​ដោយៈ មេសា​/​ភ្នំពេញៈ ផ្សារ​ធំថ្មី ដែល ត្រូវបាន​គេ​ស្គាល់​ជា​ភាសា​អង់​គ្រស ថា Central Market(​ផ្សារកណ្តាល​ប៉ុន្តែ​សូមកុំ​ច្រឡំ​ទៅនឹង​ផ្សារកណ្តាល​ដែល​នៅ​ខាង​ជើងវត្ត​ឧណ្ណាលោម​)​គឺជា​មជ្ឈមណ្ឌល​ពា​ណិ​ជ្ចក​ម្ម​ដ៏​សំខាន់បំផុត​មួយ និង មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​របស់​ប្រទេស​កម្ពុជា ត្រូវបាន​សាងសង់ឡើង​នៅក្នុង​រជ្ជកាល​ព្រះករុណា​ព្រះបាទ ស៊ីសុវត្ថិ មុនី​វង្ស ( រជ្ជកាល ០៩ សីហា ១៩២៧-២៤ មេសា ១៩៤១ ) ពោលគឺ​អំឡុងពេល​កម្ពុជា ស្ថិតក្រោម​អាណានិគម បារាំង (១៨៦៣-១៩៥៣ )​។


​ទម្រង់​ដ៏​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ផ្សារ​ធំថ្មី​គឺ​ចំណុចកណ្តាល​មើលទៅ​ដូចជា​ភ្នំ​ដ៏​ស្រស់ស្អាត​មួយ​ដែលមាន​លំដាប់ថ្នាក់​ដូចជា​កាំជណ្តើរ ហើយ​មាន​ស្លាប​ចំនួន ៤ ដែល​បើ​មើល​ពីលើ​ទៅ ដូចជា​ស្លាប​ឧទ្ធម្ភាគចក្រ​ឬ​ដូចជា​ទម្រង់​ក្បាច់​ចក្ក​ច័ន្ទ​។​តាម​ការ​កត់ចំណាំ​មាន​អត្ថបទ​ច្រើន​គួរសម​និយាយ​អំពី​ប្រវត្តិ នៃ ផ្សារ​ធំថ្មី ប៉ុន្តែ​ដូចជា​មិនទាន់​ឃើញ បកស្រាយ​អំពី អត្ថន័យ ឬ ខ្លឹមសារ នៃ ទ្រង់ទ្រាយ ឬ រូបរាង របស់​ផ្សារ​ធំថ្មី​នេះឡើយ ។ គោលបំណង នៃ អត្ថបទ​នេះ គឺ​ពន្យល់​អំពី​អត្ថន័យ នៃ​ទ្រង់ទ្រាយ​របស់​ផ្សារ​ធំថ្មី​ប៉ុន្តែ​មុននឹង​ឈានដល់​ការបកស្រាយ​បែប​នោះ​ក៏​គប្បី​រំឭក​ដោយ​សង្ខេប​អំពី​ប្រវត្តិ នៃ ផ្សារ​ដ៏​មាន​វ័យ​ចំណាស់​ជាងគេ​នេះដែរ ។​

​ប្រវត្តិ​សេ​ង្ខេ​ប នៃ ផ្សារ​ធំថ្មី​តាម​ការ​ពិនិត្យមើល​ទៅក្នុង​ប្រវត្តិសាស្ត្រ គេ​អាច​មើលឃើញថា បន្ទាប់ពី បារាំង សម្រេចចិត្ត​ដាក់​អាណាព្យាបាល​កិច្ច​មកលើ​កម្ពុ​ជានា​ថ្ងៃ ១១ សីហា ១៨៦៣(​តាម​សំណើ​របស់​ព្រះបាទ​អង្គឌួង និង ព្រះបាទ នរោត្តម។ ប៉ុន្តែ​ស្តេច នរោត្តម ក្រោយមក​រេរា មិន​ចង់ ឱ្យ​កម្ពុជា នៅក្រោម​អាណាព្យាបាល បារាំង ឡើយ រហូត​មានការ​ព្យាយាម​បញ្ចុះបញ្ចូល​ពី បារាំង ទើប​ព្រម ) បារាំង មានបំណង​កសាង​ប្រទេស​កម្ពុជា ឱ្យ​ជឿនលឿន​ខ្លាំងក្លា​ដូចជា​ប្រទេស ជិត ខាង​ដូចជា សៀម និង ហ្វីលីពីន ជាដើម​ដែល​ក្រោម​អាណានិគម​អង់គ្លេស ។

