WHO ដាស់តឿនកុំឱ្យមានប្រតិកម្មជ្រុលនឹងវីរុសកូរ៉ូណា ខណៈអ្នកស្លាប់កើនដល់ ១៩០០ នាក់

254
ចែករម្លែក

អង្គការសុខភាពពិភពលោក (WHO) បានដាស់តឿនកុំឱ្យមានប្រតិកម្មជ្រុលជាសកលចំពោះការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី បន្ទាប់ពីមានការភ័យស្លន់ស្លោសម្រុកទិញស្បៀង ការលុបចោលព្រឹត្តិការណ៍នានា និង ការព្រួយបារម្ភអំពីការធ្វើដំណើរតាមនាវា ខណៈចំនួនអ្នកស្លាប់ផ្លូវការនៅចិនបានកើនឡើងដល់ ១.៩០០ នាក់គិតត្រឹមថ្ងៃអង្គារទី១៨កុម្ភៈ។

បច្ចុប្បន្ន មនុស្សជាង ៧២.០០០ នាក់បានឆ្លងវីរុស Covid-19 នៅក្នុងប្រទេសចិននិងរាប់រយនាក់ទៀតនៅក្រៅប្រទេស ទោះបីជាអង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថាជំងឺនេះបានឆ្លងទៅមនុស្សក្នុងចំនួន “តូចតាច” ដែលនៅក្រៅចំណុចកណ្តាលនៃកន្លែងផ្ទុះមេរោគ និង អត្រាមរណភាពនៅទាបនៅឡើយក៏ដោយ។

ការរាតត្បាតមេរោគនេះកំពុងគំរាមធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ខណៈចិនត្រូវជាប់ទ្រឹងដោយសារវិធានការដាក់នៅដាច់ឆ្ងាយ និង ក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុនផលិត iPhone និងក្រុមហ៊ុនរ៉ែយក្ស BHP ព្រមានថា មេរោគនេះអាចធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្ម។

ពិព័រណ៍ពាណិជ្ជកម្មការប្រកួតកីឡានិងព្រឹត្តិការណ៍វប្បធម៌នានាត្រូវបានបង្អាក់ខណៈប្រទេសជាច្រើនបានហាមឃាត់អ្នកធ្វើដំណើរពីប្រទេសចិន ហើយក្រុមហ៊ុនអាកាសចរណ៍ធំៗបានផ្អាកការហោះហើរ។

ឧស្សាហកម្មកប៉ាល់ទេសចរណ៍បានក្លាយជាចំណុចផ្តោតសំខាន់ ខណៈមនុស្សរាប់រយនាក់បានឆ្លងមេរោគកូរ៉ូណានៅលើនាវាក្បែរឆ្នេរប្រទេសជប៉ុន។ អ្នកដំណើរម្នាក់បានធ្វើតេស្តវិជ្ជមានបន្ទាប់ពីចុះពីនាវាកម្សាន្តមួយផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។

អង្គការសុខភាពពិភពលោក ដែលមុននេះធ្លាប់បាននិយាយថា ការរឹតត្បិតការធ្វើដំណើរគឺមិនចាំបាច់នោះ បានច្រានចោលការលើកឡើងថា រាល់ការធ្វើដំណើរតាមនាវាកម្សាន្តទាំងអស់គួរតែត្រូវបញ្ឈប់។

លោក ថេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស ប្រធានអង្គការសុខភាពពិភពលោក បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា “វិធានការណ៍នានាគួរតែត្រូវបានអនុវត្តតាមស្ថានភាពជាក់ស្តែង។ វិធានការរាំងខ្ទប់មិនអាចជួយអ្វីបានទេ”។

អង្គការសុខភាពពិភពលោកបានកោតសរសើរប្រទេសចិនដែលបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់វីរុសនេះ។

អាជ្ញាធរបានដាក់ប្រជាជនប្រហែល ៥៦ លាននាក់នៅកណ្តាលខេត្តហ៊ូប៉ីដែលរងការវាយប្រហារដោយវីរុស ឱ្យនៅដាច់ពីគេ ពោលគឺបិទខេត្តនេះទាំងស្រុងពីខេត្តដទៃទៀតក្នុងប្រទេស។

ទីក្រុងដទៃទៀត ដែលនៅឆ្ងាយពីចំណុចកណ្តាលនៃកន្លែងផ្ទុះវីរុស បានដាក់កំហិតលើការធ្វើដំណើររបស់ប្រជាជនដែរ ខណៈទីក្រុងប៉េកាំងបានបញ្ជាឱ្យប្រជាជន ដែលធ្វើដំណើរមកដល់រដ្ឋធានី ត្រូវបង្ខាំងខ្លួនឯងដាច់ពីគេរយៈពេល ១៤ ថ្ងៃ៕ ដោយ៖ កញ្ញាដាលីស

អង្គការសុខភាពពិភពលោកច្រានចោលការលើកឡើងថា រាល់ការធ្វើដំណើរតាមនាវាកម្សាន្តទាំងអស់គួរតែត្រូវបញ្ឈប់