ដោយ​: ចាន់តូ / ភ្នំពេញ​: ស្ត្រី​ម្នាក់​បើករថយន្ត​កាមរី​បា​ឡែ​ន​បោះពួយ​យ៉ាង​លឿន ខណៈ​មកដល់​ចំណុច​ស្តុ​បណត​ប្រ៊ី​ត​ជ្រុល​ទៅបុក​រថយន្ត កូរ៉េ​មួយ​តោន​កន្លះ​ពេញទំហឹង បណ្ដាល​ឲ្យ​ជ្រុល​ទៅបុក​ខឿន​ចែកផ្លូវ​ក្រឡាប់​អូស​ជាច្រើន​ម៉ែត្រ សំណាងល្អ​មិនមាន​អ្នករបួស​។

​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លួ​វ​២០០៤ កែង និង​ផ្លូវ​ណត​ប្រ៊ី​ត ក្នុង​សង្កាត់​អូរ​បែកក្អម​ខណ្ឌ​សែន​សុខ ។​

​រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ស ស៊េរី​ឆ្នាំ​២០០២ ពាក់​ផ្លាកលេខ ព្រះសីហនុ 2A 4584 បើកបរ​ដោយ​នារី​វ័យក្មេង​ម្នាក់​។ ចំណែក​រថយន្ត​ហ៊ី​យិន​ដាយ មួយ​តោន​កន្លះ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​2AA.0561 បើកបរ​ដោយ​បុរស​ម្នាក់​។​

​ប្រភព​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត កាមរី​បា​ឡែ​ន​បើក​ដោយ​ស្ត្រី​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ទិសដៅ​ពី​កើ​តទៅ​លិច​បោះពួយ​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត កូរ៉េ​មួយ​តោន​កន្លះ​បើក​ដោយ​បុរស​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​ណត​ប្រ៊ី​ត​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ឆ្លង​ជិត​ផុត​ទៅហើយ​បុក​ចំ​ផ្នែក​ចំហៀង​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​កាមរី​បា​ឡែ​ន​ខ្ទាត​ម្ខាង​ផ្លូវ ចំណែក​រថយន្ត​ហ៊ី​យិន​ដាយ​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ខឿន​ផ្លូវ​ក្រឡាប់​ផ្ងា​ជើង​ម្ខាង​អូស​ជាច្រើន​ម៉ែត្រ​សំណាងល្អ​មិន​បង្ករ​ឲ្យ​អ្នកណាម្នាក់​រងរបួស​នោះទេ​។ ម្ចាស់​រថយន្ត​ទាំងសង្ខាង​បាន​លូន​ចេញពី​រថយន្ត​រួច​គេចខ្លួនបាត់​បន្សល់ទុក​រថយន្ត​ចោល​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​បាន​ទាក់ទង​ជំនាញ​ចរាចរ​ណ៏​ផ្លូវគោក​ស្នងការ​រាជធានី​ភ្នំពេញ​មក​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ល​