លោក ផេង ពង្ស​រ៉ាស៊ី ប្រធាន​គម្រោង​ប្រវត្តិសាស្ត្រ​ភូមិ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​វិធីសាស្ត្រ​ជ្រើសរើស​ប្រធានបទ​សរសេរ បង្កើត​សំណួរ សម្ភាសន៍ និង​សរសេរ ដល់​ក្រុម​អ្នកស្រាវជ្រាវ​វ័យក្មេង​កម្ពុជា​។ ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

ដោយៈសោម ប៊ុនថន មជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញៈ​
​នៅក្នុង​ឆ្នាំ​២០២០​នេះ​ក្រុម​អ្នកស្រាវជ្រាវ​វ័យក្មេង​ប្រមាណ​២០០​នាក់ មកពី​ចម្រុះ​មហាវិទ្យាល័យ​នៅ​ទូទាំងប្រទេស​កម្ពុជា នឹងធ្វើ​ការសិក្សា​ឈ្វេងយល់ និង​ស្រាវជ្រាវ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​ប្រទេស​កម្ពុជា ក្រោម​គម្រោង​ប្រវត្តិសាស្ត្រ​ភូមិ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ គម្រោង​ប្រវត្តិសាស្ត្រ​ភូមិ ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍន៍ និង​ការបោះពុម្ព​ផ្សព្វផ្សាយ​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ដែល​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​កម្ពុជា​ប្រមូលបាន​។ គម្រោង​នេះ​ពាក់ព័ន្ធ​នឹង​សមាសធាតុ​សំខាន់ៗ​បី​គឺ ១) ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​ក្រុម​អ្នកស្រាវជ្រាវ​វ័យក្មេង​ក្នុងការ​ប្រមែប្រមូល និង​សរសេរ​រៀង​រ៉ាវ​ប្រវត្តិសាស្ត្រ​ផ្ទាល់មាត់ ,២) ការបណ្តុះបណ្តាល​លើ​ការងារ និង ការណែនាំ​ដើម្បី​ឲ្យ​សម្រេចបាន​នូវ​គម្រោង​ប្រវត្តិសាស្ត្រ​ភូមិ និង ៣) ការបោះពុម្ព​ផ្សព្វផ្សាយ​កិច្ចការ​ស្រាវជ្រាវ​ចេញពី​គម្រោង​ប្រវត្តិសាស្ត្រ​ភូមិ​ក្នុង​ទម្រង់​មួយ​សម្រាប់​ប្រើប្រាស់​នៅតាម​សាលា និង​កម្មវិធី​អប់រំ​ក្រៅផ្លូវការ​។ គម្រោង​នឹង​ផ្តោតលើ​គោលដៅ​បី​ផ្សេងគ្នា រួមមាន ៖
១) ប្រមែប្រមូល និង​ថែរក្សា​ការចងចាំ​របស់​អ្នក​រស់រាន​ជីវិត​ពី​របប​ខ្មែរក្រហម​
២) បង្កើន​ការផ្សះផ្សា និង​ការសន្ទនា​រវាង​អ្នក​រស់រានមានជីវិត និង​ក្មេងជំនាន់ក្រោយ​ដែល​កើត​ក្រោយ​ឆ្នាំ​១៩៧៩​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​
៣) បង្កើន​ការយល់ដឹង​ជា​សាធារណៈ​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។​

លោក ផេង ពង្ស​រ៉ាស៊ី ប្រធាន​គម្រោង​ប្រវត្តិសាស្ត្រ​ភូមិ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​វិធីសាស្ត្រ​ជ្រើសរើស​ប្រធានបទ​សរសេរ បង្កើត​សំណួរ សម្ភាសន៍ និង​សរសេរ ដល់​ក្រុម​អ្នកស្រាវជ្រាវ​វ័យក្មេង​កម្ពុជា​។ ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​


