ក្លឹបបាសេឡូ( Barcelona) ត្រូវបានអនុញ្ញាតឲ្យផ្ទេរខ្សែប្រយុទ្ធថ្មីម្នាក់ទៀតជាបន្ទាន់ក្នុងរយៈពេល១៥ថ្ងៃក្រោយ បន្ទាប់ពីកីឡាករ អូស្មាណេ ដេមបេឡេ (Ousmane Dembele) មាន របួស។
ដេមបេឡេ កីឡាករជនជាតិបារាំងអាចនឹងខកខានការប្រកួតរយៈពេល៦ខែ បន្ទាប់ពីមាន បញ្ហាសរសៃពួរ ស្របពេលកីឡាករវើលខាប់រូបនេះចូលរួមជាមួយកីឡាករ ល្វីស ស្វារ៉េស (Luis Suarez) ក្នុងបញ្ជីកីឡាករមានរបួស។
ស្វារ៉េស នឹងខកខានការប្រកួតរហូតដល់ខែឧសភា ស្របពេលក្លិបBarcelona អនុញ្ញាតឲ្យ ខ្សែប្រយុទ្ធវ័យក្មេងពីររូប អាបេល រូស (Abel Ruiz) និង ខាឡេស ផេរ៉េស (Carles Perez) ចាកចេញកាលពីខែមុនក្នុងបំណងបង្កើនកញ្ចប់ថវិកា។
ច្បាប់នៅក្របខ័ណ្ឌ La Liga ចែងថាក្លឹបអាចត្រូវបានអនុញ្ញាតឲ្យផ្ទេរនិងចុះឈ្មោះកីឡាករ ម្នាក់នៅរដូវកាលទិញដូរបាន ប្រសិនបើស្ថិតក្នុងកាលៈទេសៈពិសេស ប៉ុន្តែកីឡាករបញ្ចូល ថ្មីនេះ ត្រូវតែជាកីឡាករដែលកំពុងលេងនៅក្របខណ្ឌមួយក្នុង ចំណោមក្របខ័ណ្ឌកំពូល របស់អេស្ប៉ាញឬក៏ជាកីឡាករដែលមិនជាប់កិច្ចសន្យាជាមួយក្លិបផ្សេង។
លោក លោក ហ្គីហ្គេ សេតេន (Quique Setien) ដែលទើបត្រូវបានតែងតាំងឲ្យដឹកនាំក្លិប Barcelona នៅមាន លីអូណេល ម៉េសស៊ី (Lionel Messi) អែនត័ញ គ្រីស្មាន់ (Antoine Griezmann) និង អានស៊ូ ហ្វទី (Ansu Fati) ជាជម្រើសសម្រាប់តំបន់ប្រយុទ្ធ ប៉ុន្តែពេលនេះ ក្លឹបនឹងបន្ថែមសមាជិកថ្មីក្នុងក្រុមរបស់លោកក្នុងរយៈពេល១៥ថ្ងៃសម្រាប់ក្របខ័ណ្ឌឆេមពានលីក៕ ប្រែសម្រួល: ពិសិដ្ឋ
