ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយគោយន្តកន្ត្រៃដឹកឈើនៅលើផ្លូវលំត្រង់ចំណុចភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៧ខែកម្ភៈឆ្នាំ២០២០ បណ្តាលឲ្យស្លាប់មនុស្សម្នាក់។

នគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់មានឈ្មោះ ឃីម ឃឿន អាយុ២០ឆ្នាំ រស់នៅភូមិថ្មីឃុំតាំងសំរោង ស្រុកភ្នំស្រួច ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥សេរី២០១៧ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1K 9365 បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកគោយន្តកន្ត្រៃដឹកឈើដុលមួយគ្រឿងម៉ាកគូប៊ូតា ពណ៌ក្រហម បើកបរពីលិចទៅកើតអ្នកបើកបរមិនស្គាល់អត្តសញ្ញាណពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង។

ប្រភពបានបន្តថា អ្នកបើកបរគោយន្តកន្ត្រៃដឹកឈើដុលពេលបុករួចរត់គេចខ្លួនបាត់។ សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងម៉ូតូនិងគោយន្ត បានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងសំរោង រង់ចាំដោះស្រាយនៅពេលក្រោយ៕ ល/Ha