​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៩​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់ ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានលើកឡើង​ពី​ករណី​ស្ត្រី​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ អត់​ផ្លាកលេខ​ហើយ​បាន​ប្រទូសរ៉ាយ ដោយ​ពាក្យសម្តី និង​បាន​វាយ​លើ​ប៉ូលិស​ចរាចរណ៍ ក្នុងពេល​ប៉ូលិស​ចរាចរណ៍​ចាប់​ផាកពិន័យ ដោយសារតែ​ស្ត្រី​នោះ បើកបរ​ម៉ូតូ​ដែល​មិនមាន ផ្លាកលេខ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពីពេល​ថ្មីៗ​នេះ នៅ​រាជធានី​ភ្នំពេញ​។​

​ករណីនេះ​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​សរសើរ​ដល់​ប៉ូលិស​ចរាចរណ៍​ដែល​បាន រក្សា​ភាពទន់ភ្លន់ តែ​ម៉ឹងម៉ាត់ ហើយ​សម្តេច​ក្រឡាហោម បាន​លើកឡើងថា​មានតែ​ប៉ូលិស ស្រុក​ខ្មែរ​យើង​ទេ ដែល​ស្លូត​ជាងគេ ក្នុង​បណ្តា​ប៉ូលិស នៅ​ប្រទេស​នានា​។

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​«​ខ្ញុំ​សូម​សរសើរ​មន្ត្រីនគរបាល​ចរាចរណ៍ របស់​យើង ដែល​ពេលនោះ គឺថា​ប្រកាន់​នូវ​ឥរិយាបថ ម៉ឹងម៉ាត់ ទន់ភ្លន់​តែ​ម៉ឹងម៉ាត់​។ នេះ​ដែល យើង​ចង់បាន​។ យើង​មិនអាច​ទៅ​វាយតប់​ជាមួយ​គាត់​វិញ​បានទេ​។ យើង​ជា​សមត្ថកិច្ច​។ យើង​មាន​ភារកិច្ច ដើម្បី​នឹង​ពន្យល់​គាត់ អំពី​ការអនុវត្ត​ច្បាប់​ហើយ​បើសិនណា​យើង​មាន វិធានការ​ផ្សេង ប្រហែលជា​មានប្រតិកម្ម​មិនល្អ ព្រោះ​មែនទែនទៅ បើ​យើង​ដើរ​ច្រើន​ដែរ នៅ​ប្រទេស​មួយចំនួន ។​ដើរទៅ​គឺថា ប៉ូលិស​ហ្នឹង ប្រហែលជា​មានតែ​ប៉ូលិស​ស្រុក​ខ្មែរ​យើង​ទេ ដែល​ស្លូត​ជាងគេ​។ ប៉ុន្តែ​ប៉ូលិស​ប្រទេស​មួយចំនួន កាច​ណាស់ណា៎​! បើ​ខុស ដាក់​ហើយ គ្មាន​ប្រណី​ទេ​។ កុំ​និយាយ​! អាហ្នឹង គឺ​ការអនុវត្ត​ច្បាប់​។ ប៉ុន្តែ​យើង ទៅ​អង្វរ​ផង​អី​ផង​ជួនកាល ប៉ូលិស​ទៅ​សំពះ​ផង នៅតែ​គាត់​មិន​ព្រមស្តាប់​។ នេះ​ទាល់តែ​យើងទាំងអស់គ្នា ចូលរួម មិនមែន​ថា តែ​សមត្ថកិច្ច​មួយ​មុខ​ទេ​។ អ្នកពាក់ព័ន្ធ​ទាំងឡាយ ក្នុងការ​ប្រើប្រាស់​ផ្លូវ​ហើយ​ជា ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​»​។​

