ដោយៈ មេសា/ភ្នំពេញៈ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានលើកឡើងអំពីគោលជំហរដាច់ខាតប្រឆាំងអំពើហិង្សាគ្រប់ទម្រង់លើកុមារថា សារដែលយើងចង់ផ្ញើជូនសាធារណជន និង សង្គមខ្មែរទាំងមូលបានជ្រួតជ្រាប និង ដោយច្បាស់លាស់ថា អំពើហិហង្សាលើកុមារ ទោះក្នុងទម្រង់ណាក៏ដោយ ក៏មិនអាចទទួលយកបានឡើយ ប៉ុន្តែវាជាអំពើដែលអាចទប់ស្កាត់បាន ខណៈការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ ក៏មានខ្លឹមសារស្រដៀងគ្នានោះដែរ ។ ដូច្នេះការបំបែកកុមារចេញពីគ្រួសារ គឺជាជម្រើសចុងក្រោយ និង គ្រាន់តែជាជម្រើសបណ្តោះអាសន្នប៉ុណ្ណោះ ។
លោកស្រី ខៀវ បូរី ថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបើកយុទ្ធនាការ គ្រួសាររឹងមាំ ដើម្បី បញ្ចប់អំពើហិង្សាលើកុមារ និង ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជា នាព្រឹកថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ នាឯសណ្ឋាគារ កាំបូឌីយ៉ាងណា ។
ព្រះភិក្ខុ នី សុខបញ្ញា គង់នៅវត្តទំពូង បានលើកឡើងអំពីទស្សនៈព្រះពុទ្ធសាសនា ចំពោះអំពើហិង្សាគ្រប់ប្រភេទ ថា ចំពោះព្រះពុទ្ធសាសនា អំពើហិង្សាគ្រប់ប្រភេទ ត្រូវបានព្រះពុទ្ធហាមឃាត់ និង ពន្យល់ជាច្រើនអន្លើ ឱ្យចៀសវាង ជាក់ស្តែងនៅក្នុងសិក្ខាបទទី ១ នៃ សីល ៥ ព្រះពុទ្ធបានប្រៀនប្រដៅឱ្យជនានុជន គឺមិនមែនត្រឹមតែជាពុទ្ធសាសនិកទេ គឺមនុស្សគ្រប់រូបឱ្យចៀសវាង កុំឱ្យប្រព្រឹត ។ ដូច្នេះអំពើហិង្សាលើកុមារទោះបែបផ្លូវកាយ ដោយវាចាដូចជាការពោលពាក្យជេរស្តីប្រមាថ សម្លុត គំរាម កំហែង និង ផ្លូវចិត្ត ដូចជាការគិតប៉ុនប៉ងចងអាឃាត និង គំនុំគុំគូនជាដើម ។
ក្រសួងសង្គមកិច្ច បានធ្វើសមាហរណកម្មកុមារពីមណ្ឌល ទៅគ្រួសារ និង សហគមន៍វិញ ប្រមាណជា ៣០ ភាគរយហើយ ប៉ុន្តែកុមារប្រមាណជា ១ ម៉ឺន ៧ ពាន់ នាក់កំពុងស្នាក់នៅ នៅតាមមណ្ឌលនៅឡើយ គឺដោយសារភាពក្រីក្រមិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុង ខណៈអ្នកខ្លះយល់ថា កុមារអាចទទួលបានការថែទាំ និង អប់រំបានល្អប្រសើរពីមណ្ឌល ។ ប៉ុន្តែអ្នកពាក់ព័ន្ធទាំងឡាយអះអាងយ៉ាងម៉ឺងម៉ាត់ថា នោះគឺជាការយល់ខុស ផ្ទុយទៅវិញ ការស្នាក់នៅមណ្ឌលធ្វើឱ្យប៉ះពាល់អវិជ្ជមានយ៉ាងច្រើនដល់កុមារ ទាំងការលូតលាស់ផ្នែករាងកាយ និង គំនិតប្រាជ្ញាស្មារតី ហើយប្រឈមនឹងហានិភ័យជាច្រើនទៀតផង ។
ករណីនេះ ព្រះភិក្ខុ នី សុខបញ្ញា ពន្យល់ថា ប្រភពដ៏កក់ក្តៅសុខសាន្តពិតប្រាកដ របស់កុមារ គ្មានអ្នកដទៃណាអាចប្រៀបផ្ទឹមទៅនឹងឪពុកម្តាយបានឡើយ ព្រោះទាំងចិត្តស្រឡាញ់ ចិត្តមេត្តា ចិត្តលះបង់ និង ការថ្នាក់ថ្នមយកចិត្តទុកដាក់ចំពោះកុមារ គ្មានបុគ្គលណាផ្សេងអាចផ្ទឹមស្មើនឹងឪពុកម្តាយឡើយ ។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និង យន្តការជាច្រើនសំដៅការពារឧត្តមប្រយោជន៍របស់កុមារ ដូចជាក្រុមប្រឹក្សាជាតិ ដើម្បី កុមារ នាយកដ្ឋានសុខុមាលភាពកុមារ អនុវត្តគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ក្នុងគ្រួសារក្រីក្រជាដើម ៕ Kh