
ដោយៈ មុនីរ័ត្ន-កាម៉ាច/ភ្នំពេញៈស្ត្រីរកស៊ីម្នាក់ដែលតែងផ្សាយឡាយ( Live) លក់ផលិតផលតាមហ្វេសប៊ុក( Facebook) ដែលបញ្ចេញអស់កេរខ្មាស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកវិញ ក្រោយពេលដែលទើបធ្វើកិច្ចសន្យាហើយ បែរជាល្មើសនឹងកិច្ចសន្យា និងបន្តប្រព្រឹត្តអំពើឥតអៀនខ្មាសនោះម្តងទៀត។
ស្ត្រីអាយុ៣៩ឆ្នាំ ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ត្រូវគេស្គាល់ថាជាស្ត្រីលក់ ផលិតផលអនឡាញរបស់ខ្លួនតាមបណ្តាញសង្គមដោយបានបញ្ចេញសាច់ និងកន្លែងកេរខ្មាសមួយចំនួន ដែលអំពើទាំងនោះ បានរងការរិះគន់យ៉ាងក្រៃលែង។ ស្ត្រីរកស៊ីម្នាក់នោះ មានទីលំនៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ។
ស្ត្រីឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ត្រូវបានសមត្ថកិច្ច បានកោះហៅសាកសួរនិងក្រោយមកបានធ្វើកិច្ចសន្យា និងថែមទាំងបញ្ជាក់ក្នុងវីដេអូសារភាពអំពីការថតឡាយលក់ផលិតតាមហ្វេសប៊ុកបង្ហាញកេរខ្មាសផងដែរ។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់រស្មីកម្ពុជាថា សមត្ថកិច្ចពិតជាឃាត់ខ្លួនស្ត្រីឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ពិតប្រាកដមែន ទាក់ទងការបង្ហាញកេរ្តិ៍ខ្មាសដោយមិនរាងចាល។ លោកស្នងការបានបញ្ជាក់ថា ការឃាត់ខ្លួននេះ គឺតាមបញ្ជារបស់លោកកែវ ធា ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ។

ចំណែកអធិការនគរបាលខណ្ឌទួលគោក លោក សុខ ហេង បានប្រាប់រស្មីកម្ពុជាថា លើកនេះប្រហែលជាចាត់ការតាមច្បាប់ហើយ។ ស្ត្រីឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ស្នាក់នៅ សង្កាត់បឹងកក់ទី១ ដែលតែងតែផុសរូបភាព និងវីដេអូឃ្លីបលក់សម្លៀកបំពាក់សិចស៊ីជ្រុលហួសហេតុនោះធ្វើ ឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេចក្ដីថ្លៃថ្នូងទំនៀមទម្លាប់ប្រពៃណី និងកិត្តិយសស្ត្រីខ្មែរ ត្រូវបាននាំខ្លួនមកកាន់ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ម្តងរួចហើយ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ និងឱ្យវិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីនាងបានសំពះសុំទោសជាសាធារណៈនូវរាល់កំហុសឆ្គងនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ផ្សព្វផ្សាយ (Live) ចាប់ពីពេលនេះទៅ។ ប៉ុន្តែមិនបានប៉ុន្មានម៉ោងផងនាងបង្ហោះរូបភាពសិចស៊ីហួសហេតុដដែលនេះមកជាលើកទីពីរ។
សមត្ថកិច្ចខណ្ឌទួលគោក បាននាំខ្លួននាង ថៃ ស្រីនាង មកសួរនាំរឿងចេតនាឌឺដងដាក់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ឱ្យបញ្ឈប់ ការឡាយស្ទើរចេញកេរ។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំបូកសរុបការងារ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាឲ្យក្រសួងមហាផ្ទៃ ធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យាដើម្បីពិនិត្យមើល និងចាត់វិធានការរល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន ព្រោះនេះពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយកម្ពុជាក៏គ្មានច្បាប់ឲ្យធ្វើបែបនោះឡើយ។
ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបានព្រមានចាត់វិធានការអ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម ហើយធ្វើការផ្សព្វផ្សាយ(Live)លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែលនេះក៏ជាការប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ៕សរន/Ha
