ដោយ:ដេប៉ូ/ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងឱ្យដឹងថាគិតរហូតមកដល់ពេលនេះសហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលមានចុះបញ្ជីនៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបចំនួន ១៤ ០៦០ សហគ្រាស គ្រឹះស្ថាន ដែលមានកម្មករនិយោជិតចំនួន ១,៥០ លាននាក់ ដោយបាន ទទួលប្រាក់ឈ្នួលជាមធ្យមជាង ៣,៧០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ការបញ្ជាក់ឱ្យដឹងបែបនេះធ្វើឡើងដោយ លោក អ៊ិតសំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ នៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២០ នេះ។

លោករដ្ឋមន្រ្តីក្រសួងការងារបានមានប្រសាសន៍ថា ក្រៅពីកំណើនរោងចក្រនិងកម្មករនិយោជិតក្នុងប្រទេសកម្ពុជាមានការងារធ្វើច្រើនឡើងហើយ ចំណែកបងប្អូនពលករដែលធ្វើការនៅក្រៅប្រទេសបានផ្ញើរថវិការមកផ្ទះគិតពីប្រាក់បញ្ញើវិញ ក្នុងឆ្នាំជាង២,៨០ពាន់លានដុល្លារទៀតផង។

លោកបានមានប្រសាសន៍ថា សមិទ្ធផលដែលសម្រេចបានពេញ១ឆ្នាំកន្លងមក បានធ្វើឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជា កាន់តែដើរតួរនាទីយ៉ាងសំខាន់ ដល់ការគាំទ្រនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងបន្តជំរុញកំណើនសេដ្ឋកិច្ច ការបន្តភាពប្រកួតប្រជែងរបស់កម្ពុជា ការបន្តនីរន្តភាពពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម និងវិនិយោគ។

លោកបានបញ្ជាក់បន្ថែមថា ឆ្នាំ២០១៩ ដែលជាឆ្នាំទី១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ក្នុងនោះដូចជា ៖ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ,ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ,ការរក្សានិងបង្កើនមុខរបរ និងការងារនៅក្នុងនិងក្រៅប្រទេស,ការអភិវឌ្ឍរបបសន្តិសុខសង្គម,ការពង្រឹងសេវាគាំទ្រទូទៅជាដើម៕B/