ដ្រូនថ្មីរហស្សនាម Formula 1 លើមេឃ ចាប់ផ្តើមហោះហើរលើកដំបូងមានដឹកមនុស្ស

441
ចែករម្លែក

ដ្រូនមានមនុស្សជិះដ៏មិនគួរឱ្យជឿមួយ ដែលគេពណ៌នាថាជារថយន្ត Formula 1 លើមេឃ អាចសម្តែងការហោះហើរក្រឡាប់ផ្ងារលើមេឃយ៉ាងអស្ចារ្យនៅល្បឿន ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង សូម្បីនៅពេលមានមនុស្សជិះនៅលើនោះទៀត។

ដ្រូនឈ្មោះ Big Drone បានធ្វើការហោះហើរជាលើកដំបូងនៅប្រទេសក្រូអាស៊ី ដោយនាយកប្រតិបត្តិក្រុមហ៊ុន Drone Champions League លោក ហឺបឺត វៀរ៉ាឌ័រ ជាអ្នកអង្គុយនៅក្នុងដ្រូន ខណៈមនុស្សម្នាក់ទៀតបញ្ជាដ្រូនឱ្យហោះក្រឡាប់ផ្កាប់ផ្ងារ។

ដ្រូន ដែលរចនាឡើងយកស្ទីលស្រដៀងរថយន្ត Formula 1 នេះ មានប្រវែងប្រហែល ៤,៩ ម៉ែត្រ និងមានម៉ូទ័រធំនិងស្លាបចក្រ ១២ ដើម្បីឱ្យវាហោះយ៉ាងរលូនលើអាកាស។

ក្រុមហ៊ុន Drone Champions League បានចាប់ផ្តើមផលិតដំបូងបំផុតគឺដ្រូនខ្នាតតូច ប៉ុន្តែវាតូចពេកមនុស្សមិនចង់បានវាទេ។ លោកវៀរ៉ាឌ័រនិយាយថា ដូច្នេះ “យើងបានផលិតវាឱ្យធំ”។

ក្រុមហ៊ុនឥឡូវស្នើឱ្យមនុស្សដាក់ពាក្យចូលរួមបញ្ជាដ្រូនកម្លាំង ២១៧ សេះនេះនៅក្នុងការប្រណាំងប្រជែងមួយហៅថា Drone Champions League – The Game។

ការធ្វើតេស្តដំណាក់កាលដំបូងលើដ្រូននេះធ្វើឡើងនៅទីក្រុងវ៉ាសាក្នុងប្រទេសក្រូអាស៊ី ហើយត្រូវបានក្រុមហ៊ុនពណ៌នាថាជា “ព្រឹត្តិការណ៍ហោះហើរលើកដំបូងជាប្រវត្តិសាស្ត្រ” ឆ្ពោះទៅរកកម្មវិធីប្រកួតប្រណាំងដ្រូននាពេលអនាគត។

ដ្រូន Big Drone អាចហោះក្នុងល្បឿន ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើម៉ូទ័រនិងស្លាបចក្រ១២ ដែលផលិតកម្លាំងម៉ាស៊ីនបានដល់ទៅ ២១៧ សេះ។ វាអាចផ្ទុកទម្ងន់បាន ១៦៧ គីឡូក្រាម៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