​ម្ចាស់​នាវា Westerdam មក​អរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ដល់​ប្រទេស​

672
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(ភ្នំពេញ)​៖ ​លោក Orlando Ashford ប្រធាន​ក្រុមហ៊ុន Holland America Line ជា​ម្ចាស់​នាវា​ទេសចរណ៍ វេ​ស្ទើ​ន​ដាំ​(Westerdam)​បាន​ថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ​និង​ជូន​ប្រជាជន​កម្ពុជា​ក៏ដូចជា​អាជ្ញាធរ​កម្ពុជា​ចំពោះ​សន្ដាន​ចិត្ត​ដ៏ល្អ​ប្រកបដោយ​ភាពកក់ក្តៅ​និង ជួយ​ថែរក្សា​ទទួលអ្នកដំណើរ​និង​ពិនិត្យ​ជំងឺ​ជូន​ដល់​អ្នកដំណើរ​ជាពិសេស​ទៀត​នោះ​អនុញ្ញាត​ឲ្យ​កប៉ាល់​ចូលចត​នៅ​ខេត្ត​ព្រះសីហនុ​។​ការ​អរគុណ​នេះ​បាន​ប្រព្រឹត្តធ្វើ​កាលពី​ល្ងាច​ថ្ងៃទី ១៨ ខែកុម្ភៈ ២០២០ នៅ​វិមាន​សន្តិភាព នេះ​បើ​យោងតាម​លោក អ៊ាង សុផល្លែត​ ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន ។​

​លោក អ៊ាង សុផល្លែត បាន​ឲ្យ​ដឹងថា​៖ លោក Orlando Ashford ក្រៅពី​បាន​អរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន លោក​ក៏បាន​ជម្រាបជូន​សម្តេច​ផងដែរ​ថា ថ្ងៃនេះ​ឬ​ថ្ងៃស្អែក​នឹងមាន​យន្តហោះ​មក​ដឹក​អ្នកដំណើរ​ទាំងនោះ​ត្រឡប់​ទៅ​ប្រទេស​គាត់​វិញ​ហើយ​។​

​ជាការ​ឆ្លើយតប ​សម្ដេច​តេ​ជោ​ហ៊ុន សែន​បាន​ថ្លែងអំណរគុណ​ចំពោះ​ពាក្យពេចន៍​ដ៏​ល្អ​របស់លោក​ orlando ដែលជា​ប្រធាន​ក្រុមហ៊ុន​Holland America Line ។​សម្ដេច​បាន​មានប្រសាសន៍ថា ​បន្ទាប់ពី​បានទទួល​ដំណឹង​ថា​កប៉ាល់​មានបំណង​ចូល​ចត​នៅ​កម្ពុជា​ សម្ដេច​បានសម្រេច​ចិត្ត​អនុញ្ញាត​ឲ្យ​ចូល​ចត​ភ្លាម ​ដោយ​យល់ឃើញថា​បញ្ហា​មនុស្សធម៌​គឺជា​បញ្ហាសំខាន់​ ប្រសិនបើ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ចូល​ចតទេនោះ​កប៉ាល់​មិនដឹង​ជា​ចូល​ចត​នៅទីណា​នោះទេ ​ហើយ​អ្នកធ្វើដំណើរ​នៅតាម​កប៉ាល់​នោះ​នឹងមាន​ការព្រួយបារម្ភ​ ហើយ​បើ​មាន​អ្វី​កើតឡើង​ ជាពិសេស​បើ​មាន​ជំងឺ​រាតត្បាត​នោះ​នឹង​ប៉ះពាល់​ដល់​អ្នក​ដទៃទៀត​។​ក្នុងន័យនេះ សម្ដេច​បានសម្រេច​ចិត្ត​ភ្លាមៗ​ សម្ដេច​មានការ​សប្បាយ​ចិត្ត​ដោយមាន​ការរីករាយ​ដោយ​ឃើញ​អ្នកដំណើរ​ទាំងអស់​បាន​មក​ចូល​ចត ​ហើយ​មិនមាន​ជំងឺ​កើតឡើង ​ហើយ​មាន​សុវត្ថិភាព និងមាន​សេចក្តី​រីករាយ​ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ផង​និង​ត្រូវបាន​រៀបចំ​ជូន​ដំណើរ​ទៅវិញ​ផង​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​អ្នកធ្វើដំណើរ​តាម​កប៉ាល់​ មិន​ត្រឹមតែ​រៀបចំ​ជប់លៀង​និង​យកចិត្ត​ទុកដាក់​លើ​សុខភាព​ប៉ុណ្ណោះ​ទេ ​ថែមទាំង​រៀបចំ​យន្តហោះ​ឲ្យ​អ្នកដំណើរ​ទាំងនោះ​បាន​វិលត្រឡប់​ទៅកាន់​ប្រទេស​គាត់​វិញ​ផងដែរ​។​សម្ដេច​មានប្រសាសន៍​ប​ន្ថែ​ម​ទៀតថា​ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​មាន​៣​ចំណុច​។​ទីមួយ​ ​សម្ដេច​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​គិតដល់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការងារ​មនុស្សធម៌​នៅពេលដែល​ការងារ​មនុស្សធម៌​ត្រូវការ​ចាំបាច់​បំផុត​ក្រុមហ៊ុន​បាន​មកដល់​កម្ពុជា​យើង​ដើម្បី​អនុញ្ញាត​ឲ្យ​កម្ពុជា​ទទួល​ធ្វើ​ការងារ​មនុស្ស​ធ​ម៌បម្រើ​ដល់​មនុស្សជាតិ​។ ទី​ពីរ​ សម្ដេច​បានធ្វើការ​កត់សម្គាល់​ថា ​អ្វីដែល​ក្រុមហ៊ុន​បានធ្វើ​នោះ​ពិតជា​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អ្នកដំណើរ​នៅក្នុង​នាវា​នោះ​និងទី​បី ដែលជា​កត្តា​សំខាន់​នោះ​ទាំង​អ្នកធ្វើដំណើរ​ ទាំង​អ្នកគ្រប់គ្រង​និង​អ្នកបើកបរ​កប៉ាល់ ​រួមទាំង​អាជ្ញាធរ​ដែនដី​គឺ​បាន​សហការគ្នា​ល្អ​ ធ្វើយ៉ាងណា​បានល្អ​ ជួយ​ដល់​អ្នកធ្វើដំណើរ​តាម​កប៉ាល់​នេះ ហើយ​នៅក្នុង​រយៈពេល​មួយថ្ងៃ​ពីរ​ថ្ងៃ​ទៀត​ពួកគាត់​នឹង​បាន​វិលត្រឡប់​ទៅកាន់​ប្រទេស​គាត់​វិញ​៕​/Ha