ក្រុមហ៊ុនផលិតសម្ភារកីឡាម៉ាកAdidasរបស់អាឡឺម៉ង់បាននិយាយកាលពីថ្ងៃពុធទី១៩កុម្ភៈថាអាជីវកម្មរបស់ខ្លួននៅចិនដីគោក បានធ្លាក់ចុះ៨៥ភាគរយធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែការផ្ទុះកូរ៉ូណាវីរុស ដែលនាំអោយហាងបិទ និងអតិថិជនតិចតួចដើរចូលមើលទំនិញនៅតាមហាងនៅបើកលក់ខ្លះ។
ក្រុមហ៊ុនបាននិយាយថា ខ្លួនបានសង្កេតឃើញការធ្លាក់ចុះចរាចរណ៍មនុស្ស នៅជប៉ុននិងកូរ៉េខាងត្បូងតែមិនដែលឃើញការធ្លាក់ចុះខ្លាំងដូចនៅមហាចិនដីគោកនាពេលបច្ចុប្បន្ននេះទេ។
ក្នុងពេលជាមួយគ្នា ក្រុមហ៊ុនឯកជនចិនកាន់តែច្រើនកំពុងកាត់បន្ថយថ្លៃឈ្នួលការងារ ឬពន្យារការបើកប្រាក់ខែដល់បុគ្គលិកកម្មករដោយសារតែដំណើរការអាជីវកម្មត្រូវស្ទះ ឬរអាក់រអួលដោយសារកូរ៉ូណាវីរុស។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុស អាជ្ញាធរចិននិងនិយោជកបានលើកទឹកចិនអោយបុគ្គលិកកម្មករនៅផ្ទះ ផ្អាកការធ្វើដំណើរទៅធ្វើការ បិទហាង បិទការិយាល័យ ភោជនីយដ្ឋាន សារមន្ទីរនិងរោងភាពយន្ត ។ការធ្វើដំណើរមិនចាំបាច់នានាត្រូវហាមឃាត់។
ទោះជាយ៉ាងណាដើម្បីអោយសេដ្ឋកិច្ចដំណើរការឡើងវិញ នៅសប្តាហ៍នេះបណ្តាមជ្ឈមណ្ឌលផលិតកម្មឧស្សាកម្មនៅឆ្នេរខាងកើតចិនកំពុងបន្ធូរបន្ថយការរឹតត្បិតចលនាមនុស្សនៅពេលបណ្តាលរដ្ឋាភិបាលមូលដ្ឋានប្រាប់ទៅម្ចាស់រោងចក្រអោយចាប់ផ្តើមផលិតឡើងវិញ ក្រោយការឈប់សម្រាកតាំងពីមុនចូលឆ្នាំចិន។
ក្នុងពេលជាមួយគ្នា អាជ្ញាធរចិនកំពុងប្រមូលនិងជ្រើសរើសក្រុមហ៊ុនសហគ្រាសរាប់រយដើម្បីទទួលប្រាក់ឥណទានអនុគ្រោះ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចឡើងវិញឬបន្ថយការលំបាកដែលបង្កឡើងដោយកូរ៉ូណាវីរុស៕ប្រែសម្រួល៖វាសនា
កម្មករចិនវិលមកធ្វើការវិញនៅរោងចក្រក្នុងក្រុងហ្វូសាន កាលពីថ្ងៃ១៨កុម្ភៈ