ដោយ៖រ៉ូហ្សា
ភ្នំពេញ៖ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញចូលរួម ក្នុងឱកាសពិធីបិទការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើសជើងឯក រាជធានីភ្នំពេញ ប្រចាំ២០១៩-២០២០ លើ ៤ ប្រភេទកីឡា នៅវិទ្យាល័យឥន្ទ្រទេវី ដើម្បីចម្រាញ់រកក្រុមកីឡាករ -កីឡាការិនីឆ្នើមៗ ត្រៀមការប្រកួតកីឡា សិស្សបឋមសិក្សា ជ្រើសរើសជើងឯកទូទាំងប្រទេស នាខែមីនា ខាងមុខនេះ។

លោក ម៉ក ច័ន្ទរិទ្ធិ៍ អនុប្រធានការិយាល័យអប់រំកាយ និងកីឡា បានប្រាប់ឲ្យដឹងថា ការប្រកួត ឆ្នាំនេះ ដោយមានសមាគមកីឡាខ័ណ្ឌទាំង ១៤ និងសាលាឯកជនមួយ នៅទូទាំងរាជធានីភ្នំពេញ លើ ៤ ប្រភេទកីឡា ដូចជា កីឡាបាល់ទាត់ បាល់ទះ បាល់បោះ និង អត្តពលកម្ម ដែលមាន កីឡាករ-កីឡាការិនី ចូលរួមចំនួន ៥៩៤ នាក់ ក្នុងនោះមានកីឡាការិនី ២២២ នាក់។
លោក អ៊ុក ចន្ថា បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការអភិវឌ្ឍន៍កីឡា ដែលជាយុទ្ធសាស្ត្រ ក្នុងការធ្វើកំណែទម្រង់ វិស័យអប់រំកាយ និងកីឡា ដើម្បីឆ្លើយតប ចំពោះការកសាងធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ រីកចម្រើនទាំងធនធាន និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតភាព និងកិត្តិយសរបស់ ប្រជាជនកម្ពុជាទាំងមូល។

លោកបានបន្តថា ជោគជ័យ នៃការប្រកួត នាពេលនេះ វាជាការបង្ហាញ ពីភាពរីកចម្រើនមួយ កីឡាករ-កីឡាការិនី ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ ទាំងកម្លាំង ទាំងបច្ចេកទេស និងស្វែងយល់ពីការប្រកួត បន្ថែមទៀតដែរ ដើម្បីក្លាយខ្លួនកីឡាករ កីឡាការិនី អាជីពថ្នាក់ជាតិ នាពេលអនាគត។ កីឡាករ-កីឡាការិនី ជាក្រុមតំណាង ឲ្យរាជធានីភ្នំពេញ ដូច្នេះត្រូវបន្តហ្វឹកហាត់ ដើម្បីត្រៀមលក្ខណៈ ចូលរួមជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នៅរាជធានី៕v