​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​អ្នកស្រាវជ្រាវ​វ័យក្មេង​ទាំង​២០០​នាក់​នេះ នឹងត្រូវ​ធ្វើ​នៅក្នុង​សិក្ខាសាលា​រយៈពេល​២​ថ្ងៃ​ដែល​ផ្តោតទៅលើ​ការស្រាវជ្រាវ និង​ការសរសេរ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ផ្ទាល់មាត់​។ គោលបំណង​នៃ​សិក្ខាសាលា​នេះ​គឺ​ផ្តល់​ជំនាញ​ជា​មូលដ្ឋាន​ស្តីពី​វិធី​ធ្វើ​បទសម្ភាសន៍​ផ្ទាល់មាត់​ជាមួយ​ជនរងគ្រោះ និង​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែ​ក្រហម ក៏ដូចជា​បច្ចេកទេស​ក្នុងការ​ស្រង់​ទិន្នន័យ​ពីបទ​សម្ភាសន៍​ដែល​ជាប់​ពាក់ព័ន្ធ និង​ការរៀបចំ​សរសេរ​។ សិក្ខាសាលា​រយៈពេល​២​ថ្ងៃ​នឹងត្រូវ​អនុវត្ត​ទៅតាម​គម្រោង​ស្រាវជ្រាវ​ដែល​ក្នុងនោះ​ក្រុម​អ្នកសិក្សា​ស្រាវ​វ័យក្មេង​នឹងធ្វើ​ការសម្ភាសន៍​ជាក់ស្តែង​ជាមួយ​អ្នក​រស់រានមានជីវិត​នៅក្នុង​ភូមិ​ឃុំ​របស់ខ្លួន ដោយមាន​បុគ្គលិក​ជំនាញ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​អ្នកពិគ្រោះ​យោបល់​អន្តរជាតិ​ដឹកនាំ​។ អ្នកសិក្សា​ស្រាវជ្រាវ​វ័យក្មេង​ម្នាក់ៗ​នឹងត្រូវ​សម្ភាសន៍​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ចំនួន​៤​នាក់ នៅក្នុង​តំបន់​ភូមិ​ឃុំ​របស់ខ្លួន​។​

លោក ផេង ពង្ស​រ៉ាស៊ី ប្រធាន​គម្រោង​ប្រវត្តិសាស្ត្រ​ភូមិ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​វិធីសាស្ត្រ​ជ្រើសរើស​ប្រធានបទ​សរសេរ បង្កើត​សំណួរ សម្ភាសន៍ និង​សរសេរ ដល់​ក្រុម​អ្នកស្រាវជ្រាវ​វ័យក្មេង​កម្ពុជា​។ ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​


