​ករណី​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ស្រុក​កំពង់សៀម​គេ​សង្ស័យ​ប្តី​ជា​អ្នក​សម្លាប់​

258
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ករណី​ស្ត្រី​វ័យ​៣៧​ឆ្នាំ​ម្នា​ក់បាន​ដេកស្លាប់​នៅក្បែរ​ផ្លូវ​កៅស៊ូ​ស្ថិត​ក្នុងភូមិ​ថ្មគោល​ឃុំ​រអាង​ស្រុក​កំពង់សៀម​គឺ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ដាក់​ការសង្ស័យថា​ជា​ស្នាដៃ​របស់​ប្តី​ដែល​កំពុង​គេចខ្លួន​។​ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែកុម្ភ​:​ឆ្នាំ​២០២០​នេះ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​អំពើហិង្សា​ឈានដល់​ការស្លាប់​នៅឡើយ​ទេ​។​

​តាម​មន្ត្រីរដ្ឋបាល​ឃុំ​រអាង​ដែល​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ដឹង​នៅ​រសៀល​ថ្ងៃទី​១៨​កុម្ភ​:​នេះ​ថា​ស្ត្រី​ជា​ជនរងគ្រោះ​ឈ្មោះ​ចាន់ធូ​អាយុ​៣៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​ថ្ម​គោ​ឃុំ​រអាង​ស្រុក​កំពង់សៀម​។​ប៉ុន្តែ​ជនរងគ្រោះ​ម្នាក់នេះ​ពុំមាន​ផ្ទះសម្បែង​ស្នាក់នៅ​ពិតប្រាកដ​ទេ​គឺ​ស្នាក់នៅ​បណ្តោះអាសន្ន​ក្រោមផ្ទះ​អ្នកជិតខាង​។​

ប្រភពព័ត៌មាន​នោះបាន​ឱ្យដឹងទៀតថា​អ្នកស្លាប់​ត្រូវបាន​គេ​ប្រទះឃើញ​សាកសព​នៅក្នុង​ព្រៃ​ក្បែរ​ផ្លូវលំ​មួយ​ពី​មាត់​ទន្លេមេគង្គ​មក​ផ្លូវ​ក្រាល​កៅស៊ូ​ឆ្ពោះទៅកាន់​រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ​កាលពី​ព្រឹក​ថ្ងៃទី​១៨​កុម្ភ​:​ឆ្នាំ​២០២០​នេះ​។​ខាង​មន្ត្រីនគរបាល​បច្ចេកទេស​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ស្ត្រី​ឈ្មោះ ចាន់ ធូ គឺជា​លទ្ធផល​បង្ហាញថា លើ​ខ្លួនប្រាណ​សាកសព​មាន​ស្នាម​ជាំ ដោយ​ការវាយដំ​បណ្តាលឱ្យ​ស្លាប់​។​

​ប្រភព​នោះបាន​ដកស្រង់​សម្តី​សាក្សី​បាន​និយាយថា​ជនរងគ្រោះ​ជាម​នុស្ស​ញៀន​ស្រា​គឺ​ក្នុង​មួយថ្ងៃ​គាត់​ទទួលទាន​ស្រា​ពី​ពីរ​ទៅ​បី​ដង​រហូត​ពេលខ្លះ​ស្រវឹង​ដេក​តាម​ដងផ្លូវ​ក៏មានដែរ​។​ពិសេស​ប្តី​ប្រពន្ធ​មួយគូ​នេះ​ឧស្សាហ៍​ឈ្លោះប្រកែក​គ្នា និង​វាយ​គ្នា​ទៅវិញទៅមក​។​

​ប្រភព​ដដែល​បាន​បន្តថា​តាម​ចម្លើយ​បំភ្លឺ​សាក្សី​និង​ការធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជនរងគ្រោះ​នាំឱ្យ​មានការ​សន្និដ្ឋានថា ស្ត្រី​ឈ្មោះ ចាន់ ធូ ទំនងជា​បាន​ស្លាប់​ដោយសារ​បុរស​ជា​ប្តី​បាន​ប្រើ​អំពី​ហិង្សា លើ​ស្ត្រី​ជា​ប្រពន្ធ​របស់ខ្លួន​រហូត​ស្លាប់​ហើយ​បាន​គេចខ្លួនបាត់​។​ប៉ុន្តែ​នៅពេល​ចាប់ខ្លួន​ប្តី​បាន​ហើយ​គឺ​នឹង​ដឹង​ពី​មូលហេតុ​នៃ​ការសម្លាប់​ជាក់​ជាមិនខាន​៕S/​