កីឡាកររបស់ក្លិបម៉េនឆេស្ទ័រ ស៊ីធីត្រូវបានបង្គាប់ឲ្យចូលរួមប្រជុំកាលពីថ្ងៃសៅរ៍ជាមួយ នាយកប្រតិបត្តិក្លិបដើម្បីពិភាក្សាពីវិបត្តិ បន្ទាប់ពីមានព័ត៌មានស្តីពីបម្រាមមិនឲ្យលេងនៅក្របខ័ណ្ឌបាល់ទាត់កំពូលឆេមពានលីក។
មានការប្រកាសកាលពីថ្ងៃសុក្រថា ក្លិបស៊ីធីនឹងត្រូវហាមមិនឲ្យចូលរួមការប្រកួត ប្រជែងនៅ ក្របខ័ណ្ឌអឺរ៉ុបសម្រាប់ពីររដូវកាលចុងក្រោយដោយសារការរំលោភច្បាប់ចំណាយហិរញ្ញវត្ថុ ប្រកបដោយយុត្តិធម៌ (Financial Fair Play) របស់ UEFA ។
កាសែត តេឡេក្រាហ្វ(Telegraph )បានរាយការណ៍ថា តែប៉ុន្មានម៉ោងក្រោយពីមានព័ត៌មាននេះ មន្ត្រីក្លិបស៊ីធីបានទាក់ទងទៅកីឡាករ ហើយកោះហៅពួកគេឲ្យមកចូលរួមប្រជុំបន្ទាន់ ជាមួយនាយកប្រតិបត្តិលោក ហ្វឺរ៉ាន សូរីយ៉ាណូ (Ferran Soriano) ។
មានការផ្ញើសារឆ្លើយឆ្លងគ្នាតែប៉ុន្មានម៉ោង បន្ទាប់ពីត្រូវបានប្រកាសដោយស្នើក្រុមកីឡាករចូលរួមប្រជុំនៅថ្ងៃសៅរ៍។
គេជឿថា ស៊ីធីចង់ប្រមូលផ្តុំកីឡាករ ដើម្បីឲ្យលោក សារីយ៉ាណូ អាចពិភាក្សាពីផែនការរបស់ក្លិប បន្ទាប់ពីមានការផ្សព្វផ្សាយទៅទាំងវិស័យបាល់ទាត់ហើយធ្វើឲ្យមានសំណួរជុំវិញអនាគតរបស់កីឡាករនិងអ្នកចាត់ការ។
ស្ថាប័ន UEFA បានរកឃើញថា ក្លិបជើងឯកនៅក្របខ័ណ្ឌ Premier League នេះបានរំលោភលក្ខន្តិកៈរបស់ UEFA បន្ទាប់ពីរកឃើញកំហុសបំបផ្លើសប្រាក់ចំណូលបានមកពីការឧបត្ថម្ភ។ UEFA ក៏បានអះអាងផងដែរថាស៊ីធីខកខានមិនបានសហការក្នុងការស៊ើបអង្កេតលើបញ្ហានេះ ហើយត្រូវពិន័យ២៥លានផោនផងដែរ៕ ប្រែសម្រួល: ពិសិដ្ឋ
