ដោយ​: បាយ័ន / សៀមរាប​: នា​ឆ្នាំ​២០០៤ ស្រះស្រង់ និង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ត្រូវបាន​រីង​ទឹក​នា​រដូវប្រាំង​។ នៅពេលនោះ មាន​សំណួរ​ចំនួន​២​ដែល​អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​ទឹក​ត្រូវ​ស្វែងរក​ដំណោះស្រាយ ១)​តើ​បុព្វបុរស​បង្កើត​ក​សិន្ធុ​ទឹក និង​បារាយណ៍​ធំៗ​មក​ដើម្បី​អ្វី​បើ​គ្មាន​មធ្យោបាយ​បញ្ចូល​ទឹក​? ២)​តើ​បុព្វបុរស​បង្កើត​ក​សិន្ធុ​ទឹក បារាយណ៍ និង​អាងទឹក​តាម​ប្រាសាទ​ដើម្បី​អ្វី​?

​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​លើកឡើង​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​នេះ​ថា​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​ផ្នែក​បុរាណវិទ្យា និង​ឯកសារ​ផ្សេងៗ និង​នៅលើ​ការដ្ឋាន​ផ្ទាល់​យើង​រកឃើញថា រាល់​គ្រឹះ​ប្រាសាទ​តែងមាន​ស្រទាប់​ខ្សាច់ ហើយ​គ្រឹះ​ស្រទាប់​ខ្សាច់​ក្រោម​ប្រាសាទ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ទឹក​ក្រោម​ដី ព្រោះ​ទឹក​ក្រោម​ដី​បាន​ជួយ​ស្រទាប់​ខ្សាច់​បាន​រឹងមាំ​និង​ទ្រទ្រង់​ប្រាសាទ​ដែលមាន​ទម្ងន់​មហិមា​។

​លោក​បាន​បន្តថា​បន្ទាប់​ពី​សិក្សា​ស្វែងយល់​អំពី​តួនាទី​ដ៏​សំខាន់​របស់​ទឹក នៅក្នុង​ឆ្នាំ​២០០៥ នាយកដ្ឋាន​គ្រប់គ្រង​ទឹក ដែល​ពេលនោះ​គ្រប់គ្រង​ផ្ទាល់​ដោយ​ឯកឧត្តម បានសម្រេច​ស្ដារ​ប្រព័ន្ធធារាសាស្ត្រ​បុរាណសម័យ​អង្គរ​ឡើងវិញ​មានដូចជា​នៅ​ប្រាសាទអង្គរវត្ត ស្រះស្រង់ បន្ទាប់មក​ឆ្នាំ​២០០៧ ចាប់​ស្ដារ​បារាយណ៍​ខាងជើង​។ បន្ទាប់មកទៀត​យើង​ក៏បាន​ធ្វើការ​ស្ដារឡើងវិញ​នូវ​ប្រឡាយ និង​ទំនប់​ជាច្រើន​ដែលមាន​ប្រវែង​សរុប​ជាង​៥២​គីឡូម៉ែត្រ​ដែល​ក្នុងនោះ​មាន​ទ្វារ​ទឹកជា​ច្រើន​ដែរ​។ ចាប់ពីពេលនោះ​មក បារាយណ៍​ខាងជើង​ចាប់ផ្តើម​មានទឹក​ឡើងវិញ ក្រោយពី​បាន​គោក​គ្មាន​ទឹក​និង​បាត់បង់​តួនាទី​ជាង​៥០០​ឆ្នាំ​មកហើយ​។

​លោក​លើកឡើង​ទៀតថា​ទន្ទឹមនឹងនេះ បារាយណ៍​និង​ប្រព័ន្ធ​ប្រឡាយទឹក​ផ្សេងៗ​ក៏​ចាប់ផ្តើម​ស្ដារឡើងវិញ​ធ្វើឱ្យ​ទឹក​ក្នុង​រមណីយដ្ឋាន​អង្គរ​ដូចជា​បារាយណ៍​ខាងជើង ក​សិន្ធុ​ប្រាសាទអង្គរវត្ត ក​សិន្ធុ​ក្រុង​អង្គរធំ ស្រះស្រង់​ជាដើម មាន​ប្រព័ន្ធ​បញ្ចូល​ទឹក​ឡើងវិញ និង​អាច​រក្សា​ទឹកបាន​ទាំង​ខួបប្រាំងខួបវស្សា​។ លើសពីនេះ​ទៀត ការធ្វើ​ឲ្យ​ប្រព័ន្ធធារាសាស្ត្រ​បុរាណសម័យ​អង្គរ​មានជីវិត​ឡើងវិញ​បានធ្វើ​ឲ្យ​រមណីយដ្ឋាន​អង្គរ លែង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ធានាបាន​គ្រប់គ្រាន់​ទឹក​សម្រាប់​ទ្រ​គ្រឹះ​ប្រាសាទ​នា​រដូវប្រាំង ព្រមទាំង​បញ្ជៀ​សបាន​នូវ​បញ្ហា​ទឹកជំនន់​ទៀតផង​ចាប់ពី​ឆ្នាំ​២០១២​មក​។​

​លោក​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជាក់​បន្ថែមថា​អ្វី​យើង​សម្រេចបាន​នាពេលនេះ​គឺ​គ្រាន់តែ​យក​ប្រព័ន្ធធារាសាស្ដ្រ​បុរាណសម័យ​អង្គរ​ដែលមាន​ស្រាប់​ដែល​បន្សល់​ពី​បុព្វបុរស​ខ្មែរ មក​ធ្វើឱ្យ​វា​រស់​ឡើងវិញ​តែប៉ុណ្ណោះ​ដែល​ចំណុច​ទាំងនេះហើយ​ត្រូវបាន​អង្គការ​យូណេស្កូ ក៏ដូចជា​អន្ដរជាតិ​ឱ្យ​តម្លៃ​ដល់​កម្ពុជា និង​តែងតែ​អញ្ជើញ​អ្នកជំនាញ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា អោយទៅ​ចែករំលែក​បទពិសោធន៍​គ្រប់គ្រង​ទឹក​ដល់​ស្ថាប័ន​អន្តរជាតិ​ផ្សេងៗ​ទៀត​៕ ល​