ដោយមូលសម្បត្តិ/ភ្នំពេញ៖លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំប្រតិភូក្រសួងចេញទៅសួរសុខទុក្ខភ្ញៀវទេសចរជាច្រើនដែលកំពុងស្នាក់នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោយពីពួកគេចុះពីនាវា Westerdamនៅខេត្តព្រះសីហនុកន្លងមក។

ជាមួយនឹងទឹកមុខញញឹមរួសរាយរាក់ទាក់ លោករដ្ឋមន្ត្រីបានបង្ហាញនូវភាព ស្និទ្ធស្នាលគួរជាទីរីករាយចំពោះភ្ញៀវទេសចរ ខណៈសារស័ព្ទ Thank you very much(សូមអរគុណជាអនេក)ក៏បន្លឺតបត្រឡប់មកលោករដ្ឋមន្ត្រីមកវិញ លោករដ្ឋមន្ត្រីក៏បានជូនពរឱ្យការស្នាក់នៅរបស់ភ្ញៀវទាំងនោះសូមប្រកបដោយរីករាយវិញដែរ។
ក្រោយការសម្ដែងនូវការស្វាគមន៍និងសួរសុខទុក្ខនេះហើយ លោកថោងខុនបានថ្លែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរួសរាយរាក់ទាក់របស់កម្ពុជា ក៏ដូចជាការទទួលបដិសណ្ឋារកិច្ចដ៏ល្អរបស់សណ្ឋាគារ ភ្ញៀវទាំងអស់សុទ្ធតែមានការពេញចិត្តយ៉ាងខ្លាំងនិងគោរពអរគុណចំពោះប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះពួកគេតាំងពីនៅលើនាវារហូតដល់កន្លែងស្នាក់នៅក្នុងរាជធានីភ្នំពេញ។

លោកបានបញ្ជាក់ទៀតថា«ភ្ញៀវទាំងអស់បានសន្យាថានឹងរាយការណ៍ជូនរដ្ឋាភិបាលនិងមិត្តរបស់ពួកគេអំពីកម្ពុជាដ៏ស្រស់ស្អាតនិងបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា។សន្យាថានឹងនាំមិត្តភក្តិមកលេងកម្ពុជានិងទស្សនាប្រាសាទអង្គរវត្តនៅពេលក្រោយទៀត»។ព្រមជាមួយនោះ លោករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់អ្នកគ្រប់គ្រងសណ្ឋាគារសូមឱ្យយកចិត្តទុកដាក់ផ្តល់បដិសណ្ឋារកិច្ចឱ្យបានល្អបន្ថែមទៀតដល់ភ្ញៀវទាំងនោះ។

សូមជម្រាបថា ភ្ញៀវទេសចរបរទេសនិងក្រុមនាវិកដែលចេញពីនាវាWesterdamដែលកំពុងស្នាក់នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញមានចំនួន៥៩៨នាក់ដែលនឹងធ្វើដំណើរនិវត្តទៅកាន់ប្រទេសរៀងខ្លួនជាបន្តបន្ទាប់ចាប់ពីយប់ថ្ងៃអង្គារនេះវិញហើយ៕S/Ha
