ក្រសួងសុខាភិបាលថៃ បានណែនាំពលរដ្ឋថៃណាដែលមានផែនការទៅសិង្ហបុរី និងជប៉ុនគួរពន្យារពេលដំណើររបស់គេ ដោយសារតែកំណើនអ្នកឆ្លងកូរ៉ូណាវីរុសនៅក្នុងប្រទេសទាំងពីរ។
លេខាអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាល វេជ្ជបណ្ឌិតស៊ូខុម កាន់ចាណាភីម៉ា បាននិយាយថា ការផ្ទុះជម្ងឺនៅក្នុងប្រទេសទាំងពីរបានឈានដល់ដំណាក់កាលទី៣ នៅពេលដែលប្រជាជនក្នុងស្រុកមិនមានប្រវត្តិជួបជនជាតិចិន តែបែរជាឆ្លងវីរុសដែរ។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃអង្គារទី១៨កុម្ភៈនេះ ចំនួនអ្នកឆ្លងកូរ៉ូណាវីរុសនៅថៃមានចំនួន៣៥នាក់ បន្ទាប់ពីជនជាតិចិនម្នាក់ត្រូវបានរកឃើញវីរុស។
វេជ្ជបណ្ឌិតស៊ូខុម កាន់ចាណាភីម៉ា បាននិយាយថា ជនជាតិថៃដែលបានទៅសិង្ហបុរីនិងជប៉ុននៅ១៤ថ្ងៃមកនេះ ហើយក្តៅខ្លួន ត្រូវទៅជួបគ្រូពេទ្យ ហើយនឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃ។
លោកថា សភាពការណ៍នៅថៃស្ថិតក្នុងដំណាក់កាលទី២ តែប្រឈមការឈានទៅដំណាក់កាលទី៣ បើមិនប្រយ័ត្នទេ។
អាជ្ញាធរថៃក៏ពង្រីកការពិនិត្យរកវីរុសចំពោះអ្នកដំណើរមកពីសិង្ហបុរីនិងជប៉ុនផងដែរ ខណៈអ្នកដំណើរនិងសមាជិកនាវាMS Westerdamដែលចុះចតនៅកម្ពុជា មិនត្រូវបានអនុញ្ញាតអោយចូលទេ, នេះបើតាមការផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃ១៨កុម្ភៈ។
លេខាអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាល បានប្រាប់សន្និសីទកាសែតមួយកាលពីថ្ងៃចន្ទថា«យើងពង្រីកការត្រួតពិនិត្យអ្នកដំណើរមកពីជប៉ុននិងសិង្ហបុរី។វិធីពិនិត្យរកវីរុស ត្រូវអនុវត្តដូចគ្នានឹងអ្នកមកពីក្រុងវូហាន ប្រទេសចិនដែរ»។
ក្នុងពេលជាមួយគ្នា រដ្ឋមន្ត្រីសុខាភិបាលថៃ បានបញ្ជាអោយហាមឃាត់មិនអោយអ្នកដំណើរនិងសមាជិកនាវាទេសចរណ៍MS Westerdamចូលក្នុងប្រទេសថៃឡើយ បន្ទាប់ពីម៉ាឡេស៊ីអះអាងថាបានរកឃើញកូរ៉ូណាវីរុសនៅក្នុងខ្លួនអ្នកដំណើរជនជាតិអាម៉េរិកវ័យ៨៣ឆ្នាំម្នាក់ក្រោយពីចេញពីកម្ពុជាទោះជាមន្ត្រីសុខាភិបាលកម្ពុជាមានអះអាងថា អ្នកដំណើរចេញពីនាវានេះត្រូវបានពិនិត្យសុខភាពនិងមិនបានរកឃើញវីរុសទេ។

លោករដ្ឋមន្ត្រី អានុធីន ឆានវីរ៉ាគូន បញ្ជាទៅក្រុមហ៊ុនអាកាសចរណ៍ថៃកុំដឹកនរណាដែលបានជិះនាវាMS Westerdamសំរាប់រយៈពេល១៤ថ្ងៃទៅមុខ
គិតមកត្រឹមថ្ងៃចន្ទ សិង្ហបុរីមានអ្នកជម្ងឺ COVID-19 ចំនួន៧៧ករណី បន្ទាប់ពីមនុស្ស២នាក់ទៀតត្រូវបានរកឃើញមានវីរុស តែទោះជាយ៉ាងណាអ្នកជម្ងឺCOVID-19សរុប២៤នាក់ត្រូវបានព្យាបាលជានិងចេញពីមន្ទីរពេទ្យ។
អ្នកឆ្លងករណីទី៧៧ ជាបុរសសិង្ហបុរីដែលមិនបានទៅចិនទេកាលពីពេលថ្មីៗ តែមានការទាក់ទងជាមួយអ្នកជម្ងឺករណីទី៥០ ដែលធ្វើការនៅក្រុមហ៊ុន DBS។
កាលពីថ្ងៃចន្ទ ក្រសួងសុខាភិបាលសិង្ហបុរីបានចេញសេចក្តីណែនាំមួយដោយតំរូវអោយប្រជាជនសិង្ហបុរី ឬអ្នកកាន់កាតការងាររយៈពេលវែងនៅសិងបុរី ណាដែលបានទៅចិនកាលពីពេលថ្មីៗ ត្រូវនៅតែក្នុងផ្ទះរបស់ខ្លួនគ្រប់ពេលរយៈពេល១៤ថ្ងៃ៕ប្រែសម្រួល៖វាសនា