ប៉ុន្តែ​ដោយសារ​ព្រះបាទ នរោត្តម មិន​គ្រាន់តែ​មិន​អើពើ​ចំពោះ​បំណង​ដ៏​ប្រសើរ​នោះទេ ថែមទាំង​ទៅ​ចូល​ជាមួយ​ក្រុម​បះបោរ​របស់​អនុជ របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ ស៊ី​វុត្ថា ទៀតផង ក៏​បណ្តាលឱ្យមាន​សង្គ្រាម​ប្រឆាំង បារាំង ទើប បារាំង បន្ធូរដៃ គឺ​ឈប់​ធ្វើកំណែទម្រង់ ហើយក៏​បណ្តោយ​ប្រទេស​កម្ពុជា ឱ្យ​ប្រព្រឹត្ត​ទៅតាម​យថាកម្ម ពោលគឺ​ក្នុង​រយៈ ៤៤ ឆ្នាំ ( ១៨៦០-១៩០៤ ) នៃ រជ្ជកាល​របស់​ព្រះបាទ នរោត្តម នោះ ប្រទេសជាតិ គ្មាន​ការរីកចម្រើន​អ្វី​ឡើយ ហើយក៏​គ្មាន​សមិទ្ធ​ផ​ក​អ្វី​គួរឱ្យ​ចាប់អារម្មណ៍​ដែរ ។​


​រហូតដល់​ព្រះបាទ នរោត្តម សោយ​ទិវង្គត ( ២៤ មេសា ១៩០៤ នាទី​ក្រុង បាងកក ប្រទេស សៀម ក្នុង​ព្រះជន្ម ៧០ ព្រះវស្សា ) អនុជ​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យាង​សោយរាជ្យ​បន្ត ( ២៤ មេសា ១៩០៤ – ០៩ សីហា ១៩២៧ ) ដោយ​ព្រះបាទ ស៊ីសុវត្ថិ គឺជា​ក្សត្រ​មាន​ព្រះ​បញ្ញាញាណ និង គិត​គួរ​អំពី​ប្រទេសជាតិ ទើបត្រូវ​រូ​វ​គ្នា​ជាមួយនឹង​អាណានិគម បារាំង ទើប បារាំង ចាប់ផ្តើម​គិតគូរ​យកចិត្តទុកដាក់​កសាង​ប្រទេស​កម្ពុជា ឱ្យ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ។

ដោយហេតុ​នោះ ហេដ្ឋារចនាសម្ព័ន្ធ និង សមិទ្ធផល​ជាច្រើន ក៏​ត្រូវបាន​ស្ថាបនា​ឡើង ក្នុង​រជ្ជកាល​របស់​ព្រះអង្គ​ដែរ គឺ​ដោយ​មានការ​ជ្រោមជ្រែង​ពី បារាំង មាន​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ ទៅ ប៉ោយប៉ែត ជាដើម ។​​បន្ទាប់ពី​ព្រះបាទ ស៊ីសុវត្ថិ សោយ​ទិវង្គត​នៅ​ឆ្នាំ ១៩២៧ បុត្រ​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនី​វង្ស បាន​ឡើង​សោយរាជ្យ​បន្ត​នៅក្នុង​ព្រះជន្ម​៥២​ព្រះវស្សា​។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ​ត្រូវបាន​កត់សម្គាល់​ឃើញថា ការគ្រប់គ្រង​របស់ បារាំង មកលើ​កម្ពុជា មាន​ភាព​តឹងរឹង​ជាង​រជ្ជកាល​របស់ ព្រះបាទ ស៊ី​សុ​វ​ត្តិ ហើយ​នោះ​ក៏​ព្រោះតែ​សំណល់ នៃ ឥទ្ធិពល​សង្គ្រាមលោកលើកទី ១ ពី​ឆ្នាំ ១៩១៤ ដល់ ១៩១៨ ដែរ ។ ទោះយ៉ាងណា ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា នាពេលនោះ ក៏​ចាត់ទុកថា​ល្អ​គ្រាន់បើ​ដែរ ។​

