ដោយ: បាយ័ន / សៀមរាប: ថ្ងៃទី ១៩ ខែកុម្ភ: ឆ្នាំ ២០២០ កិច្ចប្រជុំលើកទី ២ របស់គណ:កម្មាធិការដឹកនាំការងារថ្នាក់ក្រោមជាតិសម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី ៤ (Regional Economic Development Program Phase IV-RED IV) ក្រោមអធិបតីភាពលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណ:កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ..ក) និងជាប្រធានគណ:កម្មាធិការដឹកនាំការងារថ្នាក់ជាតិសម្រាប់កម្មវិធី RED IV និងមានការអញ្ជើញចូលរួមពី លោក Gunter Riethmacher នាយកទីភ្នាក់ងារ GIZ ប្រចាំកម្ពុជា លោកស្រី Carin Salerno នាយិកានៃទីភ្នាក់ងារ SDC និងលោក Sascha Reebs លេខាធិការទី១ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការនៃស្ថានទូតអាល្លឺម៉ង់ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងក្រសួង ស្ថាបន័នានា លោក លោកស្រី អភិបាលរងខេត្តទាំង ៤ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ ។
កម្មវិធីនេះជួយគាំទ្រដល់ស្ថានភាពសេដ្ឋកិច្ច និងការងាររបស់គ្រួសារនៅជនបទដោយអនុវត្តក្នុងខេត្តចំនួន ៤ រួមមាន : បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងមួយផ្នែកតាមរយះវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ កម្មវិធីនេះដំណើរការក្នុងរយះពេល ៤២ ខែ គិតចាប់ពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៨ និងបញ្ជប់នាថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១។
កម្មវិធីនេះបានទទួលការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិពីក្រសួងសហព័ន្ធអាល្លឺម៉ង់ (BMZ) និងទីភ្នាក់ងារស្វុីស(SDC) ដោយផ្តោតលើវិស័យការងារចំនួន ៤ :
១/អភិបាលកិច្ចសេដ្ឋកិច្ចល្អ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន
២/ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការលើកកម្ពស់អត្រាការងារ
៣/ការលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្ម
៤/វិធានការពិសេសនិងលើកកម្ពស់យេនឌ័រ។ កិច្ចប្រជុំនេះរៀបចំនៅសណ្ឋាគារសោមាទេវី ខេត្តសៀមរាប ៕ ល