ពាក្យចចាមអារ៉ាមមិនព្រមសាបរលាបនោះឡើយ។ តើតារាសម្តែងចិន នាង វូ ជីនយ៉ាន កំពុងណាត់ទាក់ទងជាមួយតារាសម្តែងរួម លោក ហុង យ៉ាវ ពីខ្សែភាពយន្តភាគ Story Of Yanxi Palace (២០១៨)?
ពាក្យចចាមអារ៉ាមនៅតែលេចឮថា អ្នកទាំងពីរជាគូស្នេហ៍នឹងគ្នា ក្រោយតារាទាំងពីរត្រូវគេសង្ស័យធ្វើដំណើរថ្មីៗនេះទៅទីក្រុងសានយ៉ាក្នុងខេត្តហៃណាន។
រឿងហួសចិត្តសម្រាប់អ្នកគាំទ្ររឿងភាគមួយនេះគឺថា ពួកគេទាំងពីរសម្តែងជាតួស្អប់គ្នាទៅវិញទៅមក។ នាងវូសម្តែងជាស្រីស្នំឈ្មោះ វៃ យីងលូ ដែលប្អូនស្រីរបស់នាងត្រូវបានចាប់រំលោភដោយព្រះអង្គម្ចាស់ហុងចូវ សម្តែងដោយលោកហុង។
នាងវូ អាយុ២៩ឆ្នាំ និងលោកវូអាយុ២៧ឆ្នាំ ដែលគេនិយាយថាកាន់តែជិតស្និទ្ធនឹងគ្នាពេលសម្តែងក្នុងរឿង Story Of Yanxi Palace ត្រូវបានញាំញីដោយពាក្យចចាមអារ៉ាមអំពីការមានស្នេហានឹងគ្នាតាំងពីឆ្នាំមុន។
តាមដឹងអ្នកទាំងពីរបានដើរលេងជាមួយគ្នានៅកោះបាលីកាលពីខែកុម្ភៈឆ្នាំ២០១៩។ អ្នកលេងអ៊ីនធឺណេតភ្នែកមៀមមើលឃើញពួកគេស្លៀកពាក់ឈុតដូចគ្នា និង ចិញ្ចៀនដូចគ្នានៅក្នុងរូបថតមួយចរាចរពេញអនឡាញ។ ប៉ុន្តែនាងវូបដិសេធថាពួកគេគ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះ។
ក្នុងខែមេសាឆ្នាំមុន លោកហុងបានបង្ហោះរូបថតនាងវូផ្អែកក្បាលលើស្មារបស់គាត់នៅលើវេបសាយបណ្តាញសង្គម Weibo មុនពេលលុបរូបនោះវិញនៅ២០នាទីក្រោយ។
ក្នុងឧបទ្ទវហេតុចុងក្រោយបំផុត ពួកអ្នកលេងអ៊ីនធឺណេតបានឃើញភាពស្រដៀងគ្នារវាងវីដេអូឃ្លីបពីរ ដែលនាងវូបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី៦កុម្ភៈ និង វីដេអូមួយទៀតបង្ហោះដោយហុងកាលពីថ្ងៃសៅរ៍ទី១៥កុម្ភៈ។
ពួកអ្នកលេងអ៊ីនធឺណេតសង្ស័យថា តារាទាំងពីរបានដេកនៅសណ្ឋាគារតែមួយ ក្រោយពួកគេកត់សម្គាល់ឃើញពណ៌ឥដ្ឋ ជញ្ជាំង និងគ្រឿងតុបតែងស្រដៀងគ្នា។
ក្រៅពីរឿង Story Of Yanxi Palace នាងវូនិងលោកហុងក៏សម្តែងរួមគ្នាក្នុងរឿងភាគជាច្រើនផងដែរដូចជារឿង Untouchable Lovers (២០១៨) រឿង The Legend Of Hao Lan (២០១៩) និងរឿងភាគថ្មី Fighting Youth ដែលរឹតបង្កើនពាក្យចចាមអារ៉ាមថាអ្នកទាំងពីរពិតជាកំពុងទាក់ទងគ្នាមែនហើយ៕ ដោយ៖ កញ្ញាដាលីស