​ជាមួយនឹង​ប្រសាសន៍​ខាងលើ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ប្រកាសថា «​យើង​នឹងធ្វើ ការងារ​ហ្នឹង​តាម​អ្វី ដែល​យើង​បាន​ជម្រាបជូន​ថា យើង​នឹងសិក្សា ដើម្បី​រឹតបន្តឹង​ការផាកពិន័យ ដោយ​គ្មាន​ការយោគយល់​។ អាហ្នឹង ធ្វើ​ឲ្យ​បាន​! ហើយ​ប្តេជ្ញា​ថា នៅ​ឆ្នាំ​២០២០ នេះ គឺ​យើង កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ឲ្យ​បាន កុំ​ឲ្យ​វា​កើត​ទៀត បើទោះបីជា​កំណើន​យាន យន្ត វា​កើន ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង អភិវឌ្ឍន៍​មិនទាន់​សមស្រប​ក៏ដោយ​! តែ​ធ្វើ​ម៉េច​ឲ្យ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ហ្នឹង វា​នៅ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៨​ក្រោម​ឆ្នាំ ២០១៩​។ នេះ​ជាការ​ល្អប្រសើរ​។ អ៊ីចឹង យើង​នឹង​ខិតខំ​លើ​បញ្ហា​នេះ​។ ឥឡូវ ចុះ​ប្រហែល ៣០% ( គ្រោះថ្នាក់​ចរាចរណ៍ ) ម្សិលមិញ ៣២​ភាគរយ​ចុះ​មែនទែន ខែ​មួយ និង​ខែ​ពីរ​ឆ្នាំ​២០២០ មិនមែន​ចុះ​នឹង​ឆ្នាំមុន​ទេ​»​។​

​សូម​រម្លឹកថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៩ បាន​កើនឡើង​ទាំង​ចំនួន​អ្នកស្លាប់ និង​ទាំង ចំនួន​អ្នករបួស​។ នោះ​គឺ​នៅ​ឆ្នាំ​២០១៩ មាន​អ្នកស្លាប់ ១៩៨១​នាក់ កើនឡើង ២២០​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ហើយ​អ្នករបួស មាន​ចំនួន ៦១៤១​នាក់ កើន ១៣៧១​នាក់​បើ​ធៀប​នឹង ឆ្នាំ​២០១៨​។ កំណើន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ឆ្នាំ​២០១៩ ត្រូវបាន​សម្ដេច​ក្រឡាហោម ស ខេង ចាត់ទុកថា គ្រោះថ្នាក់​ចរាចរណ៍ ដល់​ចំណុច​ប្រកាសអាសន្ន​ដែល​ត្រូវ​រួមគ្នា​កាត់បន្ថយ​ហើយ​។​

​ជាការ​ពិត អ្នកដំណើរ​សព្វថ្ងៃ ហាក់ដូចជា​ប្រកាន់យក​ឥរិយាបថ ខ្លាច​ប៉ូលិស ជាង​ខ្លាច​ច្បាប់​។ ពោលគឺ​អ្នកបើកបរ​មួយចំនួន ពិសេស​ម៉ូតូ ពាក់មួក​សុវត្ថិភាព និង​ដាក់​កញ្ចក់​ម៉ូតូ​មើល​ក្រោយ ដោយសារតែ​ខ្លាច​ប៉ូលិស​ចាប់​ប៉ុណ្ណោះ​។ នៅ​ចំណុច​ភ្លើងស្តុប ក៏មាន​អ្នកបើកបរ​មួយចំនួន ទាំង​ឡាន ទាំង​ម៉ូតូ មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​។ តែបើ​មាន​ប៉ូលិស នៅ​ឈរ​ខាងមុខ ទើប​ខ្លាច​។​

​មួយវិញទៀត មហាជន​បានដឹង​ជាទូទៅ​ថា ប៉ូលិស​ចរាចរណ៍​ទាំង​ក្រុមៗ ដែល​ឈរ​ប្រចាំការ នៅ​ចំណុច​ភ្លើងស្តុប នៅ​ផ្លូវបំបែក ហាក់ដូចជា មុខរបរ​ស្របច្បាប់ ក្រោម​ហេតុផល​ថា​ត្រួត ពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​។ ប៉ុន្តែ​មហាជន​បានឃើញ​ប៉ូលិស​ចរាចរណ៍​ទាំងនោះ ឆ្លាស់​វេន​គ្នា ប្រចាំការ ២៤​ម៉ោង នៅតាម​ចំណុច​ភ្លើងស្តុប​មួយចំនួន នៅ​ភ្នំពេញ​ដើម្បី​ចាំ​យក លុយ​ឡាន​ដឹកទំនិញ ឡាន​ដឹក​អ្នកដំណើរ និង​ឡានធំៗ ជាដើម​។​

