Home ព័ត៌មានអន្តរជាតិ ចំនួន​មនុស្ស​...

ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​កើនលើស​ ២.០០០​នាក់​

​ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​នៅ​ចិន​បាន​កើន​លើ​២.០០០ ​កាលពី​ថ្ងៃ​ពុធ ​ទី​១៩​កុម្ភៈ​ បន្ទាប់ពី​មនុស្ស​១៣២​នាក់​ទៀត​បាន​ស្លាប់​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី​សម្រាប់​ថ្ងៃ​​អង្គារ ។​

​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​ប្រចាំថ្ងៃ​របស់​ខ្លួន គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ក៏​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​១.៦៩៣​សម្រាប់​ថ្ងៃ​អង្គារ ដែល​នេះ​ជា​ការធ្លាក់ចុះ​​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​ទាប​បំផុត​គិត​ចាប់តាំងពី​ថ្ងៃ​១១​កុម្ភៈ​មក និង​ជា​ថ្ងៃទី​២​ជាប់​គ្នា​ដែល​ចំនួន​ឆ្លង​នៅក្រោម​២.០០០​ករណី​ក្នុង​មួយថ្ងៃ​។​

​សារព័ត៌មាន​រដ្ឋ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​ជំងឺឆ្លង នឹង​ប្រកាន់យក​វិធានការ​ទូទៅ​និង​បែប​ចាប់បង្ខំ​បន្ថែមទៀត​ដើម្បី​​ស្វែងរក​អ្នក​ជំងឺ​ក្តៅខ្លួន ក្នុង​បំណង​ទប់ស្កាត់​ការឆ្លង​រាលដាល​កូរ៉ូណា​វីរុស​ថ្មី​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ស៊ីន​ហួរ​បាន​និយាយថា ខេត្ត​នឹង​ត្រួតពិនិត្យ​ប្រវត្តិ​អ្នក​ជំងឺទាំងអស់ដែល​បាន​មកជួប​គ្រូពេទ្យ​ចាប់ពី​ថ្ងៃ​២០​មករា​មក និង​អ្នក​មក​ទិញ​ឱសថ​ក្អក​និង​ក្តៅខ្លួន​នៅតាម​ឱសថស្ថាន​។​

​យោងតាម​ការសិក្សា​មួយ​របស់​អ្នកសិក្សា​ស្រាវជ្រាវ​ចិន អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​Covid-19​ជាង​៨០​ភាគរយ​ចេញ​រោគសញ្ញា​ស្រាល ដោយ​អ្នក​ជំងឺវ័យចាស់​និង​អ្នកមាន​ជំងឺ​រ៉ាំ​រ៉ៃ ប្រឈម​ការ​កើត​ជំងឺ​Covid-19​នេះ​ខ្ពស់បំផុត​។​

​ឯកសារ​មួយ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​ជំងឺឆ្លង​របស់​ចិន​មួយ បាន​ពិនិត្យ​លើ​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន​៧២.៣១៤​នាក់​នៅ​ទូទាំង​ប្រទេស​ចិន​កាលពី​ថ្ងៃ​១១​កុម្ភៈ​។​ក្នុង​​ចំនួន​នេះ មាន​៨០,៩​ភាគរយ​ចេញ​រោគសញ្ញា​ស្រាល ១៣,៨​ភាគរយ​ធ្ងន់ធ្ងរ និង​មាន​តែ​៤,៧​ភាគរយ​ទេ​ដែល​ធ្ងន់ធ្ងរ​ប្រឈម​ការបាត់បង់​ជីវិត​។​

​សម្រាប់​មនុស្ស​មាន​អាយុ​៨០​ឆ្នាំ​ឡើង អត្រា​ស្លាប់​មាន​កម្រិត​១៤,៨​ភាគរយ​។​អ្នក​ជំងឺ​កើត​របេង​ប្រឈម​ការស្លាប់​ខ្ពស់បំផុត​បើសិនជា​ឆ្លង​Covid-19 បន្ទាប់​មក​អ្នក​​កើត​ទឹកនោមផ្អែម ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ និង​លើសឈាម​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

បន្ទប់ដាក់អ្នកជម្ងឺCovid-19​នៅក្រុងវូហាន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...

ក្រសួងសុខាភិបាល​បង្ហា​ញ​ព...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ព្រះសង្ឃ​ចំនួន​២៦​អង្គ​និ...

ដោយ​: បាយ័ន / សៀមរាប​: ព្...