៃ។ សូមមន្ត្រីជំនាញ អនុវត្តមុខងារ តួនាទី ភារកិច្ចតាមក្រសួង មន្ទីរជំនាញ ដែលច្បាប់បានកំណត់។ បើថា ធ្វើទៅប៉ះខ្សែអ្នកធំណាក៏ហ៊ានប្រឈម ព្រោះថា បើមន្ត្រីជំនាញនោះ ត្រូវគេដកតំណែង ដោយសារតែអនុវត្តតួនាទីភារកិច្ចក៏សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឱបដៃឱ្យគេធ្វើបាបមន្ត្រីបម្រើរាស្ត្រនោះឡើយ។
ដូចគ្នានេះដែរ ក្រសួងស្ថាប័នជំនាញយើង ក៏គួរតែចាត់វិធានការលើក្រុមអ្នករកស៊ីផ្លូវភេទ ពិសេសស្ត្រីប្រកាសលក់ខ្លួនជាចំហរតាមអនឡាញផងដែរ។ សូមកុំរង់ចាំរហូតដល់សម្តេចតេជោ មានប្រតិកម្ម ដាក់បទបញ្ជា ទើបនាំគ្នាចាត់ការ។
សរុបមក ស្ត្រីខ្មែរយើង អ្នកនិយមលេងតាមបណ្តាញសង្គម គួរតែឈប់ថតវិដេអូអាសអាភាស បង្ហោះតាមបណ្តាញសង្គម ឬក៏ផ្ញើឱ្យដៃគូស្នេហាមើលតទៅទៀត ព្រោះវាគ្រោះថ្នាក់ណាស់ ដោយនៅពេលបែកធ្លាយ ពិតជាមិនត្រឹមតែប៉ះពាល់យ៉ាងខ្លាំងដល់កិត្តយស និងសីលធម៌ របស់ស្ត្រីខ្មែរជាទូទៅទេ ប៉ុន្មានកិត្តិយស សេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួន និងក្រុមគ្រួសារក៏មិនដឹងយកមុខទៅទុកនៅឯណាទេ។
ជាមួយគ្នានោះ អ្នកដែលផ្សព្វផ្សាយ លក់ផលិតផលតាមអនឡាញមួយចំនួនដែលមាន ការស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម ហើយធ្វើការផ្សព្វផ្សាយ Live លក់ផលិតផលរបស់ខ្លួន ក៏ត្រូវតែឈប់ជាបន្ទាន់។ បើមិនដូច្នេះទេ អាជ្ញាធរសមត្ថកិច្ច នឹងអនុវត្តតាមច្បាប់ ដែលចំពោះមុខអាចប្រើវិធានការអប់រំ និងបិទហ្វេសប៊ុកនោះ។ តែបើនៅតែមិនរាងចាលគឺអាចនឹងត្រូវ អនុវត្តវិធានការផ្តន្ទាទោសតាមច្បាប់ជាធរមាន ជាក់ជាមិនខាន។ ខ្វះអីមុខរបរហើយបើលក់តែតាមធម្មតា ក៏មានអ្នកទិញដែរ ឲ្យតែផលិតផលរបស់របរល្អ និងតម្លៃសមរម្យ៕ ដោយ: ម៉េងឆៃ/Ha