ដោយ: បូកគោ / កែប: ក្នុងបំណងសម្រួលដល់ការធ្វើដំណើរកម្សាន្តសម្រាប់ភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ កម្លាំងនៃមន្ទីរសាធារណាការខេត្តកែបបាន និងកំពុងជួសជុល ស្ថាបនាបណ្តាផ្លូវសំខាន់ៗទូទាំងខេត្តឱ្យកាន់តែល្អប្រសើរឡើង។
លោក ជិន វុទ្ធី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបបានមានប្រសាសន៍ថានាអំឡុងពេលចុងក្រោយនេះ កម្លាំងនៃមន្ទីររបស់លោកបាន និងកំពុងមមាញឹកក្នុងការងារជួលជុល ថែទាំផ្លូវសំខាន់ៗ ជាច្រើនខ្សែនៅទូទាំងខេត្ត ពិសេសផ្លូវលេខ១៣៣២ ដោយប្រែក្លាយជាប្រភេទផ្លូវប៉េតុងសរសៃដែក។ ជាធម្មតារាល់ចុងសប្តាហ៍ ឬថ្ងៃបុណ្យទានម្តងៗ ភ្ញៀវជាតិ និងអន្តរជាតិតែងមកកម្សាន្តនៅរមណីយដ្ឋាននានាក្នុងខេត្តកែបយ៉ាងច្រើនកុះករ។ លោកអនុប្រធានមន្ទីរបានបន្តថា ដើម្បីលម្អសោភ័ណភាពផ្លូវ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទូទៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ មន្ទីរបានធ្វើការបែងចែកជាច្រើនក្រុមសម្រាប់កិច្ចការងារដ៏មមាញឹកនេះ។ កម្លាំងទាំងនោះ រួមមានក្រុមប៉ះអ៊ុតផ្លូវ ក្រុមរៀបចំសួនច្បារតាមបណ្តោយផ្លូវជាតិលេខ៣៣ តភ្ជាប់ជាមួយផ្លូវទៅខេត្តកំពតជាដើម។
លោក ជិន វុទ្ធី បានបញ្ជាក់ថា ចំណែកក្រុមស្ថាបនាសាងសង់ផ្លូវបេតុងសរសៃដែកបាន និងកំពុងបញ្ចេញសកម្មភាពយ៉ាងសស្រោកសស្រាំនៅលើកំណាត់ផ្លូវលេខ១៣៣២ ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែបដើម្បីឱ្យរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីមកដល់។ ផ្លូវមួយខ្សែនេះមានសារសំខាន់ក្នុងការតភ្ជាប់រវាងខេត្តកែប និងខេត្តកំពតឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកដែលជាសរសៃឈាមសេដ្ឋកិច្ច ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃ៕ ល