ភ្នំពេញ៖ បទចម្រៀង ព្រោះតែអូន ដែលជាសំនៀងដើមរបស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ត្រូវបានអ្នកស្រី ទ្រី ដាណា ដែលគេស្គាល់ថា ជាម្ចាស់ហាងពេជ្រ និងម្ចាស់ប្រេន ផលិតផលគ្រឿងសំអាង NNP បានយកមកច្រៀងតាម ដើម្បីជាការកម្សាន្ត និងចង់គាស់ កកាយបទចម្រៀងចាស់ៗ ពីជំនាន់មុន ដែលកប់បាត់ចោល អោយយុវជនជំនាន់ក្រោយ បានស្ដាប់ ដើម្បីនឹករលឹកដល់ម្ចាស់សំនៀងដើម គឺអធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត គឺទទួលបានការគាំទ្រខ្លាំង ពីប្រិយមិត្ត ក្នុងបណ្ដាញសង្គមហ្វេសបុក និងយូធូប។
បើគិតត្រឹមរយៈពេលជាង ១ខែ ប៉ុណ្ណោះបទចម្រៀង ព្រោះតែអូន ដែលអ្នកស្រី ទ្រី ដាណា បានយកមកច្រៀងកម្សាន្តនោះ បានទទួលការគាំទ្រ យ៉ាងខ្លាំង និងមានអ្នកចូលទស្សនា ក្នុងបណ្ដាញ YouTube ចំនួន 6M គឺប្រមាណ ៦ លាននាក់ ហើយមកដល់ពេលនេះ។
អ្នកស្រី ទ្រី ដាណា បានអោយដឹងថា ការយកបទលោកតា ស៊ិន ស៊ីសាមុត មកច្រៀងនេះ គឺដោយសារតែចិត្តស្រឡាញ់ និងចង់ច្រៀងបទចម្រៀងនេះតែម្ដង ដោយនឹកឃើញថា បទចម្រៀងមរតកដើមជាច្រើន បានបាត់បង់កប់ចោល មិនសូវមានអ្នកស្ដាប់ច្រើនទេ បើនិយាយទៅ គឺមានតែមនុស្សវ័យចំណាស់ៗប៉ុណ្ណោះដែលស្ដាប់បទចម្រៀងមរតកដើម ពីមុន ចំណែកយុវជន យុវតី ជំនាន់ក្រោយៗនេះ គឺចូលចិត្តតែបទបែបបែកស្លុយ ហើយបើ និយាយដល់បណ្ដាញផ្សព្វផ្សាយវិញ គឺភាគតិចណាស់ដែលបានចាក់ចម្រៀងមរតកដើម ពីមុនៗ ផ្សព្វផ្សាយ ដូច្នេះហើយលោកស្រី ក៏បានចំណាយនូវថវិកាផ្ទាល់ខ្លួនជាច្រើន ថតចម្រៀង និងផលិតវិដេអូចម្រៀងនេះ ក្នុងគោលបំណង អោយយុវជន យុវតី ជំនាន់ក្រោយ ងាកមកចាប់អារម្មណ៍ និងស្វែងយល់ថា បទចម្រៀង ដែលអ្នកស្រី កំពុងច្រៀងនេះ គឺជា សំនៀងដើមរបស់អធិរាជសម្លេងមាស លោកតា ស៊ុន ស៊ីសាមុត ។
អ្នកស្រី ក៏បានបញ្ជាក់ថា ការច្រៀងចម្រៀងរបស់អ្នកស្រី នាពេលបច្ចុប្បន្ននេះ គឺគ្មានបំណង យកទៅធ្វើអាជីវកម្ម ដើម្បីផលប្រយោជន៍ណាមួយ ឬក៏រកលុយពី YouTubeបានមួយកាក់ មួយសេននោះទេ ការច្រៀងនេះ គឺចំណាយថវិកាផ្ទាល់ខ្លួនអស់ជាច្រើន គឺដើម្បីជាការ កម្សាន្តសប្បាយ បន្ធូរអារម្មណ៍ កុំអោយតានតឹង និងការងារអាជីវកម្មរបស់អ្នកស្រីហើយក៏ចង់ ផ្ញើចម្រៀងដែលជាសំនៀងរបស់លោកស្រី ទៅកាន់ស្ត្រីប្រមាណ ៧ ម៉ឺននាក់ដែលជាតំណាង ចែកចាយផលិតផលគ្រឿងសំអាង NNP ទូទាំងប្រទេស ស្ដាប់កម្សាន្តប៉ុណ្ណោះ។
អ្នកស្រី ទ្រី ដាណា ក៏បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលតែងតែស្រឡាញ់ ចូលចិត្តអ្នកស្រី និងគាំទ្រការច្រៀងចម្រៀងរបស់អ្នកស្រី នាពេលកន្លងមក នេះ ព្រមជាមួយ និងពាក្យសរសើរជាច្រើនថា អ្នកស្រី គឺជាស្ត្រីមានសមត្ថភាពដ៏អស្ចារ្យ រកស៊ីក៏ពូកែ ច្រៀង ក៏ពិរោះថែមទៀត ថ្វីត្បិតលោកស្រីមិនមែនជាអ្នកសិល្បៈ ហើយអ្នកស្រី ក៏ពុំមានបំណងចង់ ក្លាយជាអ្នកសិល្បៈអ្វីនោះដែរ ដោយសារអ្នកស្រី មានជំនួញច្រើន នៅក្នុងដៃនាពេល បច្ចុប្បន្ននេះ ព្រមទាំងមានស្ត្រីជាច្រើនម៉ឺននាក់ ដែលកំពុងពឹងផ្អែកលើលោកស្រីទាំងស្រុង ក្នុងអាជីវកម្មគ្រឿងសំអាង NNP។
គួររំលឹកថា អ្នកស្រី ទ្រី ដាណា គឺម្ចាស់ហាងពេជ្រ ដាណា និងជាម្ចាស់គ្រឿងសំអាងផលិត ផល NNP ដ៏ធំដែលផ្ដាច់មុខចែកចាយក្នុងប្រទេសកម្ពុជា ក្រៅពីការច្រៀងចម្រៀងបទមរតក ដើមពីមុនៗ អ្នកស្រី ក៏បានច្រៀងចម្រៀងដែលអ្នកស្រី អោយគេផលិតផ្ទាល់តែម្ដងសំរាប់ អ្នកស្រី ដើម្បីច្រៀងកម្សាន្តមានទាំងបទមនោសញ្ចេតនា បទញាក់កន្ត្រាក់អារម្មណ៍ និងបទ ប្រពៃណីផងដែរ មានដូចជាបទ ទឹកភ្នែកសំរាម បទហាងឆេងមេម៉ាយ បទយល់ច្រឡំ និងបទរាំផ្លាស់ឆ្នាំចាស់ ជាដើម សុទ្ធតែជាបទចម្រៀងផលិតថ្មីទាំងអស់។ អ្នកស្រីក៏បានត្រៀម ចម្រៀងជាបន្តបន្ទាប់ទៀត ក្នុងឆ្នាំ២០២០ ខាងមុខ ចំនួន ៥០ បទ ដើម្បីបំរើអារម្មណ៍បងប្អូន ទាំងអស់ ដែលតែងតែស្រឡាញ់ និងគាំទ្រអ្នកស្រីផង៕ ដោយ៖ បូរិន
ចម្រៀងមរតកដើម ទស្សនាចំនួន 6M
ចម្រៀងផលិតថ្មី