កាត់គាស់ដើមចំប៉ីចេញពីជំវិញក្ដាន់​​២ជាច្រើនដើមជាមួយការចាប់ផ្ដើម​ការកែលម្អរ ប្រព័ន្ធចរាចរនៅស្តុប​​ក្តាន់២

183
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ កាលពីថ្ងៃ១៨ កុម្ភះនេះក្រុមការងារនៃមន្ទីរសាធារណការនិង ដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងធ្វើសកម្មភាពស្ថាបនារង្វង់មូលក្តាន់២ជាបណ្តើរហើយដោយក្រុមការងារបានកាត់និងគាស់ដើមចំប៉ីចេញពីជំវិញក្ដាន់២ជាច្រើនដើមរួចហើយក្នុងនោះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏បានបង្ហាញ ពីប្លង់គម្រោងនៃការកែលម្អរប្រព័ន្ធចរាចរនៅស្តុបក្តាន់២នេះផងដែរ។

ការកែលម្អរប្រព័ន្ធចរាចរនៅស្តុបក្តាន់២នេះធ្វើឡើងដោយសារស្ថានភាពចរាចរណ៍នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីចំណុចប្រសព្វ ក្តាន់២ រហូតដល់ស្តុបបេកាសេ មានការកកស្ទះចរាចរណ៍ខ្លាំង និងដើម្បីធានានូវលំហូរចរាចរណ៍នៅតំបន់នេះអោយបានប្រសើរឡើងជាងមុន។ ជាមួយនិងកម្រោងនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីចិញ្ចើម ផ្លូវខាងជើងនិងដាក់លូទំហំ ១ម៉ែត្រផងដែរ។

ដើម្បីជំរុញឱ្យគម្រោងនេះដំណើរទៅដោយរលូននិងកាត់បន្ថយបានពីការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅចំណុចខាងលើនោះរដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមកនេះក៏បានសេចក្តីជូនដំណឹងមួយផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបនិងចូលរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដោយឈរលើស្មារតីយោគយល់និងអធ្យាស្រ័យខ្ពស់។នៅក្នុងសេចក្តីជូនដំណឹងនោះមានន័យដើមទាំងស្រុងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់យានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទមេត្តាជ្រាបថា កន្លងមកនេះ ស្ថានភាពចរាចរណ៍នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីចំណុចប្រសព្វ ក្តាន់២ រហូតដល់ស្តុបបេកាសេ មានការកកស្ទះចរាចរណ៍ខ្លាំង ដោយសារកំណើន យានយន្ត ដ៏គំហុកស្របតាមការរីកចម្រើនរបស់ប្រទេសកម្ពុជាជាពិសេសរាជធានីភ្នំពេញ។ ដោយពិនិត្យឃើញអំពីបញ្ហានេះនិងដើម្បីធានានូវលំហូរចរាចរណ៍ត្រង់ចំណុចប្រសព្វក្តាន់ពីរ រវាងមហាវិថីសាធារណរដ្ឋឆេកនិងមហាវិថីស៊ីធីសេនធ័រ នៃទីក្រុងរណបភ្នំពេញ ស៊ីធីសេនធ័រនោះ រដ្ឋបាលរាជធានីភ្នំពេញនិងអនុវត្តការងារដូចខាងក្រោម។

១.ស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីចិញ្ចើម ផ្លូវខាងជើងចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់)នឹងដាក់លូទំហំ ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី។ ២.កែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វក្តាន់២ រវាងមហាវិថីស៊ីធីសេនធ័រ(ផ្លូវ R៦)និងមហាវិថីសាធារណរដ្ឋឆេក ក្នុងនោះរដ្ឋ​បាលរាជធានីភ្នំពេញនឹងធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់២ មួយផ្នែកទៅជារង្វង់មូលក្តាន់២ និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះ ដោយរក្សារូបសំណាកក្តាន់២ ឱ្យនៅដដែល។

រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្ដើមអនុវត្តការដ្ឋានខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋម្ចាស់យានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ចន្លោះពីមហាវិថីព្រះមុនីវង្សមកដល់ ផ្លូវបត់ចូលមហាវិថីស៊ីធីសេនធ័រ ត្រង់ចំណុចប្រសព្វក្តាន់២ រវាងមហាវិថីស៊ីធី​សេនធ័រ(ផ្លូវ R6 )និងមហាវិថីសាធារណរដ្ឋឆេក ជ្រាបនិងចូលរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដោយឈរលើស្មារតីយោគយល់និងអធ្យាស្រ័យខ្ពស់៕B/