
(ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ដោយៈស៊ិន សុធីតា/ ភ្នំពេញៈនាងខ្ញុំបានជួបលោកយាយម្នាក់កំពុងអង្គុយបត់ជើងនៅលើគ្រែ និងមានកន្ត្រកស្លាម្លូ ព្រមទាំងឈើច្រត់នៅក្បែរគាត់ នៅពេលដែលខ្ញុំចុះទៅសម្ភាសន៍ប្រជាជនក្នុងសហគមន៍អន្លង់វែងនៃខេត្តឧត្តរមានជ័យ ពីរឿងរ៉ាវជីវិតនៅក្នុងរបបខ្មែរក្រហម។ ខ្ញុំក៏បានជម្រាបសួរគាត់ និងបានសំណេះសំណាលជាមួយគាត់មួយរយៈខ្លី បន្ទាប់មកខ្ញុំក៏បានសុំអនុញ្ញាតពីគាត់ដើម្បីសាកសួរគាត់ពីប្រវត្តិសង្ខេប និងរឿងរ៉ាវដែលគាត់នៅចងចាំក្នុងអំឡុងរបបខ្មែរក្រហម។ ស្ថិតនៅក្នុងសម្លៀកបំពាក់សំពតពណ៌ស្លាទុំ អាវពណ៌ផ្កាឈូក ព្រមទាំងបង់កក្រមា លោកយាយបានរៀបរាប់ប្រាប់ខ្ញុំថា គាត់មានឈ្មោះ ហម ម៉ាន អាយុ៨៥ឆ្នាំ មានស្រុកកំណើតក្នុងស្រុកចម្ការលើ ខេត្តកំពង់ចាម។ គាត់មានប្តីឈ្មោះ ជុំ សេង (ស្លាប់)។
សព្វថ្ងៃគាត់រស់នៅក្នុងភូមិអូររុន ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ កាលពីកុមារភាព គាត់រៀនសូត្របានតិចតួចជាងគេនៅក្នុងចំណោមសមាជិកគ្រួសាររបស់គាត់។ គាត់បានសម្រេចចិត្តឈប់រៀនដើម្បីជួយធ្វើការងារឪពុកម្តាយ ព្រោះគ្រួសាររបស់គាត់មានជីវភាពខ្វះខាត។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ បានកើតមានឡើង។ ក្រោយមកក៏មានការទម្លាក់គ្រាប់បែកបេ-៥២ ពីកងទ័ពអាមេរិកកាំង នៅស្រុកចម្ការលើ ខេត្តកំពង់ចាម ធ្វើឲ្យគ្រួសាររបស់គាត់បង្ខំចិត្តរត់គេចខ្លួន។ បន្ទាប់មកគ្រួសាររបស់គាត់ក៏បានជីកលេណដ្ឋានដើម្បីចូលលាក់ខ្លួន។ ប៉ុន្តែទោះបីយ៉ាងណា ផ្ទះសម្បែង និងគោក្របីរបស់គាត់ ត្រូវបានបំផ្លាញខ្ទេចខ្ទីគ្មានសល់ឡើយ។
រហូតមកដល់ទីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងទៅលើកងកម្លាំងនៃរបប លន់ នល់។ ពេលនោះគ្រួសាររបស់គាត់ ត្រូវបានអង្គការជម្លៀសចេញពីស្រុកកំណើត ដោយឲ្យទៅរស់នៅភូមិផ្សេង។ ក្នុងពេលនោះដែរ អង្គការបានចាត់តាំងគាត់ឲ្យធ្វើការខាងផែ្នកតម្បាញ។ ក្រៅពីការងារតម្បាញ គាត់ត្រូវដាំដើមកប្បាស និងបេះផ្លែកប្បាស យកមកហាលថ្ងៃ។
យាយ ហម ម៉ាន បានបន្តថា ចំពោះការងារតម្បាញគឺអង្គការបានចាត់តាំងគាត់ឲ្យទទួលភារកិច្ចរំអំបោះជាដុំតូចៗ។ រីឯកប្បាសដែលហាលរួចហើយ គឺយកមករវៃជាអំបោះដើម្បីត្បាញជាក្រមាសម្រាប់យកទៅចែកនៅតាមសហករណ៍នីមួយៗ។
