កូរ៉េខាងត្បូង​បញ្ជូន​យន្តហោះ​ប្រធានាធិបតី​ទៅ​ជម្លៀស​ពលរដ្ឋ​ខ្លួន​ពី​នាវា​ទេសចរណ៍​នៅ​ជប៉ុន​

291
ចែករម្លែក

​យន្តហោះ​VCN-235 Air Force បាន​ចាកចេញ​ពី​មូលដ្ឋាន​ទ័ពអាកាស​នៅ​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ត្រង់​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​កុម្ភៈ​និង​ចុះចត​នៅ​អាកាសយានដ្ឋាន​​ហា​ណេ​ដា​របស់​ជប៉ុន ដែល​គិត​ពី​ចម្ងាយ​ធ្វើដំណើរ​ត្រូវ​ចំណាយ​ប្រមាណ​២០​នាទី​ពី​កន្លែង​នាវា​ទេសចរណ៍​Diamond Princess​កំពុង​ចត​។​

​យន្តហោះ​គ្រោង​នឹង​ចេញ​ដំណើរ​ពី​ជប៉ុន​នៅ​ថ្ងៃ​ពុធ​ដើម្បី​ជម្លៀស​មនុស្ស​៥​នាក់ រួម​មាន​ជនជាតិ​កូរ៉េខាងត្បូង​៤​នាក់​និង​ប្រពន្ធ​ជា​ជនជាតិ​ជប៉ុន​ម្នាក់ ចេញពី​នាវា​​ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​ទីក្រុង​កំពង់ផែ យ៉ូ​កូហា​ម៉ា របស់​ជប៉ុន​។​

​តាម​ពិត​មាន​ជនជាតិ​កូរ៉េ​ខាងត្បូង​១៤​នាក់​នៅ​លើ​នាវា​នេះ ដោយ​៩​នាក់​ជា​អ្នកដំណើរ​និង​៥​នាក់​ជា​សមាជិក​នាវា ហើយ​ទាំងអស់​គ្នា​ត្រូវបាន​រាយការណ៍​ថា​មិន​​ឆ្លង​កូរ៉ូណា​វីរុ​សទេ​។​ពួកគេ​ជាប់​នៅ​លើ​នាវា​ជាមួយ​មនុស្ស​ប្រមាណ​៣.៧០០​នាក់​ចាប់​តាំងពី​ថ្ងៃ​០៣​កុម្ភៈ​មក​បន្ទាប់ពី​អតីត​អ្នកដំណើរ​ម្នាក់​ចុះ​នៅ​ហុងកុង​និង​ត្រូវ​​បាន​ធ្វើតេស្តិ៍​ឃើញ​វីរុស ដែល​កំពុង​បន្លាច​មនុស្ស​ពេញ​ពិភពលោក​នេះ​។​

​ជនជាតិ​កូរ៉េ​ខាងត្បូង​ផ្សេង​ទៀត​ចង់​នៅក្នុង​នាវា​នេះ​ដោយសារ​តែ​ឋានៈ​រស់នៅ​របស់​គេ​មាន​ពាក់ព័ន្ធ​នឹង​ជប៉ុន​រីឯ​ការធ្វើ​ចត្តា​ឡី​ស័ក​ពួក​គេ​លើ​នាវា​នេះ​ក៏ត្រូវ​​ចប់​នៅ​ថ្ងៃ​ពុធ មានន័យថា​ពួកគេ​អាច​ចាកចេញ​ពី​នាវា បើ​មិន​មាន​ផ្ទុក​វីរុស​ទេ​។​

​នៅពេល​វិល​ពី​ជប៉ុន ពួកគេ​នឹង​ត្រូវ​នាំ​ទៅកាន់​កន្លែង​មួយ​ដើម្បី​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត​។​

​គិត​មក​ត្រឹម​ថ្ងៃ​អង្គារ​ទី​១៨​កុម្ភៈ មនុស្ស​សរុប​នៅក្នុង​នាវា​នេះ​ចំនួន​៤៥៤​នាក់​បាន​ឆ្លង​កូរ៉ូណា​វីរុស Covid-19​ដែល​ជា​ការឆ្លង​ជា​កញ្ចុំ​ច្រើន​បំផុត ធៀប​នឹង​ការ​​ឆ្លង​នានា​នៅ​ក្រៅ​ទឹកដី​ចិន​។​

​អាម៉េរិក​ក៏​បាន​បញ្ជូន​យន្តហោះ​ទៅ​ដឹក​ពលរដ្ឋ​ខ្លួន​៣២៨​នាក់​ពី​នាវា​Diamond Princess ហើយ​ក្នុងចំណោម​ពួកគេ មាន​១៤​នាក់​មាន​ផ្ទុក​កូរ៉ូណា​វីរុស​។​

​អូស្ត្រាលី កាណាដា អ៊ីស្រាអែល អ៊ីតាលី​និង​ហុងកុង​សុទ្ធតែ​មាន​បំណង​នាំ​ពលរដ្ឋ​ខ្លួន​ចេញពី​នាវា​៕​ប្រែ​សម្រួល​៖​វាសនា​

យន្តហោះ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ទៅដល់​ជប៉ុន​កាលពី​ថ្ងៃ​១៨​កុម្ភៈ ហើយ​គ្រោង​ជម្លៀស​ជន​កូរ៉េខាងត្បូង​ទៅ​ស្រុក​នៅ​ថ្ងៃ​១៩​កុម្ភៈ​