​បើតាម​ឯកសារ បារាំង បាន​អះអាង គិត​ត្រឹម​ឆ្នាំ ១៩៣៦ ទីក្រុង​ភ្នំពេញ មាន​មនុស្ស​រស់នៅ ១០ ម៉ឺន​នាក់ រួមទាំង​ជនជាតិ បារាំង ១.៥១០ នាក់ ជនជាតិ វៀតណាម ២.៨០០ នាក់ ជនជាតិ ចិន ២១.៣០៩ នាក់ និង ជនជាតិ ចាម ម៉ាឡេស៊ី ៣.៣៦៣ នាក់​ផង ។ ទន្ទឹមនឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ដូចជា​ការលេចឡើង​នូវ​ផ្លូវ​រថភ្លើង សាលារៀន មន្ទីរពេទ្យ និង សាលាក្រុង ជាដើម ហើយ ផ្សារ​ធំថ្មី ក៏ត្រូវ​បានផ្តល់​កំណើត​នា​អំឡុងពេល​នោះដែរ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ ការដោះដូរ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ដែលមាន​ទាំង​ពាណិជ្ជករ​ខ្មែរ និង ពាណិជ្ជករ​បរទេស ។​

ឯកសារ បារាំង ដដែល​អះអាងថា “ ផ្សារ​ធំថ្មី ត្រូវបាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​សំណង់​ឥណ្ឌូចិន របស់ បារាំង ដោយបាន​គូរ​ប្លង់ នៅ​ឆ្នាំ ១៩២៥ ហើយ​ចាប់ផ្តើម​សាងសង់​នៅ​ខែ សីហា ឆ្នាំ ១៩៣៥ បញ្ចប់​នៅ​ខែ មិថុនា ឆ្នាំ ១៩៣៧ ( ក្រោម​ជំនួយ​របស់ បារាំង ) ដោយមាន​ស្ថាបត្យករ បារាំង ២ នាក់ គឺ ៖ លោក Jean Desbois ជា​ស្ថាបត្យករ ផ្សារ​ធំថ្មី និង លោក Emile Maigrot ជា​ស្ថាបត្យករ​សំណង់​អាគារ​ជុំវិញ ផ្សារ​ធំថ្មី ហើយ ផ្សារ​ធំថ្មី ត្រូវបាន​បើកសម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ខែកញ្ញា​ឆ្នាំ​១៩៣៧ ក្រោម​ព្រះរាជអធិបតីភាព របស់​ព្រះមហាក្សត្រ​ព្រះបាទ​ស៊ីសុវត្ថិ​មុន្នី​វង្ស “ ។​

​ឯកសារ​ដដែល​បញ្ជាក់​អំពី​អត្ថន័យ នៃ រូបរាង ឬ ទម្រង់ នៃ ផ្សារ​ធំថ្មី ថា “ ដំបូល​មាន​រាង​មូល នៃ ផ្សារ​ធំថ្មី គឺ​តំណាង​ទីប្រជុំជន ឬ ទី​ប្រសព្វ នៃ ទីក្រុង​ភ្នំពេញ ។ ចំណែក​អាគារ​ស្លាប ៤ ទៀត តំណាងឱ្យ​ទី​ប្រសព្វ​គ្នា នៃ ទន្លេ​ទាំង ៤ គឺ​ទន្លេចតុមុខ “ ។ ដូច្នេះ​អត្ថន័យ នៃ ទម្រង់ ឬ រូបរាង នៃ ផ្សារ​ធំថ្មី គឺ​បែប​នេះឯង ហើយ​ចាប់តាំងពី​បាន​សាងសង់​រួច និង ចាប់ផ្តើម​ដំណើរការ​មក ផ្សារ​ធំថ្មី ទទួលបាន​កិត្តិនាម​ថា លក់ទំនិញ​ដែលមាន​គុណភាព​ល្អ និង មានតម្លៃ​ថ្លៃ ។

