ចោរនៅជប៉ុនបានលួចយកម៉ាស់មុខវេជ្ជសាស្ត្រប្រមាណ៦.០០០ចេញពីមន្ទីរពេទ្យមួយ ខណៈពេលប្រទេសកំពុងជួបការខ្វះខាតម៉ាស់មុខក្នុងបរិមាណដ៏ច្រើននិងថ្លៃម៉ាស់មុខក៏ហក់ឡើងខ្ពស់ក្នុងការលក់តាមអនឡាញ ដោយសារតែភ័យរឿងកូរ៉ូណាវីរុស។
មន្ត្រីមន្ទីរពេទ្យម្នាក់បាននិយាយកាលពីថ្ងៃអង្គារទី១៨កុម្ភៈថា ម៉ាស់មុខ៤ឡាំង បានបាត់ពីឃ្លាំងចាក់សោរនៅមន្ទីរពេទ្យកាកបាទក្រហមជប៉ុននៅក្រុងកូបេតែ«យើងនៅសល់ម៉ាស់មុខច្រើនទៀត ដែលគ្រប់គ្រាន់សំរាប់បន្តប្រតិបត្តិការប្រចាំថ្ងៃរបស់យើងនៅមន្ទីរពេទ្យនេះ »។
ប៉ូលិសបានធ្វើការស៊ើបអង្កេតករណីនេះ និងសង្ស័យថា ពួកចោរមានបំណងលក់ម៉ាស់មុខទាំងនេះ។
សូមបញ្ជាក់ថា នៅប៉ុន្មានថ្ងៃមកនេះម៉ាស់មុខត្រូវបានលក់អស់ៗពីហាងនិងឱសថស្ថាននៅជប៉ុនចំពេលចំនួនអ្នកឆ្លងកូរ៉ូណាវីរុសនៅក្នុងប្រទេសបន្តកើនឡើង។
ការលួចម៉ាស់មុខនេះ កើតឡើងនៅមួយថ្ងៃបន្ទាប់ពីខ្មាន់កាំបិតជាច្រើននាក់នៅហុងកុងបានប្លន់យកក្រដាសបង្គន់រាប់រយដុំពីបុរសដែលកំពុងដឹកក្រដាសរមូរបង្គន់ដាក់តាមទីផ្សារ ចំពេលអ្នករស់នៅទីក្រុងនេះផ្អើលនាំគ្នាទិញទំនិញចាំបាច់ស្តុកទុក រួមមានមី អង្ករ និងក្រដាសបង្គន់ដោយសារតែកូរ៉ូណាវីរុស៕ប្រែសម្រួល៖វាសនា