ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: ប្រតិភូគណៈកម្មការអង្កេតស្តីពីការបោសសំអាត និងប្រឆាំងអំពើពុករលួយព្រឹទ្ធសភា ជួបជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យដោយពិភាក្សាលើការទប់ស្កាត់ការរំលោភដោយអំណាច និងរួមចំណែកប្រឆាំងអំពើពុករលួយ។
លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ឬគណៈកម្មការ អង្កេត បោសសំអាតនិងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា កាលពីថ្ងៃទី១៨ខែកុម្ភៈ បានមានប្រសាសន៍ថា៖ ប្រតិភូគណកម្មការមកជួបខេត្តនេះដើម្បីសិក្សា ស្វែងយល់ និងប្រមូលព័ត៌មានស្តីពីយុទ្ធសាស្ត្រ និងគោលនយោបាយប្រឆាំងអំពើពុករលួយ
វឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយវិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច ការកសាងឯកសារគតិយុត្តផ្សេងដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការប្រឆាំងអំពើពុករលួយ ។
លោកអោមចន្ថា អភិបាលរងខេត្ត និងជាអភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ មន្ត្រីពាក់ព័ន្ធបានទទួលលជួបនឹងធ្វើរបាយការណ៍ ។
ប្រធានគណៈកម្មការទី១០ បានបន្ថែមថា ៖ ក្នុងការងារអធិការកិច្ច ជាការងារដែលលំបាកស្មុគស្មាញ ដែលទាមទារឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួង ស្ថាប័ន ត្រូវមានសមត្ថភាព និងជំនាញច្បាស់លាស់ ក្នុងកិច្ចការបច្ចេកទេសអធិការកិច្ច និងសមត្ថភាពច្បាប់ ព្រមទាំងមានសីលធម៌ស្អាតស្អំ។
កន្លងមកនេះ ក្រសួងជំនាញនានាបានចុះធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវដើម្បីទប់ស្កាត់ការរំលោភដោយអំណាច និងរួមចំណែកប្រឆាំងអំពើពុករលួយ។ បានអង្កេតស្រាវជ្រាវ នៅតាមអង្គភាពថ្នាក់ក្រោមជាតិដោយបានរកឃើញចំណុចខ្វះខាត និងភាពអសកម្មមួយចំនួន បានធ្វើការកែតម្រូវ ដោយបានធ្វើសេចក្តីណែនាំ ជាលិខិតបទដ្ឋានគតិយុត្តិជាច្រើនជូនដល់បណ្តាអង្គភាព ដែលមានបញ្ហាឲ្យកែលម្អនូវរាល់ចំណុចខ្វះខាតទាំងឡាយ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ជម្រុញប្រសិទ្ធភាព ផលិតភាព និងគុណភាពសេវាសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។
លោកបានបន្តថា កន្លងមក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ បានខិតខំអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការអនុវត្តនូវភារកិច្ចទាំងនេះ មិនអាចល្អឥតខ្ចោះនោះទេ តែងតែមានភាពខ្វះចន្លោះដោយប្រការណាមួយដោយអចេតនា ដោយកំហុសបច្ចេកទេស ឬដោយសារកម្រិតយល់ដឹង អំពីការអនុវត្តគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាដែលថ្នាក់លើបានដាក់ចុះ។
តាមរយៈការធ្វើអធិការកិច្ចនោះ គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចំងឲ្យឃើញនូវចំណុចខ្លាំង បញ្ហាប្រឈមនានា ដែលយើងបានជួបប្រទះ ហើយដែលក្រុមការងារបានរកឃើញ និងផ្តល់នូវអនុសាសន៍ជាមូលដ្ឋានសម្រាប់កែលម្អឡើងវិញ ដែលជាការរួមចំណែកលើកកម្ពស់នូវការអនុវត្តតួនាទី ភារកិច្ចកាន់តែមានប្រសិទ្ធភាព៕ ល