អតីតនាយករដ្ឋមន្រ្តីអូស្ត្រាលីលោក តូនី អាប់បុត បានអះអាងថា ម៉ាឡេស៊ីបានធ្វើអះអាងដោយសម្ងាត់ថា អ្នកបើកយន្ដហោះ MH370 បានធ្វើអត្តឃាតសម្លាប់រង្គាល។

លោកអាប់បុតបានបង្ហើបប្រាប់រឿងរសើបនេះថា លោកត្រូវបានប្រាប់ដោយពួកមន្ត្រីនៅថ្នាក់ខ្ពស់បំផុតរបស់រដ្ឋាភិបាលម៉ាឡេស៊ីតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសោកនាដកម្មនោះថា ប្រធានបើកបរយន្តហោះឈ្មោះ ហ្សាហារី សា គឺជាឃាតករអត្តឃាត ហើយដូច្នេះមិនមែនជាឧបទ្ទវហេតុទាក់ទងនឹងបញ្ហាបច្ចេកទេសយន្ដហោះនោះទេ។

យន្តហោះ MH370 បានក្លាយជាអាថ៌កំបាំងអាកាសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក នៅពេលវាហោះចេញពីទីក្រុងគូឡាឡាំពួទៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ៨ ខែមីនាឆ្នាំ ២០១៤ ដោយដឹកអ្នកដំណើរ ២៣៩ នាក់ ក្នុងនោះមានជនជាតិអូស្ត្រាលី ៦ នាក់ ដែលបានបាត់ខ្លួនជារៀងរហូត។

ការស៊ើបអង្កេតរបស់រដ្ឋាភិបាលម៉ាឡេស៊ីនៅតែមិនមានភាពច្បាស់លាស់ជាសាធារណៈ ប៉ុន្តែជាលក្ខណៈឯកជនលោកអាប់បុតបានអះអាងថា អ្នកមានឋានៈកំពូលបំផុតបានដឹងការពិតក្នុងរយៈពេលមួយសប្តាហ៍នៃការបាត់យន្តហោះ ប៉ុន្តែគាត់បារម្ភថា ក្រុមស្វែងរករបស់ម៉ាឡេស៊ីនឹងមិនត្រូវអនុញ្ញាតឱ្យទម្លាយរឿងពិតនោះទេ។

លោកអាប់បុតបានប្រាប់កម្មវិធីវីដេអូឯកសាររបស់ទូរទស្សន៍ Sky News ថា “ការយល់ដឹងច្បាស់លាស់របស់ខ្ញុំពីថ្នាក់ដឹកនាំកំពូលបំផុតរបស់រដ្ឋាភិបាលម៉ាឡេស៊ីគឺថា តាំងពីដំបូងពួកគេគិតថាវាជាការធ្វើអត្តឃាតសម្លាប់រង្គាលដោយអ្នកបើកយន្តហោះ។ ខ្ញុំនឹងមិននិយាយថាអ្នកណាបាននិយាយអ្វីទៅអ្នកណានោះទេ ប៉ុន្តែខ្ញុំសូមបញ្ជាក់ជាថ្មី ខ្ញុំចង់និយាយឱ្យច្បាស់បំផុតថា គេបានជ្រាបនៅថ្នាក់ដឹកនាំកំពូលថា នេះសឹងតែជាអំពើឃាតកម្ម។ វាជាការធ្វើអត្តឃាតសម្លាប់រង្គាលដោយអ្នកបើកយន្តហោះ”៕ ដោយ៖ កញ្ញាដាលីស

លោកអាប់បុតអះអាងថាមន្ត្រីកំពូលម៉ាឡេស៊ីប្រាប់គាត់ថា អ្នកបើកយន្តហោះ MH370 ជាឃាតករអត្តឃាត