​ការ​ចាប់ដៃ យកលុយ​ពី​ឡាន​នេះ ធ្វើ​ឲ្យ​តម្លៃ​របស់​ប៉ូលិស​ហាក់ដូចជា​បាត់បង់​ខ្លះ​ដែរ​។ ដោយ សារ​តែ​ទង្វើ​មួយចំនួន ដែល​បង្ហាញ​តាមផ្លូវ​រាល់ថ្ងៃ ហាក់ដូចជា​ធ្វើ​ឲ្យ​ប៉ូលិស​អស់​តម្លៃ​នេះ ហើយ ទើប​មាន​អ្នកដំណើរ​មួយចំនួន ក៏​ពេល​ខ្លួនឯង​ល្មើសច្បាប់​សោះ តែ​ហាក់ដូចជា​មិន ផ្តល់​តម្លៃ​ដល់​ប៉ូលិស​ចរាចរណ៍ ដូច​ករណី​ស្ត្រី​អ្នកបើកបរ​ម៉ូតូ ដែល​សម្តេច​ក្រឡាហោម ស ខេង បានលើកឡើង​ក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ​។​

​និយាយ​ពី​ការប្រកាស​ជាថ្មី​របស់​សម្តេច​ក្រឡាហោម ស ខេង ពី​ការ​រឹតបន្តឹង​ការផាក ពិន័យ ដោយ​គ្មាន​ការយោគយល់ ក្នុង​បំណង​ចង់​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ឆ្នាំ​២០២០ នេះ ត្រូវ​កាត់បន្ថយ​។ ប៉ុន្តែ​កំណើន​គ្រោះថ្នាក់​ចរាចរណ៍​កន្លងមក បង្កដោយ​កត្តា​ច្រើនយ៉ាង ហើយ​ធំជាងគេ គឺ​អ្នកបើកបរ មិន​គោរព​ច្បាប់​ដោយសារតែ​ភាគច្រើន​នៃ​អ្នកបង្ក​គ្រោះថ្នាក់ ទាំងនោះ ហាក់ដូចជា មិនបាន​ឆ្លងកាត់​ការរៀន​បើកបរ​ឲ្យ​បាន​ត្រឹមត្រូវ​ខណៈដែល​ការ អនុវត្ត​ច្បាប់​របស់​យើង ក៏​ហាក់ដូចជា​ធុង​រលុង ព្រោះតែ​រឿង​លុយ​តែមួយ​នេះឯង​។​

​យ៉ាងណា​ក៏ដោយចុះ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​ស្លាប់​មនុស្ស បង្ក​របួស និង​ខូចខាត​ទ្រព្យសម្បត្តិ​ជា​រៀងរាល់​ថ្ងៃនេះ ក្រៅតែពី​វិធានការ​រឹតបន្តឹង​ច្បាប់​ដោយ គ្មាន​ការលើកលែង សំខាន់​ជាងគេ គឺ​អ្នកបើកបរ​ខ្លួនឯង រាប់​ចាប់តាំងពី​អ្នកដើរ និង​អ្នកជិះ​កង់ ត្រូវគោរព​ច្បាប់ យោគយល់​អធ្យាស្រ័យ​គ្នា​។ ប៉ុន្តែ​គោរព​ច្បាប់​ទៅបាន​ទាល់តែ​ចេះដឹង​ពី ច្បាប់​សិន​។ ដូច្នេះ​គួរតែ​បើក​ការបង្រៀន​ពី​ទ្រឹស្តី​ច្បាប់​ចរាចរណ៍ ស្លាក​សញ្ញា​ចរាចរណ៍ និង​រៀន​បើកបរ​ម៉ូតូ និង​ឡាន នៅតាម​សហគមន៍ និង​នៅតាម​ផ្ទះ តាម​ភូមិ ដើម្បី​ឲ្យ​ប្រាកដថា អ្នកបើកបរ​យានយន្ត រាប់ទាំង​ក្មេងៗ ទើប​ដឹងក្តី បាន​ចេះ​ច្បាប់​ស្គាល់​ស្លាក​សញ្ញា​ចរាចរណ៍ ទាំងអស់គ្នា​។ នៅពេល​ចេះដឹង​ពី​ច្បាប់ ពី​ស្លាក​សញ្ញា​ហើយ ទើប​មាន​ការគោរព ដោយ​ដឹង​ខុស ដឹង​ត្រូវ​៕ ដោយ​:​ម៉េង​ឆៃ​