​លោក ផេង ពង្ស​រ៉ាស៊ី ប្រធាន​គម្រោង​ប្រវត្តិសាស្ត្រ​ភូមិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ជា​គ្រូឧទ្ទេស​នៅក្នុង​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃនេះ បាន​មានប្រសាសន៍ថា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មាន​មាន​គោលដៅ​ធ្វើយ៉ាងណា​ឲ្យ​យុវជន​វ័យ​កម្ពុជា ចេះ​ប្រមូល​ព័ត៌មាន ធ្វើការ​ជា​ក្រុម រៀបចំ​កម្រង​សំណួរ ស្រាវជ្រាវ ផលិត និង ចងក្រង​សាច់រឿង​ប្រវត្តិសាស្ត្រ​ដោយ​ខ្លួនឯង​។ ក្រុម​អ្នកស្រាវជ្រាវ​វ័យក្មេង​ទាំងនេះ​បាន និង​កំពុង​កសាង​សមត្ថភាព និង​ពង្រឹង​ផ្នែក​ស្រាវជ្រាវ​របស់ខ្លួន​តាម​រយៈ​ការពិភាក្សា និង​ជ្រើសរើស​ប្រធានបទ​តូចៗ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩) ជាមួយនឹង​បុគ្គលិក​ជំនាញ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​កិច្ចការ​ទាំងនេះ ក៏​ជា​តម្រូវការ​ចាំបាច់​រប​ស់​និស្សិត​ទាំងអស់​ក្នុងការ​ឆ្លើយតប​ទៅនឹង​កិច្ចការ​ស្រាវជ្រាវ ដែល​ចាត់តាំង​ដោយ​សាស្ត្រាចារ្យ​នៅតាម​សាលា​នីមួយៗ ដែលមាន​ការជួយជ្រោមជ្រែង និង​សហការ​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​វ័យក្មេង​ទាំងនេះ នឹងត្រូវ​បាន​បែង​ចែកជា​ក្រុម​សំណេរ និង​ក្រុម​ថត​វីដេអូ​ខ្លីៗ ដែល​ក្រុម​ទាំងនោះ​តម្រូវ​ឲ្យ​សិក្សា​លើ​ប្រធានបទ​ផ្សេងៗ​គ្នា ផ្តោត​សំខាន់​ទៅលើ «​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​នៅ​ក្នុងសម័យ​ខ្មែរក្រហម​»​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ផ្តល់​ដល់​ក្រុមនិស្សិត​ទាំងអស់​នូវ​គំនិត​យោបល់​ស្រាវជ្រាវ ប្រភព​ឯកសារយោង និង​ការចំណាយ​លើ​កិច្ចការ​ស្រាវជ្រាវ​នៅតាម​មូលដ្ឋាន​។

-​ក្រុម​អ្នកស្រាវជ្រាវ​វ័យក្មេង​កម្ពុជា​ជួបជុំគ្នា​នៅ​កម្មវិធី​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ រៀបចំ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​។ ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​


​លោក ផេង ពង្ស​រ៉ាស៊ី បាន​បន្តថា ចាប់ពី​ខែមីនា រហូតដល់​ដើមខែ​មេសា ឆ្នាំ​២០២០ ខាងមុខនេះ ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​វ័យក្មេង​ទាំងនេះ​នឹងត្រូវ​ចុះទៅ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​នៅតាម​គោលដៅ​ទីតាំង​ដែល​ខ្លួន​បានកំណត់ ដឹកនាំ​ដោយ​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ ចាប់ពី​ពាក់កណ្តាល​ខែមេសា ដល់​បំណាច់​ខែឧសភា ឆ្នាំ​២០២០ សំណេរ និង​ខ្សែ​វីដេអូ​ខ្លី​ទាំងអស់ នឹងត្រូវ​បញ្ចប់​ទាំងស្រុង​តាម​កាលបរិច្ឆេទ​ដែល​បានកំណត់ បន្ទាប់ពី​សំណេរ និង​ខ្សែ​វីដេអូ​ទាំងនោះ​ត្រូវបាន​កែសម្រួល និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពី​អ្នកជំនាញ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​សាស្ត្រាចារ្យ​។ អ្នកសិក្សា​ស្រាវជ្រាវ​វ័យក្មេង​ដែលជា​ម្ចាស់​កម្មសិទ្ធិ​នៃ​សំណេរ និង​ខ្សែ​វីដេអូ​ខ្លី អាច​ប្រើប្រាស់​សមិទ្ធផល​របស់​ខ្លួន​តាម​តម្រូវការ​ផ្ទាល់​បាន​គ្រប់ពេលវេលា ដូចជា​ការដាក់​ចូលក្នុង​ការប្រឡងប្រជែង​ស្នាដៃ​តាមរយៈ​កម្មវិធី​ផ្សេងៗ​។​


