ដោយៈសុផល/ភ្នំពេញ៖សាកលវិទ្យាល័យជាតិគ្រប់គ្រងនិងក្រុមហ៊ុនSunwahGroupកាលពីព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២០នៅទីស្តីការក្រសួងបានចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នា(MOU)ដើម្បីសហប្រិតបត្តិការភាពជាដៃគូដើម្បីជួយគ្នាទៅវិញទៅមកក្នុងវិស័យអប់រំ,ការស្រាវជ្រាវ,អាហារូបករណ៍,វប្បធម៌និងនវានុវត្តន៍សាជីវកម្ម។
ភាគីទាំងពីរបានឯកភាពគ្នាលើគម្រោង៣ចំណុច គឺគម្រោងទី១ការផ្តល់អាហារូបករណ៍និងកម្មវិធី ExchangProgramរបស់និស្សិតនិងសាស្ត្រាចារ្យសម្រាប់គោលដៅស្រាវជ្រាវនិងកិច្ចសហប្រតិបត្តិការជុំវិញដៃគូរបស់Sunwah(ពីរនាក់រៀននៅMacoaUniversityនិងពីរនាក់ទៀតJinanUniversity
ទីក្រុងគ័រងចូវ)ក្នុងមួយឆ្នាំ។គម្រោងទី២រៀបចំបង្កើតមជ្ឈមណ្ឌលវប្បធម៌និងនវានុវត្តន៍រួមគ្នាគឺJonathanKSChoiCulturalCentreandSunwahInnovationCentreនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងដែលភ្ជាប់ទំនាក់ទំនងជាមួយបណ្តាមជ្ឈមណ្ឌលនានារបស់ក្រុមហ៊ុនSunwah នៅជុំវិញពិភពលោក។
ចំណែកគម្រោងទី៣ក្រុមហ៊ុននឹងផ្តល់ថវិកាជំនួយសម្រាប់គម្រោងដែលស្នើសុំដោយសាកលវិទ្យាល័យទៅលើការរៀបចំជណ្តើរយន្តចំនួនពីរនៅអគារAរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង។គម្រោងទាំង៣នេះ គ្រោងចំណាយថវិកាដោយ Sunwah Group ក្នុងទំហំទឹកប្រាក់៥០ម៉ឺនដុល្លារអាមេរិក។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាយោគយល់គ្នារវាងសាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមហ៊ុនវិនិយោគចិន ហុង កុង ឈ្មោះថា សាន់វ៉ា គ្រុប(SUNWAH Group) នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២០។
លោក បណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាមជ្ឈមណ្ឌលនវានុវត្តន៍ដែលបង្កើតនៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រងនេះទទួលបានជំនួយគាំទ្រពីវិស័យឯកជនរបស់ប្រទេសចិនគឺក្រុមហ៊ុនសាន់វ៉ាគ្រុបដែលបានបោះទុនវិនិយោគនៅកម្ពុជាអស់រយៈពេលជាង២០ឆ្នាំ។
លោករដ្ឋមន្ត្រីបានបន្តថាមជ្ឈមណ្ឌលនវានុវត្តន៍នេះនឹងផ្តល់ឱកាសឱ្យកម្ពុជាធ្វើការអភិវឌ្ឍធនធានមនុស្សលើផ្នែកសិក្សាស្រាវជ្រាវវិស័យវប្បធម៌និងនវានុវត្តន៍ផ្នែកសាជីវកម្មឱ្យកាន់តែប្រសើរឡើងដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាក្នុងបរិបទនៃឧស្សាហកម្មជំនាន់ទី៤នាពេលខាងមុខ។
លោកបណ្ឌិតចូណាថានឆយ(JonathanChoi)ប្រធានក្រុមហ៊ុនSUNWAHGroupបានឱ្យដឹងថាមជ្ឈមណ្ឌលនវានុវត្តន៍នេះអាចភ្ជាប់ទំនាក់ទំនងជាមួយបណ្តាមជ្ឈមណ្ឌលនានារបស់ក្រុមហ៊ុន SUNWAH ដែលមាននៅជុំវិញពិភពលោក។លោកបន្តថាគម្រោងនៃមជ្ឈមណ្ឌលនេះនឹងធ្វើការកែលម្អអគារAនៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រងដោយការបំពាក់នូវជណ្តើរយន្តចំនួន២ក្នុងទឹកប្រាក់សរុបប្រមាណ៥០ម៉ឺនដុល្លារអាមេរិក។ ជាមួយគ្នានេះក៏អនុញ្ញាតឱ្យនិស្សិតកម្ពុជាទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅក្នុងប្រទេសចិន ក្នុងមួយឆ្នាំចំនួន៤នាក់ លើផ្នែកស្រាវជ្រាវវប្បធម៌និងសាជីវកម្ម៕S/
ចំណងជើងរូបថត៖សាកលវិទ្យាល័យជាតិគ្រប់គ្រងនិងSunwahGroupបានចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នាដើម្បីសហប្រិតបត្តិការ ភាពជាដៃគូដើម្បីជួយគ្នាទៅវិញទៅមកក្នុងវិស័យសិក្សា ការស្រាវជ្រាវ វប្បធម៌និងនវានុវត្តន៍សាជីវកម្ម