ទីតាំងលួចចាក់ដីលុបសមុទ្រនៅស្រុក​ស្រែអំបិល កំពុងត្រូវបានស្រាវជ្រាវរកឃើញអ្នកប្រព្រឹត្ត

ដោយ:សុផានីតា/កោះកុង ៖ មន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា តំណាងក្រសួង ស្ថាប័ន មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ កំពុងស្រាវជ្រាវពិនិត្យវែងរកមុខជនដែលបានលួចធ្វើសកម្មភាពរំលោភឆ្នេរសមុទ្រដែលជាកម្មសិទ្ធិសាធារណៈរដ្ឋធ្វើជាកម្មសិទ្ធិឯកជន នៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល គ្រាបញ្ហានេះកើតមានយូរខែឆ្នាំមកហើយ។

លោក នី ផល្លី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០​សហការជាមួយតំណាងក្រសួងដែន ក្រសួងបរិស្ថាន មន្ទីរជុំវិញខេត្ត និងរដ្ឋបាលស្រុកស្រែអំបិល បានចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងដែលរងការចោទប្រកាន់ថាមានគេលួចចាក់ដី គ្រួស និងថ្មចូលឆ្នេរសមុទ្រយ៉ាងអនាធិប​តេយ្យនៅភូមិស្វាយខាងលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។

ប្រាប់រស្មីកម្ពុជា នៅថ្ងៃទី១៩​ខែកុម្ភៈ លោក ផល្លី អគ្គលេខាធិការរង នៃអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានលើកឡើង ថា រូបលោក និងតំណាងក្រសួង ព្រមទាំងអាជ្ញាធរជំនាញ គឺពិតជាបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុនោះមែន។ ទោះយ៉ាងណានោះ លោកនៅមិនទាន់អាចបញ្ជាក់លម្អិតនៅឡើយទេពីស្ថានភាពជាក់ស្តែង ដោយកំពុងមូលមតិគ្នា ដើម្បីធ្វើរបាយការណ៍លម្អិតមួយដាក់ជូនប្រមុខរដ្ឋាភិបាលកម្ពុជា។

បែបនេះក្តី លោកអគ្គលេខាធិការរង ថ្លែងថា គិតមកទល់ពេលនេះ ក្រុមការងារបានទទួលរាល់ឯកសារពាក់ព័ន្ធមួយចំនួននេះហើយ ដើម្បីរក្សាទុកជាមូលដ្ឋានវិនិច្ឆ័យធ្វើរបាយការណ៍ជាក់លាក់គ្រប់ជ្រុងជ្រាយលើបញ្ហាសកម្មភាពចាក់ដី គ្រួស និងថ្មលយចូលសមុទ្រខាងលើ។

តាមលោក នី ផល្លី គ្រាន់តែទទួលស្គាល់ថា  ពិតជាមានការចាក់ដីរំលោភពិតប្រាកដ មែន។ ចំពោះទំហំផ្ទៃដីឆ្នេរសមុទ្ររងការរំលោភបំពានកម្រិតណា ពុំទាន់អាចបញ្ជាក់ ឬថានឹងត្រូវមានវិធានការដោះស្រាយរបៀបម៉េចដែរ គឺរង់ចាំការសម្រេចពីប្រមុខរដ្ឋាភិបាល ពីព្រោះលោកមានសិទ្ធិត្រឹមពិនិត្យ និងធ្វើរបាយការណ៍ប៉ុណ្ណោះ។

ចំណែកឯ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែន នគរូបនីយកម្ម និងសំណង់ ខេត្តកោះកុង និងលោក ហ៊ុន ម៉ារ៉ាឌី អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង គូសបញ្ជាក់រួមគ្នាថា ពួកគាត់ ក៏កំពុងទំនាក់ទំនងធ្វើរបាយការណ៍ជាមួយក្រុមការងារថ្នាក់ជាតិផង ដែរ អំពីការពិនិត្យមើលទីតាំងចាក់ដី និងថ្មីនៅចំណុចភូមិជ្រោយស្វាយលិចនេះ។

ទាំងលោក រស់ វីរ៉ាវុធ និងលោក ហ៊ុន ម៉ារ៉ាឌី អះអាងថា ទីតាំងកើតហេតុនេះ ជាប់នឹងតំបន់ការពារច្រើនយ៉ាងផង និងជាប់ក្នុងតំបន់រដ្ឋបាលជលផល។ ហើយតាមការឆ្លើយបំភ្លឺរបស់ប្រធានសហគមន៍នេសាទ និងសហគមន៍អភិរក្សធនធានធម្មជាតិ អង្គភាពជំនាញរកឃើញថា ពិតជាមានការលួចចាក់ដី គ្រួស និងថ្មីចូលសមុទ្រមែន ដោយមានការដាំដើមឈើធំៗទៀតផង។ កន្លងទៅ មន្ទីរបរិស្ថាន និងមន្ទីរដែន ពុំបានចេញលិខិតអនុញ្ញាតណាមួយអោយមានការចាក់ដីរំលោភសមុទ្រទេ។