ចំណែក​បច្ចុប្បន្ន ( ក្រោយ ១៩៧៩ ) ផ្សារ​ធំថ្មី នៅតែ​រក្សាបាន​ថា​ជា​ផ្សា​រដែ​លលក់​ទៅដោយ​ទំនិញ​ថ្លែ​ជាង​កន្លែង​ផ្សេង​ដែរ ។​ទីទៃ​ពី អត្ថន័យ នៃ ទម្រង់​ទៅ ផ្សារ​ធំថ្មី នៅមាន​ករណី​គ​ឱ្យ​ចាប់អារម្មណ៍​មួយទៀត គឺ ទីតាំង នៃ ការសាងសង់​ផ្សារ​នេះ ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការកកើតឡើង នៃ រាជធានី​ភ្នំពេញ​តែម្តង ។​

​ទីតាំង នៃ ការសាងសង់ ផ្សារ​ធំថ្មី​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ អះអាងថា នៅ​ឆ្នាំ​១៤៣១ ( ខ្លះ​ថា​ឆ្នាំ​១៤៣៣ ) ព្រះបាទ ពញា យ៉ា​ត បានសម្រេច​ព្រះទ័យ​បោះបង់ រាជធានី​អង្គរ ទៅ​តាំង​នៅឯ​ទួល​បា​សាន ( ស្រុក​ស្រី​សន្ធ ) ។ ប៉ុន្តែ ដោយមាន​ទឹកជំនន់​ធំ​ខុសធម្មតា ព្រះអង្គ​គង់នៅ​ទួល​បា​សាន បានតែ​មួយឆ្នាំ គឺ​ឆ្នាំ​១៤៣២ ( ឬ​ឆ្នាំ​១៤៣៤ ) ព្រះបាទ​ពញាយ៉ាត ក៏​ប្ដូរ​រាជធានី​ពី​ទីនោះ មក​តាំងនៅ​ភ្នំ​ដូនពេញ​ចតុមុខ វិញ​។​

​លុះ​យាង​មកដល់​ភ្នំ​ដូនពេញ​ហើយ ព្រះអង្គ​ក៏​បង្គាប់​ឲ្យ ចៅពញា​តេ​ជោ ចៅហ្វាយខេត្ត​សំរោង​ទង កេណ្ឌ ប្រជានុរាស្ត្រ​លើកដី​ចាក់​បំពេញ តំបន់​នៅ​ជុំវិញ​វត្តភ្នំ និង​ក្នុង​ព្រះបរមរាជវាំង ។ តំបន់​នោះ​ក៏​ក្លាយទៅជា​រាបស្មើ​ល្អ រហូតដល់​មាត់ទន្លេ ចាប់តាំងពី​ពេលនោះ​មក អ្នកស្រុក​ហៅថា “ កំពង់​រាប​“​។​រីឯ​តំបន់​ដែល​ចៅពញា​តេ​ជោ​ឲ្យ​ប្រជានុរាស្ត្រ​ជីក​យក​អាចម៍ដី​ទៅ​ចាក់​បំពេញ​នៅ​កំពង់​រាប​នោះ ក៏​ក្លាយទៅជា​បឹង​មួយ​ធំ​ជ្រៅ​ទូលាយ អ្នកស្រុក​ហៅថា “ បឹង​តេ​ជោ “ គឺ​ហៅ​តាម​ឈ្មោះ ចៅពញា​តេ​ជោ ដែលជា​អ្នកដឹកនាំ​ការ​ជីកដី​គ្រា​នោះឯង ។