​កែវ គីម​អ៊​ន គឺជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មកពី​ខេត្តកណ្តាល បាន​រៀបរាប់ថា «​គម្រោង​ប្រវត្តិសាស្ត្រ​ភូមិ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹងធ្វើ​ឲ្យ​ខ្ញុំ​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍​ដែល​បានកើត​ឡើង​នៅក្នុង​របប​ខ្មែរក្រហម​។ ខ្ញុំ​នឹង​ជួប​សម្ភាសន៍​ជាមួយ​អ្នក​ឆ្លងកាត់​របប​ខ្មែរក្រហម​ដែលជា​ប្រភព​ឯកសារ​ដ៏​សំខាន់​សម្រាប់​សិក្សា​។ គម្រោង​នេះ​នឹង​ជួយ​ខ្ញុំ​ឲ្យ​ចេះ​បង្កើត​សំណួរ​ស្រាវជ្រាវ សរសេរ​គម្រោង​ស្រាវជ្រាវ​។


​ឆេន ចិន គឺជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មកពី​ខេត្តព្រៃវែង បាន​រៀបរាប់ថា ខ្ញុំ​បាន​ជ្រើស​ប្រធានបទ ការបង្កើត​សហករណ៍ នៅក្នុង​ស្រុក​មេសាង ខេត្តព្រៃវែង​។ ខ្ញុំ​រំពឹងថា បន្ទាប់ពី​ខ្ញុំ​ចុះ​ស្រាវជ្រាវ និង​សរសេរ​ប្រធានបទ​នេះ​ចប់ និង​មានការ​បោះពុម្ពផ្សាយ ប្រធានបទ​របស់ខ្ញុំ​នឹង​ជា​ឯកសារ​សម្រាប់ សិស្ស និស្សិត អ្នកសិក្សា​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ​ផ្សេងទៀត​។ ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​បាន​ស្គាល់​ទីតាំង​ប្រវត្តិសាស្ត្រ​ដែល​កើតឡើង​នៅ​ក្នុងភូមិ​របស់ខ្លួន និង​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​។


​ចាន់ រ៉ាត់ គឺជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មកពី​ខេត្តពោធិ៍សាត់ បាន​រៀបរាប់ថា គម្រោង​ប្រវត្តិសាស្ត្រ​ភូមិ​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​របស់​ខ្ញុំ​ក្នុងការ​ស្រាវជ្រាវ សរសេរ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ និង​បាន​ស្គាល់​ទីតាំង​ប្រវត្តិសាស្ត្រ​នៅតាម​មូលដ្ឋាន​។ ប្រធានបទ​ដែល​ខ្ញុំ​នឹង​សរសរ គឺជា​ឯកសារ​សម្រាប់​សិស្ស និស្សិត អ្នកស្រាវជ្រាវ និង​ប្រជាជន​ទូទៅ​។


​នៅក្នុង​គម្រោង​ប្រវត្តិសាស្ត្រ​ភូមិ​នេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជាមាន​ទីតាំង​ចំនួន​៥​កន្លែង​ទៀត​នៅតាម​បណ្តា​ខេត្ត ក្រៅពី​ការិយាល័យ​នៅក្នុង​ទីក្រុង​ភ្នំពេញ​សម្រាប់​ក្រុម​អ្នក ស្រាវជ្រាវ​វ័យក្មេង​ចុះទៅ​ស្រាវជ្រាវ រួមមាន ៖
១) មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង
២) ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តព្រៃវែង
៣) ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តតាកែវ
៤) មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង
៥) ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តកំពង់ចាម ៕សរន

-​ក្រុម​អ្នកស្រាវជ្រាវ​វ័យក្មេង​កម្ពុជា​ជួបជុំគ្នា​នៅ​កម្មវិធី​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ រៀបចំ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​។ ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
-​ក្រុម​អ្នកស្រាវជ្រាវ​វ័យក្មេង​កម្ពុជា​ជួបជុំគ្នា​នៅ​កម្មវិធី​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ រៀបចំ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​។ ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
-​ក្រុម​អ្នកស្រាវជ្រាវ​វ័យក្មេង​កម្ពុជា​ជួបជុំគ្នា​នៅ​កម្មវិធី​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ រៀបចំ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​។ ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​