ដោយ:ដេប៉ូ/ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោកអ៊ិតសំហេងបានថ្លែងថាតាមរយៈការខិតខំរកការងារនិងគ្រប់គ្រងទីផ្សារការងារកន្លងមកកម្ពុជាសម្រេចបានជោគជ័យនិងនាថ្ងៃខាងមុខក្រសួងការងារនៅតែបន្តគ្រប់គ្រង់ទីផ្សារការងារនិងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត។
ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ នៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២០ លោកអ៊ិត សំហេងរដ្ឋមន្រ្តីក្រសួងការងារបានឱ្យដឹងថាក្រសួងបានខិតខំបន្តគ្រប់គ្រងទីផ្សារការងារ និងកម្លាំងពលកម្មដែលរាជរដ្ឋាភិបាលខិតខំបង្កើតការងារជូនបងប្អូនជាពលរដ្ឋ រហូតមានកម្លាំងពលកម្មសរុបប្រមាណ ១០លាននាក់ ក្នុងនោះ នៅក្នុងប្រទេសប្រមាណ ៣,៦៩លាននាក់ (ផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានចំនួនជាង ១,៥០លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ២,២០លាននាក់) វិស័យកសិកម្មប្រមាណ៤លាននាក់ មន្រ្តីសាធារណៈ ៥០ម៉ឺននាក់ និងពលករដែលធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណជាង ១,២៨លាននាក់។ក្នុងកត្តានេះដែរដែលបានធ្វើឱ្យប្រជាពលរដ្ឋជាង ៩៩,៣% មានការងារធ្វើ។
លោកបានបន្តឱ្យដឹងថា ក្នុងការពង្រឹងផ្នែកទីផ្សារការងារនេះដែរក្រសួងនឹងពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះបង្កលក្ខណៈសម្បត្តិ ឱ្យបងប្អូនទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ។
លោកថា កន្លងមកក្រសួងបានប្រមូលចុះឈ្មោះអ្នកស្វែងរកការងារចំនួន ១៨ ៦៥៦នាក់ និងបានជួយស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋតាមរយៈយន្តការផ្គូផ្គូងការងារ តាមបច្ចេកវិទ្យាព័ត៌មាន, មជ្ឈមណ្ឌលការងារ និងវេទិកាការងារថ្នាក់ជាតិ ខេត្ត និងមូលដ្ឋានចំនួន ២៧ ៦៦៩នាក់ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ និងកម្មវិធីអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងតាមរយៈ ទីភ្នាក់ងារជ្រើសរើសពលករស្របច្បាប់។ក្រៅពីនេះក៏បានរៀបចំពិព័រណ៍ការងារ ទិវាជ្រើសរើសកម្លាំងពលកម្មថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន សរុបចំនួន ២១៧ដង ដែលមានអ្នកចូលរួមសរុប ៤០០២៥នាក់ ដែលមានការកើនឡើងជាបន្តបន្ទាប់ជាងឆ្នាំមុនៗ ដោយ សារការបង្កើនការផ្សព្វផ្សាយ និងការជឿទុកចិត្តលើគុណភាពសេវាជាដើម៕B/