អ្នកទេសចរ​របស់​នា​វា WESTERDAM ចុងក្រោយ បាន​មកដល់​ភ្នំពេញ ហើយ​ត្រៀម​ចាកចេញពី​កម្ពុជា​

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: អ្នកទេសចរ​ចុងក្រោយ​របស់​នាវា WESTERDAM ចំនួន ២៣៣​នាក់ នៅ​ល្ងាច​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បានធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ចំនួន​១០ មកដល់​សណ្ឋាគារ សុខា ក្នុង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ត្រៀម​បន្តដំណើរ​តាម​យន្តហោះ​ទៅកាន់​ប្រទេស​របស់​ពួកគេ​រៀងៗ​ខ្លួន​នៅ​ថ្ងៃស្អែក ក្រោយ​ពួកគេ​ទាំងនោះ ត្រូវបាន​ពិនិត្យ​សុខភាព​ពុំ​ឃើញ​មាន​មេរោគ Covid-19​។​

​អ្នកទេសចរ​របស់​នា​វា WESTERDAM ២៣៣​នាក់​ចុង​ក្រោយនេះ បាន​ចាក​ចេញពី​នាវា​នៅឯ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ក្រោម​ការទទួល​ស្វាគមន៍ និង​ជូន​ដំណើរ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ សាធារណការ និង​ដឹកជញ្ជូន​, លោក អូ​ឡែ​ន​ដូ អាស​ហ្វ៊​ដ (Orlando Ashford) នាយក​នាវា Westerdam ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ផ្សេងទៀត​។​

​ពេលធ្វើ​ដំណើរ​មកដល់​សណ្ឋាគារ​សុខា ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ លោ​កក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានរៀបចំ​ឲ្យ​មាន​ទស្សនីយភាព សិល្បៈ​ដូចជា របាំ​អប្សរា របាំ​ប្រពៃណី​ជូន​ពួកគាត់ ទស្សនា​កម្សាន្ត រួមជាមួយ​ក្រុម​ភ្ញៀវ​មក​មុន ដែល​កំពុង​សម្រាក​នៅ​ទីនោះ​ស្រាប់​ផងដែរ ដើម្បី​បំបាត់​កែ​អផ្សុក​។​

​បើតាម​លោក​រដ្ឋមន្ត្រី ថោង ខុន ថា​ ​ការរៀបចំ​ឲ្យ​មាន​ទស្សនីយភាព​សិល្បៈ ជូន​ភ្ញៀវទេសចរ​របស់​នាវា Westerdam នេះ​បន្ថែម​លើ​ការរៀបចំ​ដំណើរ​កម្សាន្ត​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជូន​ពួកគាត់​បាន​ទស្សនា​ទីក្រុង​ភ្នំពេញ​ដ៏​ស្រស់បំព្រង​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សម្រាប់​ភ្ញៀវទេសចរ​កប៉ាល់ Westerdam ដែល​សម្រាក​ចាំជើង​យន្តហោះ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដើម្បី​បំបាត់​កែ​អផ្សុក ក្រៅពី​រដ្ឋបាល​ក្រុង បានរៀបចំ​ឲ្យ​ពួកគាត់​ខ្លះ​បាន​ទៅ​ទស្សនា​ទីក្រុង​, ក្រសួងទេសចរណ៍​បាន​ចែក​សៀវភៅ​ផ្សព្វផ្សាយ​ទេសចរណ៍ ហើយ​ល្ងាច​នេះ​យើង​ក៏​នឹង​រៀបចំ​ឲ្យ​មាន​ទស្សនីយភាព សិល្បៈ​ដូចជា របាំ​អប្សរា របាំ​ប្រ​ពែ​ណី​ជូន​ពួកគាត់ ទស្សនា​កម្សាន្ត​នៅ​សណ្ឋាគារ​ផងដែរ​»​។​

​ចំណែក​អ្នកបម្រើ​ការងារ​នៅលើ​នាវា​ចំនួន ៧៤៧​នាក់ នឹងធ្វើ​ដំណើរ​ត្រឡប់​ទៅវិញ​តាម​កប៉ាល់ Westerdam ឆ្ពោះទៅកាន់​ហ្វីលីពីន​វិញ​។​

​គួរ​បញ្ជាក់ថា នាវា​ទេសចរណ៍​ខ្នាត​យក្ស​របស់​អាម៉េរិក Westerdam បាន​ចូល​សំចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពីសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​នាវា​យក្ស​នេះ​ដឹក​មនុស្ស​សរុប​ជាង ២២០០​នាក់ ក្នុងនោះ​អ្នកដំណើរ ១៤៥៥​នាក់ និង​បុគ្គលិក​កប៉ាល់​ចំនួន ៨០២​នាក់ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះ​ហ្គាំ (​អាម៉េរិក​) និង​ប្រទេស​ថៃ បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ ដោយសារតែ​ការព្រួយបារម្ភ​ថា ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​នៅលើ​នោះអាចមាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី (Covid-19)​។​

​បន្ទាប់ពី​បាន​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ និង​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាព អ្នកទេសចរ​ទាំងនោះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត ឱ្យធ្វើ​ដំណើរ​កម្សាន្ត​ដោយ​សេរី នៅក្នុង​ប្រទេស​កម្ពុជា ឬ​ចាកចេញ​តាម​ជើងយន្តហោះ បើសិនជា​ពួកគេ​ចង់​ចាកចេញ​។​

​ស្ថានទូត​ប្រទេស​ជាច្រើន​ទាំង​អាម៉េរិក និង​អឹ​រ៉ុ​ប សុទ្ធតែ​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ ទឹកចិត្ត​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​ការជួយ​ដល់​នាវា​យក្ស​នេះ ឱ្យ​ចូលចត​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កក​ ,​កក់​ ,​កក្កដ​ ,កករ​...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

៥​ធ្នូ ទិវា​អន្តរជាតិ​នៃ​...

ដោយៈ សុផល​/ភ្នំពេញៈ នៅ​ថ្...

កម្ពុជា​-​ឥណ្ឌា​បន្ដ​វេទិ...

ដោយ​: ជា សីហៈ​/​ភ្នំពេញ​៖...

ឃាត់​ចិន​៥​នាក់ និង វៀតណា...

​  ដោយៈ​ស​រិ​ទ្ធ​/​ភ្...