នៅអំឡុងឆ្នាំ១៩៧៦ គាត់តែងតែចូលរួមប្រជុំនៅក្នុងសហករណ៍ដើម្បីទទួលផែនការពីអង្គការ និងធ្វើការងារឲ្យទាន់ពេលវេលា។ នៅពេលនោះ គាត់និងសមាជិកក្រុមគឺមានតួនាទីត្បាញក្រមា និងយកក្រមាទៅជ្រលក់ពណ៌ខ្មៅ។ មួយរយៈក្រោយមក អង្គការបានចាត់តាំងគាត់ឲ្យយកក្រមាទៅចែកនៅសហករណ៍តាអ៊ុង ដោយមានយាយ ង៉ែត មកពីភូមិភាគនិរតីជាប្រធាន។ ប្រសិនបើគាត់មិនធ្វើតាមការចាត់តាំងទេ គឺច្បាស់អង្គការយកគាត់ទៅអប់រំមិនខានឡើយ។ ដូច្នេះ គាត់និងសមាជិកក្រុមបានខិតខំប្រឹងប្រែងត្បាញក្រមាឲ្យទាន់ផែនការរបស់អង្គការ។
យាយ ម៉ាន បានបន្ថែមថា គាត់តែងតែមកមកប្រជុំ និងទទួលការអប់រំពីថ្នាក់លើធ្វើយ៉ាងណាត្បាញក្រម៉ាឲ្យបានល្អ។ គាត់ក៏ទទួលខុសត្រូវត្បាញក្រមាឲ្យបានមួយឬពីរក្រមាក្នុងមួយថ្ងៃសម្រាប់អង្គការដែរ។
នៅឆ្នាំ១៩៧៧ គាត់ត្រូវបានអង្គការផ្លាស់ឲ្យទៅរស់នៅបឹងទន្លេសាបស្ថិតនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ នៅពេលទៅដល់ទីនោះ អង្គការបានចាត់តាំងគាត់ឲ្យទទួលខុសត្រូវធ្វើប្រហុកឲ្យបាន១០០ទៅ២០០គីឡូក្រាមក្នុងមួយថ្ងៃ ជាមួយសមាជិកក្រុមដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ តាផន។ នៅពេលដែលកងនេសាទត្រីបានច្រើន សមាជិកក្រុមរបស់គាត់បានរួសរាន់ធ្វើប្រហុកផ្អកសម្រាប់យកទៅផ្គត់ផ្គង់អង្គភាព។ បន្ទាប់ពីប្រមូលផលប្រហុកផ្អករួចមក អង្គការចាប់ផ្តើមបញ្ជូនប្រហុកទាំងនោះទៅខេត្តកំពង់ចាម ទៅភូមិភាគកណ្តាល ដោយដឹកជញ្ជូនតាមកាណូត។ ទោះបី គាត់គឺជាអ្នកធ្វើប្រហុកក៏ពិតមែន ប៉ុន្តែគាត់មិនដែលបានហូបប្រហុកដែលគាត់បានធ្វើឡើយ។
នៅចុងឆ្នាំ១៩៧៨ កងទ័ពវៀតណាមវាយចូលមកប្រទេសកម្ពុជា ពេលនោះគាត់ និងគ្រួសារ មិនបានវិលត្រឡប់ទៅស្រុកកំណើតវិញទេ គឺគាត់បានធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះទៅច្រក១០០៣ (ម្តុំស្រុកអន្លង់វែង)។ ក្រោយមក គាត់ក៏បានបន្តទៅរស់នៅជំរំភូណយអស់រយៈពេលមួយឆ្នាំ។ ក្នុងអំឡុងពេលដែលរស់នៅក្នុងជំរំ គាត់បានច្រូតស្បូវ និងក្រងស្បូវយកទៅលក់ឲ្យឈ្មួញថៃ ដោយក្នុងមួយកណ្តបលក់បានប្រាំបាត (ស្មើនឹង៥០០រៀល) ប៉ុណ្ណោះ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ កាលនោះមានប្រជាជនខ្លះក្រងស្បូវ ហើយប្រជាជនខ្លះទៀតដេរមួកលក់។
រហូតដល់ចុងឆ្នាំ១៩៩៨ យោធាខ្មែរក្រហមបានធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ពេលនោះ គាត់និងគ្រួសាររបស់គាត់បានសម្រេចចិត្តចុះមករស់នៅក្នុងភូមិអូររុន ឃុំថ្លាត ស្រុកអន្លង់វែង ហើយបានប្រកបរបរចញ្ចឹមជីវិតដោយធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ៕សរន