Home ព័ត៌មានអន្តរជាតិ ចិន​ចាប់ផ្តើម...

ចិន​ចាប់ផ្តើម​មើលឃើញ​អ្នក​ជា​ចេញពី​ពេទ្យ​ច្រើនជាង​អ្នក​ឆ្លង​ចូល​ពេទ្យ​ជា​លើកដំបូង​

​ចំនួន​អ្នក​ជា​ពី​ជម្ងឺ​Covid-19​ប្រចាំ​ថ្ងៃ​នៅ​ចិន បាន​កើន​ហួស​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​នេះ​ជា​លើកដំបូង នេះ​បើ​តាម​ការអះអាង​របស់​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​​ចិន​។​

​គណៈកម្មាធិការ​កាលពី​ថ្ងៃ​ពុធ​ទី​១៩​កុម្ភៈ​បាន​បង្ហាញ​តួលេខ​អ្នកជា​ពី​ជម្ងឺ​និង​ចេញពី​មន្ទីរពេទ្យ​ចំនួន​១.៨២៤​នាក់​គឺ​ខ្ពស់​ជាង​ចំនួន​អ្នក​ឆ្លង​ក្នុង​ថ្ងៃ​ដូចគ្នា ដែល​​មាន​ចំនួន​១.៧៤៩​នាក់​។​

​សរុប​តាំងពី​មុន​មក អ្នក​ជម្ងឺ​១៤.៣៧៦​នាក់​បាន​ជា​ចេញពី​ពេទ្យ គិត​មក​ត្រឹម​ចុង​ថ្ងៃ​អង្គារ​។​

​ក្នង​ការធ្វើ​បច្ចុប្បន្នភាព​ប្រចាំថ្ងៃ​របស់​ខ្លួន គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​១.៦៩៣​សំ​រាប់​ថ្ងៃ​អង្គារ ដែល​នេះ​ជា​ការធ្លាក់​​ចុះ​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​ទាប​បំផុត​គិត​ចាប់តាំងពី​ថ្ងៃ​១១​កុម្ភៈ​មក និង​ជា​ថ្ងៃទី​២​ជាប់​គ្នា​ដែល​ចំនួន​ឆ្លង​នៅក្រោម​២.០០០​ករណី​ក្នុង​មួយថ្ងៃ​។​

​ក្នុងការ​និយាយ​ទូរស័ព្ទ​ទៅកាន់​នាយករដ្ឋមន្ត្រី​អង់គ្លេស​កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង បាន​មានប្រសាសន៍ថា វិធានការ​របស់​ចិន​ក្នុងការ​​ទប់ស្កាត់​និង​គ្រប់គ្រង​ជម្ងឺឆ្លង​COVID-19 សំរេច​បាន​ការរីកចំរើន​បណ្តើរៗ នៅពេល​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស​នេះ​ឈាន​ដល់​ចំណុច​សំខាន់​មួយ​។​

​លោក​បាន​មានប្រសាសន៍ថា ចាប់តាំងពី​ការផ្ទុះ​ជម្ងឺ​នេះ​មក ចិន​ផ្តល់​អាទិភាព​លើ​សុវត្ថិភាព​និង​សុខភាព​របស់​ប្រជាជន​ខ្លួន កេណ្ឌ​កម្លាំង​មួយ​ប្រទេស​និង​ប្រ​​កាន់​យក​វិធានការ​បង្ការ ទប់ស្កាត់​និង​គ្រប់គ្រង​យ៉ាង​ស្វាហាប់​និង​ពិស្តារ​បំផុត​។​«​ដោយសារ​កិច្ចខិតខំ​នេះ សភាពការណ៍​មាន​ការវិវត្តន៍​វិជ្ជមាន ហើយ​វិធានការ​​ទប់ស្កាត់ បង្ការ​និង​គ្រប់គ្រង​របស់​ចិន​មាន​ការវិវឌ្ឍ​ដែល​អាច​មើលឃើញ​»​។​

​ក្នុងពេល​ជាមួយគ្នា សារព័ត៌មាន​រដ្ឋ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​ជម្ងឺឆ្លង នឹង​ប្រកាន់យក​វិធានការ​ទូទៅ​និង​បែប​ចាប់បង្ខំ​បន្ថែមទៀត​ដើម្បី​ស្វែងរក​អ្នក​ជម្ងឺ​ក្តៅខ្លួន ក្នុង​បំណង​ទប់ស្កាត់​ការឆ្លង​រាលដាល​កូរ៉ូណា​វីរុស​ថ្មី​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ស៊ីន​ហួរ​បាន​និយាយថា ខេត្ត​នឹង​ត្រួតពិនិត្យ​ប្រវត្តិ​អ្នក​ជម្ងឺ​ទាំងអស់ ដែល​បាន​មកជួប​គ្រូពេទ្យ​ចាប់ពី​ថ្ងៃ​២០​មករា​មក និង​អ្នក​មក​ទិញ​ឱសថ​ក្អក​និង​ក្តៅខ្លួន​នៅតាម​ឱសថ​ស្ថាន​។​

​យោងតាម​ការសិក្សា​មួយ​របស់​អ្នកសិក្សា​ស្រាវជ្រាវ​ចិន អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​Covid-19​ជាង​៨០​ភាគរយ​ចេញ​រោគសញ្ញា​ស្រាល ដោយ​អ្នក​ជម្ងឺ​វ័យចាស់​និង​អ្នក​មាន​ជម្ងឺ​រ៉ា​រ៉ៃ ប្រឈម​ការ​កើត​ជម្ងឺ​Covid-19​នេះ​ខ្ពស់បំផុត​។​

​ឯកសារ​មួយ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​ជម្ងឺឆ្លង​របស់​ចិន​មួយ បាន​ពិនិត្យ​លើ​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន​៧២.៣១៤​នាក់​នៅ​ទូទាំង​ប្រទេស​ចិន​កាលពី​ថ្ងៃ​១១​កុម្ភៈ​។​ក្នុង​ចំនួន​នេះ មាន​៨០,៩​ភាគរយ​ចេញ​រោគសញ្ញា​ស្រាល ១៣,៨​ភាគរយ​ធ្ងន់ធ្ងរ និង​មាន​តែ​៤,៧​ភាគរយ​ទេ​ដែល​ធ្ងន់ធ្ងរ​ប្រឈម​ការបាត់បង់​ជីវិត​។​

​សំរាប់​មនុស្ស​មាន​អាយុ​៨០​ឆ្នាំ​ឡើង អត្រា​ស្លាប់​មាន​កំរិត​១៤,៨​ភាគរយ​។​អ្នក​ជម្ងឺ​កើត​របេង​ប្រឈម​ការស្លាប់​ខ្ពស់បំផុត​បើសិនជា​ឆ្លង​Covid-19 បន្ទាប់​មក​អ្នក​កើត​ទឹកនោម​ផ្អែម ជម្ងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ និង​លើសឈាម​៕​ប្រែ​សម្រួល​៖​វាសនា​

អ្នក​ជម្ងឺ​Covid-19​ជា​ចេញពី​មន្ទីរពេទ្យ​នៅ​ខេត្ត​ហៃ​ណាន់​កាលពី​ថ្ងៃ​១៨​កុម្ភៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...