ប៉ូលិសថៃបានរាយការណ៍ថា ជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀនឬអ្នកស៊ីឈ្នួលដឹកជញ្ជូនថ្នាំញៀនចំនួន៣នាក់ត្រូវបានសម្លាប់និងម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងការប៉ះទង្គិចគ្នាចំនួន២ ក្រោយមានការបាញ់តដៃជាមួយកម្លាំងសន្តិសុខនៅជិតព្រំដែននៅក្នុងនៅខេត្តឈៀង រ៉ៃ ជាប់តំបន់ត្រីកោណមាសកាលពីយប់ថ្ងៃអង្គារទី១៨កុម្ភៈ ហើយគ្រឿងញៀនមេតំហ្វេតាមីនសរុប៤សែនគ្រាប់និងមេតំហ្វេតាមីនក្រាមចំនួន៧ គីឡូក្រាមត្រូវបានចាប់រឹបអូស។
ការប៉ះទង្គិចទីមួយបានកើតឡើង បន្ទាប់ពីសមត្ថកិច្ចប្រទះឃើញរថយន្តនិងម៉ូតូច្រើនគ្រឿងឆ្លងព្រំដែនពីប្រទេសមីយ៉ាន់ម៉ា ចូលមកស្រុកមួយនៅខេត្តឈៀងរ៉ៃ។
ក្រុមប៉ូលិសនិងទាហានល្បាត បានតាមពីក្រោយពួកគេរហូតដល់តំបន់មួយ។នៅពេលពួកគេចូលទៅដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែអ្នកដែលនៅលើរថយន្តទាំងនោះបានបាញ់រះ។
ក្នុងអំឡុងការបាញ់តដៃនោះ អ្នកជួញដូរគ្រឿងញៀនម្នាក់ត្រូវបានសម្លាប់និងម្នាក់ត្រូវបានចាប់ខ្លួន។ជនល្មើសបានរត់ចោលគ្រឿងញៀនមេតំហ្វីតាមីនចំនួន២៥០.០០០ គ្រាប់និងមេតំហ្វេតាមីនក្រាមចំនួន ៧គីឡូក្រាម ។
នៅថ្ងៃដដែលនោះ រថយន្តដែលបើករត់នោះ ត្រូវបានស្ទាក់ចាប់ក្រោយវាបានបើករត់ធ្លាក់ផ្លូវ ។ពួកអ្នកជួញដូរគ្រឿងញៀន បានបាញ់មកលើក្រុមមន្ត្រី ជាហេតុនាំអោយមានការបាញ់តប។ បុរស២នាក់នៅក្នុងរថយន្តនោះ ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នានេះ ហើយថ្នាំញៀនមេតំហ្វេតាមីន១៥០.០០០គ្រាប់ និងកាំភ្លើងខ្លីមួយដើម ត្រូវបានរកឃើញក្នុងរថយន្តនោះ៕ប្រែសម្រួល៖សុខា/sn

ប៉ូលិសថៃពិនិត្យមើលរថយន្តរបស់ក្រុមអ្នកជួញដូរគ្រឿងញៀនដែលបានបើករត់ធ្លាក់ផ្លូវមួយនៅខេត្តឈៀងរ៉ៃកាលពីយប់ថ្ងៃអង្គារ