ដោយ:អង្គរតូច/សៀមរាប ៖ សមត្ថកិច្ចចម្រុះកាលពីថ្ងៃទី១៧ខែកុម្ភៈ បានចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង រឹបអូសឧបករណ៍ល្មើសច្បាប់មួយចំនួន។

មន្ត្រីនគរបាលមូលដ្ឋានឲ្យដឹងថា ការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ខាងលើ គឺបានរឹបអូសឧបករណ៍ល្មើសមួយចំនួនរួមមាន÷ ឧបករណ៍ បរ ចំនួន៦គ្រឿង,របាំងសាច់មង ប្រវែង ៧០០ ម៉ែត្រ,ចម្រឹង ចំនួន ២០០ ដើម និងព្រលែងត្រីចំនួនប្រមាណជា ១០ គីឡូក្រាម។ ឧបករណ៍ល្មើសខាងលើ បានកម្ទេចចោលនៅនឹងកន្លែង។

មន្ត្រីដដែល អោយដឹងទៀតថា ក្នុងពេលចុះបង្ក្រាបបទល្មើសនេសាទនេះ សមត្ថកិច្ចពុំបានឃាត់ខ្លួនជនល្មើសណាម្នាក់នោះទេ ព្រោះទីតាំងប្រព្រឹត្តជាផ្ទៃទឹក។ ពេលសមត្ថកិច្ចចុះទៅពួកគេអាចគេចខ្លួនជាមុន។ ប៉ុន្តែកម្លាំងចម្រុះ ក៍បានចុះពិនិត្យការប្រកបមុខ​របរនេសាទជាលក្ខណៈគ្រួសារដល់ប្រជានេសាទក្នុងតំបន់នោះ។ ពួកគាត់ប្រើប្រាស់ឧបករណ៍​នេសាទមានដូចជា មងរាយ កន្សុំកំពឹស លាន់អន្ទង់ លបព្រៀង សន្ទូច លបប្រើសាច់អួន ។ល។ ឧបករណ៍នេសាទបែបនេះ អាជ្ញាធរនិងមន្ទីរជំនាញ អនុញាតិអោយប្រើជាលក្ខណ:គ្រួសារ៕B/