កាលពីថ្ងៃ៣០ ខែមករា ឆ្នាំ២០២០ លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៅទីស្តីការគណៈរដ្ឋមន្រ្តី បានចេញលិខិតដោយយោងតាមប្រធានប្រតិភូគណបក្សពន្លឺថ្មី និងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អំពីបញ្ហារំលោភឆ្នេរសមុទ្រជាកម្មសិទ្ធិសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជន ដោយចាក់ដីលុបឆ្នេរ និងដៃសមុទ្រនៅភូមិស្វាយខាងលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ពីសំណាក់លោក ហួរ ហាប់ មន្រ្តីយោធាជាន់ខ្ពស់ខាងជើងទឹក។ ដូច្នេះរាជរដ្ឋាភិបាលឯកភាពប្រគលជូនគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ពិនិត្យ និងរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី វិញ។

ហើយការប្រជុំពិភាក្សាស្រាវជ្រាវលម្អិតរបស់អគ្គលេខាធិការដ្ឋានគណៈម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា តំណាងក្រសួងដែនដី ក្រសួងបរិស្ថាន និងអាជ្ញាធរថ្នាក់មូលដ្ឋាននៅពេលនេះគឺធ្វើឡើងក្រោយពីមានបណ្តាអង្គភាពសារព័ត៌មានជាច្រើនបាននាំគ្នាចុះផ្សាយព័ត៌មានបន្តបន្ទាប់ និងឆ្លើយតបរាជរដ្ឋាភិបាលដាក់បទបញ្ជាឱ្យចុះពិនិត្យ និងរាយការណ៍។

គេនៅចាំបានថា កន្លងទៅ តាមបណ្តាអង្គភាពសារព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយយ៉ាងព្រោងព្រាតអំពីការលួចចាក់លុបសមុទ្រទំហំជាង១០ ហិកតា ចាក់ចូលតាមបណ្តោយឆ្នេរសមុទ្រ ស្ថិតនៅចំណុចពយជិនទុង ភូមិស្វាយខាងលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដោយឈ្មោះ ហួរ ហាប់។

បើតាមស្រង់សម្តីរបស់ប្រជាពលរដ្ឋ កន្លងមកតំបន់នេះ គឺជាកន្លែងប្រជានេសាទតែង តែចេញចូលរកនេសាទប្រចាំថ្ងៃ ក៏ប៉ុន្តែបច្ចុប្បន្នបានក្លាយជាទីតាំង ត្រូវគេហាមមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់ ដោយបានដាក់ពង្រាយមនុស្សយាមប្រចាំការទីនោះជិត ១០នាក់។

លោក សុខ សុទ្ធី អ្នកនាំពាក្យខេត្ដកោះកុង ក៏ធ្លាប់អះអាងដែរថា ការចាក់ដីលុបសមុទ្រខាងលើ ពុំមែនទើបតែនឹងកើតឡើងក្នុងអាណត្តិលោកស្រី មិថុនា ភូថង ជាអភិបាលខេត្តឡើយ ពោលគឺវាកើតឡើងតាំងពីអាណត្តិអភិបាលមុនៗមកម្ល៉េះ។

នៅពេលនោះ លោក សុខ សុទ្ធី បានចាត់មន្ទីរ អង្គភាព និងកម្លាំងជំនាញពាក់ព័ន្ធ ចុះពិនិត្យរកស្រាវជ្រាវម្តងរាល់ហើយដែរ ប៉ុន្តែហាក់ស្ងាត់ឈឹងមិនបានបង្ហាញរបាយការណ៍ ឬផ្តល់ព័ត៌មានអ្វីឡើយមកកាន់ក្រុមអ្នកសារព័ត៌មាន ដោយទុកឱ្យបញ្ហាចោលរហូតដល់សព្វថ្ងៃនេះ។ ក្រោមលេសថា រដ្ឋបាលខេត្តគ្មានសិទ្ធិធ្វើបកស្រាយបំភ្លឺអ្វីទេ គឺមានក្រុមការងារថ្នាក់ជាតិប៉ុណ្ណោះ ទើបដោះស្រាយអន្តរាគមន៍បាន៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...