​ក្រោយមក​កម្ពុជា​បាន​ស្ថិតក្រោម​អាណានិគម​បារាំង បន្ទាប់ពី​បាន​ជួយ​ឱ្យ​កម្ពុជា មានការ​រីកចម្រើន​យ៉ាងខ្លាំង​មក នៅពេលដែល​ត្រូវការ​សាងសង់​មណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ ពោលគឺ​ផ្សារ​ធំថ្មី ដូចដែល​ពោល​ដោយ​សង្ខេប​ខាងលើនេះ បារាំង​បាន​ចាក់​លុប​បឹង​តេ​ជោ នោះ​ទាំងស្រុង ដើម្បី សាងសង់​ផ្សារ​ដ៏​ធំ​មួយ ចំ​កណ្ដាល​រាជធានី​ភ្នំពេញ គឺ​ផ្សារ​ធំថ្មី នេះឯង ពោលគឺ ទីតាំង នៃ ផ្សារ​ធំថ្មី​សព្វថ្ងៃ គឺ​តាំង​នៅលើ​ផ្ទៃ បឹង​តេ​ជោ ពី​អតីតកាល​។​

​ពី​ឆ្នាំ​១៩៧៥ រហូតដល់​ដើមឆ្នាំ​១៩៧៩ ផ្សារ​ធំថ្មី ត្រូវបាន​ផ្អាក​ទាំងស្រុង ហើយ​ត្រូវបាន​ខ្មែរក្រហម យក​ធ្វើជា​ឃ្លាំង​ដាក់​ជី ដាំ​ដើម​ដូង និង​ដើម​ចេក​ជុំវិញ​ផ្សារ នាំ​ឲ្យ ផ្សារ​ធំថ្មី ត្រូវ​ខូចខាត​ជា​អន្លើៗ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​ផ្សារ បាន​ខូចខាត​ទាំងស្រុង​។​
​ឆ្នាំ ១៩៧៩ ខ្មែរក្រហម ត្រូវបាន​ផ្តួលរំលំ កម្ពុជា​ត្រូវបាន​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ផ្សារ​ធំថ្មី​ក៏ត្រូវ​បានរៀបចំ​ជា​បណ្ដើៗ ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​របស់​រាជធានី​ភ្នំពេញ​។


​ដោយសារ​សំណង់​អគារ​ផ្សារ​ធំថ្មី មានការ​ប្រេះស្រាំ​និង​ជ្រាប​ទឹក​តាម​កន្លែង​មួយចំនួន​នោះ នៅ​ថ្ងៃទី​២៥ ខែ តុលា ឆ្នាំ ២០០៤ សាលា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចុះ​អនុសញ្ញា​ជាមួយ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​(AFD) បានផ្ដល់​ហិរញ្ញប្បទាន​ជា​ទឹកប្រាក់​ចំនួន ៤ លាន ៥ សែន​អឺរ៉ូ សម្រាប់​ជួសជុល​និង​កែលម្អ​ឡើងវិញ​។​

ថ្ងៃទី ២៧ ខៃ មករា ឆ្នាំ ២០០៩ ការជួសជុល​នឹង​ការកែលម្អ​ត្រូវបាន​ចាប់ផ្ដើម ដោយ​ក្រុមហ៊ុន VILLA PARC ENGINEERING ជា​អ្នកម៉ៅការ​សាងសង់ ក្រុមហ៊ុន KOSAN ENGINEERING ជា​អ្នក​ប្រឹក្សា​បច្ចេកទេស ហើយ​ស្ថាបត្យកម្ម ARTE ENGINEERING ARCHIRTECHTES​ជា​ស្ថាបត្យករ​។​ដោយ​រក្សា​ការ​លាប​ពណ៌​លឿង​ដូច​កាលពី​៧៤​ឆ្នាំមុន ក្រោយ​ការជួសជុល​អស់​រយៈពេល​៧​ឆ្នាំ​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០១១​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​៕S/