ភ្នំពេញ៖ តារាម្រៀងនៅក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ “លោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ បានចេញចម្រៀងមួយបទ ដែលមានចំណងជើងថា “WESTERDAM THANK YOU CAMBODIA” ដែលបទនេះ មានអត្ថន័យជ្រៀលជ្រៅចាក់ដោតដល់បេះដូងកូនខ្មែរដែលគាំទ្រ ដល់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជាដែលបាន សង្គ្រោះនិងអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលចតនៅលើទឹកដីកម្ពុជា ។
អត្ថន័យបទចម្រៀង ” WESTERDAM THANK YOU CAMBODIA” នេះ បាននិយាយរៀបរាប់ អំពីថ្ងៃ ១៣ កុម្ភៈ ឆ្នាំ២០២០ ដែលកូនខ្មែរ និង បណ្ដាប្រទេសនៅជុំវិញពិភពលោកចងចាំមិនភ្លេច ដែលនាវា Westerdam ផុតកម្មពីជំងឺភ័យ ដោយសារសមុទ្រកម្ពុជាបើកជំហរផ្ដល់ក្ដីសង្ឃឹមថ្មី ចម្រុះជាតិសាសន៍ ៤១ សញ្ជាតិ ដែលនៅលើនាវានោះ ។
ចំណែកថ្ងៃ ១៤ កុម្ភៈវិញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ក្ដីស្រឡាញ់ដល់ភ្ញៀវទេសចរជាង ២ពាន់នាក់ ដែលបានមកជូនដំណើរពួកគាត់ ហើយថែមទាំង ជូនបាច់ផ្កាម្នាក់មួយដើម ដោយបង្ហាញក្តីស្រឡាញ់ និងយកចិត្តទុកដាក់ពីសម្ដេចតេជោ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ពេលនោះធ្វើឲ្យពួកគេ រំភើបទះដៃអបអរ អគុណដល់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមិនប្រកាន់ ឬរើសអើងពូជសាសន៍ដទៃ ក្នុងពេលជួបគ្រោះភ័យអាសន្ន។
ចំពោះអត្ថន័យបទចម្រៀង “WESTERDAM THANK YOU CAMBODIA” ក្រោមមេឃតែមួយ រួមគ្នាជួយគិតដោះស្រាយ បញ្ហាទាំងឡាយ ខ្វល់ខ្វាយឱ្យបានធូរស្បើយ ប្រទេសតូចពិតតែ ចិត្តមិនចង្អៀតឡើយ សន្តិភាពកម្ពុជា ត្រូវដោះស្រាយជោគជ័យ បេះដូងគុណធម៌ មនុស្សធម៌ សម្ដេចតេជោ ដ៍ថ្លាថ្លៃ លោកមិនរើសអើងពូជសាសន៍ដទៃ ក្នុងពេលទុក្ខភ័យ ជួបក្ដីអាសន្ន មនុស្សជាតិក្នុងលោក រភើបពេកពន់ រីករាយអគុណគ្នាអ្វីប្រៀបបានឡើយ។ បទចម្រៀង WESTERDAM THANK YOU CAMBODIA ទទួលបានកោតសរសើរនិងគាំទ្រ យ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូន និងមហាជនគ្រប់មជ្ឈដ្ឋានដោយពួកគាត់បានលើកឡើងថា ក្រៅពីកាន់កម្មវិធី “ចម្រៀងគ្រួសារខ្មែរ” ឲ្យល្បីល្បាញដែលកម្មវិធីនោះ តែងតែមានតារា ចម្រៀងល្បីៗក្មេងចាស់ជាច្រើនហើយនោះ លោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ ឆ្លៀតដាក់មួយបទខាងលើ ធ្វើឲ្យចាក់ចំបេះដូងកូនខ្មែរ ឲ្យចងចាំមិនភ្លេចទៀតក្នុងព្រឹត្តិការណ៍១៣ កុម្ភៈ៕ ដោយ៖ បូរិន/Ha