ដោយ:ពៅនិមល/ភ្នំពេញ:លោកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាលើកឡើងថារដ្ឋាភិបាលនឹងធ្វើកំណែទម្រង់បន្ថែមទៀតក្នុងកញ្ចប់ទី២បន្ថែមលើកំណែទម្រង់កាលពីឆ្នាំមុនដើម្បីជួយដល់វិស័យឯកជន។ជាពិសេសក្នុងស្ថានភាពដែលកម្ពុជាកំពុងប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃមេរោគ កូរ៉ូណា ឬហៅថា កូវីត។
ក្នុងវេទិកាស្តីពីគយកម្ពុជាលើកទី១កាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២០កន្លងទៅនេះនៅសណ្ឋាគារភ្នំពេញលោកបណ្ឌិតគុណញឹមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានមានប្រសាសន៍ថាក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគខាងលើបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចកម្ពុជាហើយវិស័យសហគ្រាសធុនតូចនិងមធ្យមឬហៅថា អេសអិមអ៊ី (SME) អាចនឹងរងផលប៉ះពាល់ផងដែរ។
លោកបន្តថាគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំដាក់ចេញនូវវិធានការមួយចំនួនសំដៅជំរុញការអភិវឌ្ឍវិស័យSMEឱ្យកាន់តែមានប្រសិទ្ធភាពដោយសារSMEដើរតួនាទីយ៉ាងសំខាន់ជួយជំរុញកំណើនសេដ្ឋកិច្ច។បង្កើនការងារនិងផលិតទំនិញសម្រាប់ប្រើប្រាស់ក្នុងស្រុកព្រមទាំងនាំចេញ។
យ៉ាងណាក្តីក្រៅពីវិធានការបង្កើនយន្តការអនុវត្តការលើកទឹកចិត្តផ្នែកគយដល់វិស័យSMEលោកមិនបានបង្ហាញវិធានជាក់លាក់នោះទេ។គ្រោងនឹងប្រកាសនៅក្នុងវេទិការដ្ឋាភិបាលនិងវិស័យឯកជនលើកទី១៩នៅដើមខែមេសាខាងមុខ។ជាមួយគ្នានេះលោកបានប្រាប់ឱ្យSMEលើកជាបញ្ហាឱ្យរដ្ឋាភិបាលដោះស្រាយដើម្បីជំរុញការអភិវឌ្ឍSMEឱ្យកាន់តែលឿននិងមានប្រសិទ្ធភាពផងដែរ។
លោកគិតម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជាបានកត់សម្គាល់នូវសារៈសំខាន់នៃយន្តការដៃគូគយ-ផ្នែកឯកជនដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១០និងបានធ្វើការវាយតម្លៃខ្ពស់នូវវិធានការជាបន្តបន្ទាប់ដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានដាក់ចេញ។ដើម្បីកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា។
នៅក្នុងវេទិការដ្ឋាភិបាលនិងវិស័យឯកជន កាលពីឆ្នាំ២០១៩កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកំណែទម្រង់ជិត២០ចំណុច សម្រាប់វិស័យឯកជនរួមមាន៖ កាត់បន្ថយថ្លៃអគ្គិសនីលើកលែងពន្ធលើប្រាក់បំណាច់អតីតភាពការងារ។កាត់បន្ថយថ្ងៃឈប់សម្រាកបុណ្យទានប្រចាំឆ្នាំ កាត់បន្ថយភាពអសកម្មនានារបស់មន្ត្រី បន្ថយការស្កេនកុងទឺន័រទំនិញ ការបញ្ចុះថ្លៃលើការឆ្លងកាត់ទំនិញនៅកំពង់ផែ និងថ្លៃដឹកជញ្ជួន រួមទាំងសេវាមួយចំនួនទៀត៕S/